AFC U-19 ជុំផ្ដាច់ព្រ័ត្រ កំណត់ថ្ងៃចាប់ឆ្នោត និងប្រកួត ខណៈកម្ពុជាត្រៀមចូលរួមលើកទី៤

672

(ភ្នំពេញ)៖ ពិធីចាប់ឆ្នោត និងកាលបរិច្ឆេទប្រកួតជុំវផ្ដាច់ព្រ័ត្រនៃពានរង្វាន់បាល់ទាត់យុវជនជើងឯកអាស៊ីអាយុក្រោម ១៩ឆ្នាំ ឆ្នាំ២០២០ AFC U-19 Championship Uzbekistan 2020 បានកំណត់រួចហើយ គ្រាដែលក្រុមគោព្រៃជំទង់កម្ពុជា ក៏ត្រៀមចូលរួមលើកទី៤ ក្រោយខកខានអស់រយៈពេល ៤៥ឆ្នាំផងដែរ។

តាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានឲ្យដឹងថា ចំពោះពិធីចាប់ឆ្នោតជុំផ្ដាច់ព្រ័ត្រដែលមាន ១៦ប្រទេសចូលរួម គ្រោងនឹងធ្វើនៅថ្ងៃទី១៨ ខែមិថុនាខាងមុខ។ រីឯកាលបរិច្ឆេទការប្រកួតវិញ គឺរក្សានៅដដែល ចាប់ផ្ដើមពីថ្ងៃទី១៤-៣១ ខែតុលា ឆ្នាំ២០២០ នៅទឹកដីម្ចាស់ផ្ទះអ៊ូសបេគីស្ថាន។

ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា នឹងត្រូវតតាំងជាមួយក្រុមខ្លាំងៗប្រចាំទ្វីប ១៥ក្រុមផ្សេងទៀត ដែលឡើងមកពីវគ្គជម្រុះ រួមមានក្រុម U-19 អ៊ីរ៉ាក់ កាតា តាហ្ស៊ីគីស្ថាន អ៊ីរ៉ង់ បារ៉ែន អារ៉ាប៊ីសាអូឌីត ម៉ាឡេស៊ី អូស្រ្ដាលី សាធារណរដ្ឋកូរ៉េ ជប៉ុន និងឥណ្ឌូនេស៊ី ឡាវ វៀតណាម យេម៉ែន និងអ៊ូសបេគីស្ថាន។

គួរដឹងថា នេះជាលើកទី៤ ហើយ ដែលក្រុមគោព្រៃជំទង់កម្ពុជា បានឈានដល់ជុំផ្ដាច់ព្រ័ត្រ ឬវគ្គ ១៦ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ខាងលើ បន្ទាប់ពីក្រុម U-19 កម្ពុជា បានធ្វើការប្រកួតដ៏ស្វិតស្វាញក្នុងវគ្គជម្រុះ នៅរាជធានីភ្នំពេញកាលពីឆ្នាំ២០១៩ ហើយបានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ២ ក្នុងពូល G មុនបូកពិន្ទុក្លាយជាក្រុមលេខ២ ល្អជាងគេក្នុងចំណោម ៥ក្រុម ដែលឡើងមកបង្គ្រប់កៅអីជុំផ្ដាច់ព្រ័ត្រ៕