អ្នកជាសះស្បើយពី COVID-19 ច្រើនជាងចំនួនឆ្លង នៅក្នុងរយៈពេលបួនថ្ងៃជាប់ៗគ្នា

1723

អាជ្ញាធរចិនបានបញ្ចេញរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនឲ្យដឹងថា អត្រាអ្នកដែលជាសះស្បើយពីជំងឺ COVID-19 នៅតែបន្តស្ថិតនៅខ្ពស់ជាង អត្រាឆ្លងថ្មីៗនៃវីរុសនេះ បួនថ្ងៃជាប់ៗគ្នាហើយ នៅទូទំាងប្រទេសចិន ដែលនេះជាសញ្ញាដ៏ល្អបន្ថែមទៀត ឈានទៅរកការកាត់បន្ថយចំនួនអ្នកឆ្លង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរនាព្រឹកថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២០។

នារយៈពេលពេញមួយថ្ងៃសុក្រម្សិលមិញនេះ អ្នកជំងឺសរុប ២,៣៩៣នាក់បន្ថែមទៀតត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេបានជាសះស្បើយឡើងវិញ ដែលនេះជាចំនួនមួយច្រើនជាង ចំនួនអ្នកដែលបានឆ្លងថ្មីនៅថ្ងៃដដែល ដែលមានត្រឹមតែ ៣៩៧ករណីប៉ុណ្ណោះ។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរចិនដែលបានបញ្ចេញរបាយការណ៍ខាងលើនេះ បានគូសបញ្ជាក់ថា ចំនួនសរុបនៃអ្នកជំងឺដែលត្រូវបានគេអនុញ្ញាតឲ្យចាកចេញពីមន្ទីពេទ្យ បន្ទាប់ពីពួកគេបានជាសះស្បើយឡើងវិញមានចំនួន ២០,៦៥៩នាក់ បើគិតត្រឹមថ្ងៃសុក្រម្សិលមិញ។ ដោយឡែកចំនួនអ្នកស្លាប់សរុបបានកើនឡើងដល់ ២,៣៤៥នាក់ ខណៈអ្នកករណីឆ្លងនៅទូទាំងប្រទេសចិនវិញនោះ ក៏បានកើនឡើងដល់ ៧៦,២៨៨នាក់ផងដែរ៕