គណបក្ស ដែល​ជ្រើសរើស ម្ចាស់​ក្ស​ត្រី អ៊ូ​បុល​រតនា ធ្វើជា​បេក្ខជន​នាយករដ្ឋមន្ត្រី អាចនឹងត្រូវរំលាយ​​ចោល តាមច្បាប់​បោះឆ្នោត​

1940

ប្រទេសថៃ​៖ គណបក្សនយោបាយ​ថៃ ដែល​បានជ្រើសរើស ម្ចាស់​ក្ស​ត្រី អ៊ូ​បុល រតនា ធ្វើជា​បេក្ខជន​នាយករដ្ឋមន្ត្រី អាច​នឹងត្រូវ​ហាមឃាត់ មិនឱ្យ​ចូលរួម​ការបោះ​ឆ្នោតជាតិ នៅក្នុង​ខែមីនា​ខាងមុខនេះ បន្ទាប់ពី​សកម្មជន​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា នឹងដាក់​ញត្តិ​មួយ​ដើម្បី ស្វែងរក​ការរំលាយ​គណបក្ស​នេះ​ចោល​។​

គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​របស់​ប្រទេស​ថៃ នឹង​ជួបប្រជុំគ្នា​នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ពិចារណា​ពី​បេក្ខភាព​របស់​ម្ចាស់​ក្ស​ត្រី អ៊ូ​បុល រតនា មាន​ព្រះ​ជន្មា ៦៧ ឆ្នាំ ដែល​បានធ្វើឱ្យ​ប្រទេស​ថៃ មានការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន នៅពេល​ក្ស​ត្រី​អង្គ​នេះ បាន​និយាយថា នឹង​ឈរឈ្មោះ​ធ្វើជា​បេក្ខជន នាយករដ្ឋមន្ត្រី របស់​គណបក្ស​ដែល​ស្មោះត្រង់ ជាមួយ​លោក​ថាក់ស៊ីន​ស៊ីណាវ៉ាត្រា អតីត​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​ថៃ​។​

ម្ចាស់​ក្ស​ត្រី អ៊ូ​បុល រតនា

មួយ​ម៉ោង​ក្រោយពី​ការប្រកាស​នេះ ព្រះមហាក្សត្រ​ថៃ ដែលជា​ប្អូនប្រុស បានចេញ​សេចក្តីថ្លែងការណ៍​ប្រឆាំង​ជំទាស់ ដោយមាន​ព្រះបន្ទូល​ថា វា​ជា​រឿង​មិន​សមរម្យ សម្រាប់​សមាជិក​រាជវង្សានុវង្ស ក្នុងការ​ចូលរួម​ក្នុង​ឆាកនយោបាយ​។​

​កាលពី​ថ្ងៃអាទិត្យ​សកម្មជន​ម្នាក់ បាន​និយាយថា រូបលោក​នឹងដាក់​ញត្តិ​មួយ ដើម្បី​ដកហូត​តំណែង​គណបក្ស​ភឿ​ថៃ ដែល​ត្រូវបានតែងតាំង ម្ចាស់​ក្ស​ត្រី​អង្គ​នោះ​ធ្វើជា​បេក្ខជន​នាយករដ្ឋមន្ត្រី​។​

​លោក Srisuwan Janya អគ្គលេខាធិការ​សមាគម​ការពារ​រដ្ឋធម្មនុញ្ញ បាន​ប្រាប់​រ៉​យ​ទ័​រថា “​សេចក្តីប្រកាស​របស់​ព្រះមហាក្សត្រ បានបញ្ជាក់​យ៉ាងច្បាស់​ថា គណបក្ស​នេះ បាន​រំលោភច្បាប់​បោះឆ្នោត​”​។​

​លោក Srisuwan បាន​មានប្រសាសន៍ថា លោក​បានដាក់​ពាក្យបណ្តឹង ទៅ​គណៈកម្មាធិការ​បោះឆ្នោត ស្នើឱ្យ​តុលាការ​ធម្មនុញ្ញ រំលាយ​គណបក្ស​នេះ​ចោល​។​

​ប្រធាន​ប្រតិ​ប​តិ្ត​របស់​គណបក្ស​នេះ គឺ​លោក Chaturon Chaisaeng បាន​បដិសេធ​មិន​ធ្វើការ​អត្ថាធិប្បាយ​។​

​គណបក្ស​នេះ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​សៅរ៍​ថា “​ទទួលយក​ដោយ​អំណរគុណ ចំពោះ​សារ​របស់​ព្រះមហាក្សត្រ ហើយនឹង​គោរព​តាម​បទបញ្ជា នៃ​ការបោះឆ្នោត និង​ប្រពៃណី​រាជបល្ល័ង្ក​៕” ​