កម្ពុជា ចំណាយ​ពេល ១០ឆ្នាំ ទើប​អាច​នាំចេញ ស្វាយ និង ចេក ទៅកាន់​ទីផ្សារ​បរទេស

1068

ភ្នំពេញ៖ បច្ចុប្បន្ន កម្ពុជា បាននាំចេញផ្លែស្វាយ និងចេក ទៅកាន់ទីផ្សារបរទេស ដូចជាប្រទេសចិន និងកូរ៉េខាត្បូង និងប្រទេសផ្សេងៗទៀត បានចំនួនរាប់ម៉ឺនតោន និងទទួលបានការកោតសរសើទាំងគុណភាព និងឱជារស។ ប៉ុន្តែទម្រាំនឹងមានថ្ងៃនេះ កម្ពុជាបានស្នើសុំគេ និងតស៊ូមតិ មិនតិចជាង ១០ឆ្នាំនោះទេ។ នេះបើតាមការលើកឡើងដោយលោក ងិន ឆាយ ប្រតិភូរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីសក្តានុពលនាំចេញកសិកផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ នៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។

លោក ងិន ឆាយ បានថ្លែងថា ទន្ទឹមនឹងការកោតសរសើនេះ កម្ពុជា ក៏រងការព្រមានពីអ្នកបញ្ជាទិញមួយចំនួនផងដែរ ដោយសារតែកំហុសឆ្គងកើតឡើងបន្តិចបន្ទួចលើផ្នែកអនាម័យ និងភូតគាមអនាម័យ ដែលអ្នកបញ្ជាទិញទាំងនោះ បានសម្រិតម្រាំងយ៉ាងខ្លាំងលើបញ្ហានេះ។ ទន្ទឹមនឹងនេះដែរ ក៏មានប្រទេសជាច្រើន ក៏បាននិយាយមិនល្អ និងមិនគាំទ្រសូម្បីមួយមាត់ ចំពោះផលិត​ផលកសិកម្មកម្ពុជា ពោលគឺពួកគេតែងនិយាយពីចំណុចអវិជ្ជមានផលិតផលរបស់កម្ពុជា ជាឧទាហរណ៍ ផ្លែស្វាយ និងចេក នេះឯង។ ចំពោះបញ្ហានេះ ក្នុងនាមមន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម លោក ងិន ឆាយ បានបង្ហាញនូវការឈឺចាប់ខ្លាំង ដែលប្រទេសជាច្រើន មិនសូវទទួលស្គាល់ផលិតផលកសិកម្មខ្មែរ។

លោកបន្តថា លោកផ្ទាល់ ធ្លាប់បានទៅចរចាទាក់ទងនឹងការបើកទីផ្សារផលិតផលកសិកម្មកម្ពុជា ក្នុងឆាកអន្តរជាតិ ដូច្នេះ លោក ដឹងថា បរទេសនិយាយយ៉ាងម៉េចចំពោះផលិតផលកសិកម្មកម្ពុជា។ បរទេស តែងនិយាយអាក្រក់ថា កុំនាំផ្លែស្វាយ និងចេកពីកម្ពុជា ព្រោះមានរោគ ហើយបាញ់ថ្នាំពុលច្រើនណាស់ ហើយពួកគេ មិនដែលនិយាយថា ជួយនាំស្វាយ និងចេកពីកម្ពុជាឡើយ ហើយក៏មិនដែលសរសើរថា ស្វាយ និងចេកកម្ពុជា មានគុណភាពល្អដែរ។ ចំណុចនេះ លោក បានឈឺចាប់ និងបានប្រឹងប្រែងទម្រាំដូចសព្វថ្ងៃនេះ។

អគ្គនាយកដ្ឋានកសិកម្មរូបនេះ បញ្ជាក់ថា និរន្តរភាពទីផ្សារ គឺជាកត្តាសំខាន់ខ្លាំង ដើម្បីកុំឱ្យគេសម្លាប់ទីផ្សារផលិតផលកសិកម្មកម្ពុជា ហើយលោក កំពុងតែមានការព្រួយបារម្ភធ្ងន់ធ្ងរមែនទែនលើបញ្ហានេះ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាអង្គភាពពាក់ព័ន្ធនានា ត្រូវគិតរួមគ្នាផងដែរ អំពីការដាំផលិតកសិកម្ម ដើម្បីអាចឈានចូលទៅទីផ្សារជាតិ-អន្តរជាតិបាន បើមិនដូចនេះទេ គេនឹងបំផ្លាញវិស័យកសិកម្មកម្ពុជាមិនខានឡើយ។ ទន្ទឹមនឹងនេះ ក៏មិនត្រូវឱ្យអ្នកណាម្នាក់ ប្រើបច្ចេកទេសផ្តេសផ្តាស ដើម្បីបំផ្លាញទាំងប្រព័ន្ធបរិស្ថាន និងគុណភាពផ្នែកផលិតផលកសិកម្មឡើយ ជាពិសេសបំផ្លាញទីផ្សារកម្ពុជាក្នុងឆាកអន្តរជាតិ។

សូមបញ្ជាក់ថា នៅរយៈពេល ជាង ៩ខែឆ្នាំ២០១៩ កម្ពុជាបាននាំចេញផ្លែស្វាយជាង ៤,៤ ម៉ឺនតោន ទៅកាន់ទីផ្សារប្រទេសវៀតណាម ថៃ និងសិង្ហបុរី។ កាលពីពេលថ្មីៗនេះ ស្ថានទូតចិន ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា មានសក្ដានុពល ក្នុងការនាំចេញផ្លែស្វាយជាង ៥០ម៉ឺនតោន ទៅកាន់ប្រទេសចិន ជារៀងរាល់ឆ្នាំ ហើយប្រទេសចិន នឹងបើកចំហទីផ្សារជូនដល់ ផលិតផលកសិកម្មកម្ពុជា កាន់តែច្រើនទៀត នៅពេលខាងមុខ។ ក្រៅពីនោះ ផ្លែស្វាយរបស់កម្ពុជា ក៏បានធ្វើការនាំចេញទៅកាន់ទីផ្សារប្រទេសកូរ៉េខាងត្បូង៕

ដោយ៖ គង់ ប៊ុនណា