អភិបាលខេត្តកំពត ជំរុញការវិនិយោគ កែច្នៃតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត

619

កំពត៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានជំរុញឱ្យមានការវិនិយោគកែច្នៃតំបន់ទេសចរណ៍ធម្មជាតិបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរ ឱ្យមកលេងកម្សាន្តនៅខេត្តជាប់មាត់សមុទ្រមួយនេះ។

ការជំរុញនេះ បានធ្វើឡើងខណៈដែលលោកអភិបាលខេត្ត បានដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ រួមនឹងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យការវិនិយោគឯកជនអភិវឌ្ឍន៍ និងកែច្នៃតំបន់ទេចរណ៍ធម្មជាតិលើផ្ទៃដី ១៧ហិកតា របស់លោក ខាត់ ប៊ុណ្ណា មានទីតាំងស្ថិតនៅ ភូមិមាត់ពាម ឃុំម៉ាកប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។

លោកអភិបាលខេត្តកំពត បានមានប្រសាសន៍ថា “ខេត្តកំពតមានសក្តានុពលខ្លាំងផ្នែកទេសចរណ៍ ដែលបច្ចុប្បន្នកំពុងមានការពេញនិយមពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត រៀងរាល់ថ្ងៃចុងសប្តាហ៍ ក៏ដូចជាពិធីបុណ្យជាតិផ្សេងៗ។ ដូចនេះការអភិវឌ្ឍ និងការកែច្នៃតំបន់ទេសរចរណ៍ធម្មជាតិ គឺជាកិច្ចការអាទិភាពមួយរបស់រដ្ឋបាលខេត្ត ត្រូវយកចិត្តទុកដាក់ ដើម្បីធ្វើការទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែមានកំណើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ”។

លោក ជាវ តាយ បានបញ្ជាក់បន្ថែមទៀតថា រាល់ការអភិវឌ្ឍន៍ ជាសត្យានុម័តមានការប៉ះពាល់ខ្លះនៅទីតាំងជាក់ស្តែង ជាពិសេសតំបន់នេះមានការពាក់ព័ន្ធនឹងប្រព័ន្ធទឹក ដែលហូរចេញពីព្រែកទឹកឈូ ដែលមានផ្ទៃរងទឹកធំនៅរដូវវស្សា ឬនៅពេលដែលទំនប់វារីអគ្គីសនីកំចាយបើកទ្វារទឹកម្តងៗ ទាមទារឱ្យអ្នកវិនិយោគ និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ រួមគ្នាសិក្សាឱ្យបានច្បាស់លាស់។

លោក អភិបាលខេត្ត មានប្រសាសន៍ណែនាំបន្ថែមដល់អ្នកពាក់ព័ន្ធទាំងអស់ថា៖ ទី១. ការអភិវឌ្ឍនៅតំបន់នេះ មិនឱ្យប៉ះពាល់ជាមួយប្រជាពលរដ្ឋដែលរស់នៅក្បែទីតាំងនេះ និងទី២. ការរៀបចំការអភិវឌ្ឍទាំងអស់នេះ ត្រូវធ្វើឡើងតាមលក្ខណៈបច្ចេកទេស ធានាបាននូវនិរន្តភាព។

លោក បានជំរុញអាជ្ញាធរមូលដ្ឋាន មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ផ្តល់កិច្ចសហការគ្នាល្អប្រសើរ ដើម្បីសម្របសម្រួលដល់ការអភិវឌ្ឍន៍ និងកែច្នៃតំបន់ទេចរណ៍ធម្មជាតិនេះ ទទួលបានជោគជ័យ និងក្លាយទៅជាគោលដៅទេចរណ៍ថ្មីមួយទៀតសម្រាប់ខេត្តកំពតនៅថ្ងៃអនាគត៕