អ្នកទេសចរ ប្រទះឃើញហ្វូងសត្វជាច្រើនប្រភេទនៅ តំបន់វាលធំ នៃ ឧទ្យានជាតិវីរៈជ័យ

1407

រតនគិរី៖ វាលធំ នៃឧទ្យានជាតិវីរៈជ័យក្នុងភូមិសាស្រ្ត ខេត្តរតនគិរី បាននិងកំពុងទាក់ទាញអ្នកដំណើរកម្សាន្តជាមួយធម្មជាតិជាច្រើន។

អ្នកទេសចរជាតិ និងអន្តរជាតិ នៅក្នុងពេលថ្មីៗនេះ បានសម្ដែងការសប្បាយ រីករាយចំពោះដំណើរកម្សាន្ត សម្រាកលំហែរកាយជាមួយធម្មជាតិវាលស្មៅ និងព្រៃធំដ៏ល្អស្អាតនៃតំបន់វាលធំ។ លើសពីនេះនៅក្នុងតំបន់នេះ ភ្ញៀវទេសចរបានឃើញហ្វូងសត្វខ្ទីង, ស្វាកន្ទុយស, ស្វាព្រាហ្ម, ឈ្លូស, ប្រើស, បានឃើញ និងឮសំឡេងសត្វស្លាប សត្វទោចយំជាច្រើន នៅជុំវិញកន្លែងបោះតង់ និងដំណើរកម្សាន្ត។

យោងតាមការឱ្យដឹងពីលោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរីភ្ញៀវទេសចរចូលមកលេងកម្សាន្ត នៅក្នុងតំបន់ការពារធម្មជាតិឧទ្យានជាតិវីរ:ជ័យ និងឧទ្យានជាតិវើនសៃ-សៀមប៉ាង គិតចាប់ពីខែមករា រហូតដល់ខែ កក្កដា ឆ្នាំ២០២០ មានចំនួន ២៧ក្រុម មានចំនួនមនុស្សសរុប១០៧នាក់ ក្នុងនោះមានស្រ្តី៤១នាក់ (ភ្ញៀវជាតិចំនួន៦៣នាក់)។ ដោយឡែកនៅតំបន់វាលធំ នៃឧទ្យានជាតិវីរ:ជ័យ មានអ្នកទេសចរជាក្រុម ចំនួន១០ក្រុម ចំនួនមនុស្ស៦៨នាក់។

យើងអាចធ្វើដំណើរទៅទស្សនាសម្រស់ធម្មជាតិទាំងនេះបាន ដោយធ្វើដំណើរចេញពីស្រុកតាវែង ទៅដល់វាលធំ ចម្ងាយផ្លូវ ៣២គីឡូម៉ែត្រ។ លោកអ្នក អាចជិះម៉ូតូដល់វាលធំក្នុងករណីអត់ភ្លៀង បើករណីមានភ្លៀង ជិះម៉ូតូបាន ១៨គីឡូម៉ែត្រដល់ជើងភ្នំជីអីក ត្រូវដើរពីជើងភ្នំទៅវាលធំ ១៤គីឡូម៉ែត្រ៕

អត្ថបទ៖ លាភ