កំពង់ផែ​ស្វយ័ត​ភ្នំពេញ រកបាន​ប្រាក់ចំណេញ​សុទ្ធ ជាង១១លាន​ដុល្លារ ក្នុង​ឆ្នាំ២០១៩

732

ភ្នំពេញ៖ លោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានឱ្យដឹង នៅព្រឹកថ្ងៃទី២៦ ខែមិថុនានេះថា ក្នុងឆ្នាំ២០១៩កន្លងទៅ ចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្ម មានចំនួនជាង ២៧លានដុល្លារ សម្រេចបាន ១១៩,៩៤ភាគរយ នៃការគ្រោងផែនការឆ្នាំ២០១៩ ធៀបទៅនឹងការអនុវត្តឆ្នាំ ២០១៨ កើនឡើងចំនួនជាង ៦លាន ៤សែនដុល្លារ ឬស្មើនឹង៣១,៤៣ភាគរយ។

នៅក្នុងមហាសន្និបាតភាគហ៊ុនិកលើកទី៥ របស់កំពង់ផែស្វយ័តភ្នំពេញ  លោកបានបបញ្ជាក់ថា ចំណែកប្រាក់ចំណេញសុទ្ធ ក្នុងកាលការិយបរិច្ឆេទ មានសរុបចំនួនជាង ១១លានដុល្លារ សម្រេចបាន ១៦៤,៩៤ភាគរយ នៃការគ្រោងផែនការឆ្នាំ២០១៩ និងធៀបនឹងឆ្នាំ២០១៨ កើនឡើងចំនួនជាង៣លាន ៤សែនដុល្លារ ឬស្មើនឹង៤២,៨៤ភាគរយ។ ដោយឡែក ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ក្នុងឆ្នាំ២០១៩ គឺជាង ២.២៨០រៀល ឬស្មើនឹង០,៥៦ដុល្លារ។

សមិទ្ធផលខាងលើ អាស្រ័យដោយកំពង់ផែស្វយ័តភ្នំពេញ តែងប្រកាន់ខ្ជាប់នូវការយកចិត្តទុក​ដាក់ ក្នុងការបម្រើសេវាប្រតិបត្តិការផែ ជូនដល់អតិថិជនប្រកបដោយតម្លាភាព និងភាពឆាប់រហ័ស ដើម្បីឆ្លើយតបយ៉ាងមានប្រសិទ្ធភាព និងទំនុកចិត្តខ្ពស់ ចំពោះតម្រូវការរបស់អតិថិជន។ ជាក់ស្ដែង កំពង់ផែស្វយ័តភ្នំពេញ បានប្រើប្រាស់គ្រប់យន្តការ តាមរយៈការពង្រឹងគុណភាពសេវាកម្ម ការពង្រឹងសមត្ថភាពលើការដាក់ និងការផ្ទេរផ្ទុក ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការជួសជុលថែទាំ ការងារជលធារសាស្ត្រ និងការងារបំពាក់គ្រឿងចក្រ និងឧបករណ៍ថ្មីៗជាដើម។

ទិសដៅការងារអនុវត្តន៍ចម្បង ឆ្នាំ២០២០ របស់កំពង់ផែស្វយ័តភ្នំពេញវិញ លោក ហ៊ឺ បាវី បានឱ្យដឹងថា កំពង់ផែបន្តអនុវត្ត ផែនការសកម្មភាពការងារ តាមផែនការដែលបានគ្រោងទុក ធានាគុណភាពតម្លៃ តម្លាភាព ប្រសិទ្ធភាព និងភាពឆាប់រហ័ស នៃការផ្ដល់សេវាកម្ម ជូនដល់អតិថិជន ពង្រីកសេវាកម្ម និងអាជីវកម្ម ដែលមានស្រាប់ ឲ្យមានលក្ខណៈកាន់តែទូលំទូលាយ និងបង្កើតឲ្យមានសេវាកម្មថ្មីបន្ថែមទៀត ដែលពាក់ព័ន្ធទៅនឹងវិស័យកំពង់ផែ និងភស្តុភាកម្ម ពង្រឹងកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្ត្រជាមួយបណ្ដាកំពង់ផែក្នុងតំបន់ និងកំពង់ផែដទៃទៀតនៅលើពិភពលោក៕

អត្ថបទ ៖ សន ពិសិដ្ឋ