វិនិយោគិន​ចិន បាន​សម្រុក​ត្រលប់មក ​ខេត្តព្រះសីហនុ​ វិញ ក្រោយ​ស្ថានភាព​ កូវីដ១៩ មាន​ភាពធូរស្រាល

1024

ព្រះសីហនុ៖ វិនិយោគិនចិនជាច្រើន បានវិលត្រលប់មកកាន់ខេត្តព្រះសីហនុវិញ ក្រោយស្ថានភាពកូវីដ១៩ មានភាពធូរស្បើយ នេះបើយោងតាមការឱ្យដឹងពីរដ្ឋបាលខេត្តព្រះសីហនុ។

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា ចាប់ពីថ្ងៃទី ២៣ ឧសភា ដល់ថ្ងៃទី ១៣ មិថុនា មានជនជាតិចិនចំនួន ១០៦៦ នាក់ ក្នុងនោះមានស្រី ២២៩នាក់ បានវិលត្រឡប់មកខេត្តព្រះសីហនុវិញ តាមជើងហោះហើរត្រង់ពីប្រទេសចិន។ ជនជាតិចិនដែលវិលត្រឡប់មកវិញនេះ ពួកគាត់ភាគច្រើនជាអ្នកធ្វើជំនួញ និងជាអ្នកធ្វើការងារផ្សេងៗ។

បើតាមលោក ឃាង ភារម្យ ​ក្នុង​ ១​សប្ដាហ៍ ​មាន​ជនជាតិ​ចិន ​ធ្វើ​ដំណើរ​តាម​ជើង​ហោះហើរ​ត្រង់​ពី​ប្រទេស​ចិន​ មកកាន់​ខេត្ដ​ព្រះសីហនុ​មាន​ចន្លោះ​ពី ៣-៤ ​ជើង​ហោះហើរ​។ លោក បញ្ជាក់ផងដែរថា អាជ្ញាធរ ​ក៏បានធ្វើការត្រួតពិនិត្យ​សុខភាព​ជនជាតិ​ចិនទាំងនោះ ​យ៉ាង​យក​ចិត្ដ​ទុកដាក់​ និងអនុវត្តតាមវិធានសុខាភិបាល។

សូមបញ្ជាក់ថា បើតាម​លោក​ គួច ចំរើន អភិបាលខេត្ដ​ព្រះសីហនុ ​​ក្នុង​សន្និសីទ​សារព័ត៌មាននៅ​ថ្ងៃទី​៩ ខែ​មិថុនា​ បានឱ្យដឹងថា ​បច្ចុប្បន្ន ​មាន​ជនជាតិ​ចិន​ប្រហែល​ ១៥ ០០០ ​នាក់​ កំពុង​ស្នាក់នៅ​ក្នុង​ខេត្ដព្រះសីហនុ។ លោក​ អភិបាលខេត្ត បានឱ្យដឹងទៀតថា កាលពី​មុន​មាន​ការរីករាលដាល​ជំងឺ​កូវីដ​១៩ ខេត្តព្រះសីហនុ មាន​ជនជាតិ​ចិន​​ស្នាក់នៅ និង​ទេសចរ​ជាង​ ២ ​លាន​នាក់​៕