ពីខាតបង់ ប្រែក្លាយទៅជាតំបន់ដ៏មានសក្ដានុពល នៅ​ ស្រុកបន្ទាយស្រី នៃ ខេត្តសៀមរាប

1767

សៀមរាប៖ យោងតាមអភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ ក្នុងរយៈពេល១០ខែចុងក្រោយ សហគមន៍ទេសចរណ៍បឹងឈូកបន្ទាយស្រី បានប្រែក្លាយពីសហគមន៍ដែលធ្លាប់តែខាតបង់ ឬមិនទទួលបានប្រាក់ចំណេញ ទៅជាសហគ្រាសសង្គមមួយប្រកបដោយសក្តានុពលធំធេង សម្រាប់អភិវឌ្ឍសហគមន៍ ផ្តល់ការងារថ្មី បង្កើតមុខរបរបន្ថែម និងអនុញ្ញាតឱ្យសហគមន៍អាចមានមូលនិធិផ្ទាល់ខ្លួន ដើម្បីការងារអភិរក្ស និងថែរក្សាផលប្រយោជន៍រួមរបស់សហគមន៍។ រីឯ ប្រាក់ចំណូលកើនឡើង ក៏មានការកើនឡើងជិត ៤០០% ផងដែរ។

សហគមន៍ទេសចរណ៍បឹងឈូកបន្ទាយស្រី មានសមាជិកជិត ២០០នាក់នេះ។ ទីនេះ គឺជាប្រតិបត្តិករនៃរមណីយដ្ឋានបឹងឈូកបន្ទាយស្រី ដែលកំពុងទាក់ទាញភ្ញៀវទេសចរ ទៅលេងកម្សាន្ត ពី៥០០នាក់ ទៅ១០០០នាក់ ក្នុងមួយថ្ងៃៗ ដោយសារតែសម្រស់ធម្មជាតិព្រៃភ្នំដ៏ស្រស់ស្អាត ផ្ទៃបឹងធំល្វឹងល្វើយ ខ្យល់អាកាសល្អបរិសុទ្ធ មានរៀបចំជាកញ្ចុះបណ្តែតទឹក និងសេវាម្ហូបអាហារគ្រប់ប្រភេទ រួមនឹងការជិះទូកកម្សាន្តទស្សនាព្រៃកោងកាង សត្វស្លាប និងជីវៈចម្រុះច្រើនប្រភេទ។ សហគមន៍នេះ ក៏ត្រូវបានបង្កើតឡើងក្នុងគោលបំណងការពារថែរក្សា អភិរក្សជីវចម្រុះ និងពូជត្រីនៅក្នុងតំបន់នេះផងដែរ៕

អត្ថបទ៖ លាភ