ក្រុមហ៊ុន​​​ AIAI ទទួលបាន​​ វិញ្ញាបនបត្រ​​​ ផែនការ​មេ​ សាង​សង់ អាកាសយានដ្ឋាន​ថ្មី នៅ​ខេត្តសៀមរាប

971

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានប្រគល់វិញ្ញាបនបត្រផែនការមេសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប ដល់ក្រុមហ៊ុន Angkor International Airport Investment ដោយមានលោក លូ វី (Lu Wei) ប្រធានក្រុមប្រឹក្សាភិបាល ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមហ៊ុនទទួលសិទ្ធិវិនិយោគ បាននិងកំពុងចាប់ផ្តើមដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ចាប់តាំងពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២០ មកម្លេះ ដោយគ្រោងបញ្ចប់ការសាងសង់ឱ្យរួចរាល់ជាស្ថាពរនៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៣ ដោយប្រើពេលវេលាទាំងអស់រយៈពេល ៣៦ ខែ។

ចំពោះដំណើរការសាងសង់ ក្រុមហ៊ុន បានសហការយ៉ាងជិតស្និតជាមួយក្រុមការងារបច្ចេក​ទេសរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដោយផ្តោតសំខាន់ទៅនឹងការបំពាក់ឧបករណ៍បច្ចេកទេស និងរចនាបទអាកាសយានដ្ឋាន។

សូមបញ្ជាក់ថាអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ ត្រូវបានសាងសង់នៅលើទីតាំងនៅជាប់ព្រំប្រទល់ស្រុកបី គឺស្រុកសូទ្រនិគម ស្រុកជីក្រែង និងស្រុកស្វាយលើ របស់ខេត្តសៀមរាប លើផ្ទៃដីទំហំ ៧០០ហិកតា ក្នុងចំណោមផ្ទៃដីសរុប ១៧០០ហិកតា ដោយគ្រោងចំណាយទុនវិនិយោគប្រមាណ ៩០០លានដុល្លារអាមេរិក៕

អត្ថបទ៖ សិរី វឌ្ឍ