ហេតុផល ៥យ៉ាង ដែលកម្ពុជា មិនបិទ ជើងហោះហើររវាងកម្ពុជា-ចិន ដោយសារ វីរុសកូរ៉ូណា

2029

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា ការបិទជើងហោះហើរ កម្ពុជា-ចិន គឺជាការសម្លាប់សេដ្ឋកិច្ចកម្ពុជា និងផ្ដាច់ទំនាក់ទំនាក់ជាមួយមហាមិត្តចិន នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីជំងឺរលាកផ្លូវដង្ហើមថ្មី ដែលបង្កដោយវីរុសកូរ៉ូណា កលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានជម្រាបជូនជាផ្លូវការអំពីការសម្រេច មិនចាំបាច់បិទជើងហោះហើរតាមអាកាស តាមកប៉ាល់ទឹក តាមផ្លូវគោក ពីចិនមកកម្ពុជា ដោយមូលហេតុថា៖

  • ទី១៖ ចិនជាដៃគូវិនិយោគ ពាណិជ្ជកម្ម និងទេសចដែលបានធ្វើឲ្យកំណើនសេដ្ឋកិច្ចជាតិរីកចម្រើន
  • ទី២៖ ពលរដ្ឋខ្មែរ និងពាណិជ្ជករខ្មែរ ទទួលបាននូវការងារ និងផលប្រយោជន៍វិនិយោគច្រើនពីទំនាក់ទំនងល្អរវាងចិនកម្ពុជា
  • ទី៣៖ មានសិស្ស និងនិស្សិតខ្មែរជាច្រើន ដែលទទួលបានអាហារូបករណ៍កំពុងសិក្សា និងរស់នៅក្នុងប្រទេសចិន
  • ទី៤៖ មានការដឹកជញ្ជូនផ្លាស់ប្តូរទំនិញជាច្រើននាំចេញ និងនាំចូលមកកម្ពុជា ដែលកំពុងបម្រើការទីផ្សារ
  • ទី៥៖ ទំនាក់ទំនងល្អរវាងកម្ពុជា-ចិនកំពុងស្ថិតនៅក្នុងភាពជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ប្រសិនបើកម្ពុជាសម្រេចបិទជើងយន្តហោះ ឬតាមផ្លូវទឹក និងផ្លូវគោក នៅពេលនេះ គឺស្មើនឹងកម្ពុជារត់ចោលមិត្ត ក្នុងគ្រាមានអាសន្ន រីឯកម្ពស់ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរក៏នឹងធ្លាក់ចុះ វិស័យវិនិយោគពាណិជ្ជកម្ម ទេសចរណ៍ និងសេវាកម្មជាច្រើនទៀត នឹងត្រូវជាប់គាំង ហើយចំនួននិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសចិនក៏នឹងធ្លាក់ចុះផងដែរ។

គួរជម្រាបថា បន្ទាប់ពីផ្ទុះជំងឺរលាកផ្លូវដង្ហើម ដែលបង្កដោយវីរុសកូរ៉ូណាថ្មី ហើយមានការរីករាដាលទៅតាមបណ្ដាប្រទេសផ្សេងៗ រួមទាំងកម្ពុជាមួយករណី ទៅលើជនជាតិចិននោះ មានមតិមហាជននៅតាមបណ្ដាញសង្គម បានលើកឡើងដោយស្នើរដ្ឋាភិបាល ផ្អាកការហោះហើរជាបណ្ដោះអាសន្ន ពីទីក្រុងវូហាន និយាយដោយឡែក និងនិយាយជាមួយពីប្រទេសចិនចូលមកកម្ពុជា ព្រោះខ្លាចឆ្លងជំងឺនេះ។

យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ កម្ពុជាមិនទាន់រកឃើញមានករណីកើតជំងឺផ្លូវដង្ហើម «កូរ៉ូណា» ថ្មីនោះឡើយ។ ដោយឡែក បុរសជនជាតិចិនម្នាក់ ដែលរកឃើញកើតមានជំងឺផ្លូវដង្ហើមនេះ កំពុងមានស្ថានភាពសុខភាពល្អប្រសើរផងដែរ មិនមានការវិវឌ្ឍន៍ទៅរកសភាពធ្ងន់ធ្ងរនោះទេ៕