រយៈពេល​៦ខែ កម្ពុជា នាំចេញ​អង្ករជិត ៤០ម៉ឺនតោន កើន​ឡើង ៤១,២៥% ធៀបនឹង​ឆ្នាំមុន

1011

ភ្នំពេញ៖ លទ្ធផលនៃការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារបរទេស ដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យ ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២០ សម្រេចបានចំនួន ៣៩៧.៦៦០តោន កើនឡើងប្រមាណ ១១៦.១២២តោន ស្មើនឹង ៤១,២៥% ដែលធៀបទៅនឹងរយៈ៦ខែដើមឆ្នាំ២០១៩ មានចំនួន ២៨១ .៥៣៨តោន។ នេះបើតាមការឱ្យដឹងពីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។

បើតាមក្រសួងកសិកម្មថា សម្រាប់ខែមិថុនា ឆ្នាំ២០២០ សម្រេចការនាំចេញអង្ករ បានចំនួន ៤១. ៥៦៣តោន កើនឡើងចំនួន ១០.១៩៧តោន ដែលក្នុងនោះមាន អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៤១.៨៦៤តោន, អង្ករចម្រុះគ្រប់ប្រភេទមានចំនួន ៨.៧៥២តោន, អង្ករចំហ៊ុយមានចំនួន ៩២៤តោន និងអង្ករក្រហមមានចំនួន ២៣តោន។

ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល ៦ខែនេះ មានចំនួន ៥៦ប្រទេស នៅក្នុងសហភាពអ៊ឺរ៉ុប មានប្រទេសចំនួន ២៤ក្នុងចំណោម ២៨ប្រទេស, ប្រទេសចិន, ប្រទេសសមាជិកអាស៊ានចំនួន ៦ និងនៅទ្វីបដទៃទៀតចំនួន ២៥ប្រទេសផងដែរ។ ទន្ទឹមនឹងនេះ ក៏មានក្រុមហ៊ុនចំនួន ៥ ក្នុងចំណោម ៦៦ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ ។

សូមបញ្ជាក់ថា ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ៦ខែដើមឆ្នាំដូចគ្នាប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មានកំណើននៅគ្រប់គោលដៅនាំចេញទាំងអស់ ដោយនៅសហភាពអ៊ឺរ៉ុបកើនឡើងចំនួន ៤៥,១៩ភាគរយ, ប្រទេសចិនកើនចំនួន ២៥,២០ភាគរយ, បណ្តាប្រទេសសមាជិកអាស៊ានកើនចំនួន ៤៧,៦៩ភាគរយ, និងគោលដៅដ៏ទៃទៀតបានកើនឡើងចំនួន ៧៩,២៦ភាគរយ៕

ដោយ៖ គង់ ប៊ុនណា