ភ្នំពេញ៖ ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ត្រូវបានអ្នកស្រាវជ្រាវថ្នាក់បណ្ឌិតផ្នែកនយោបាយម្នាក់អះអាងថា ការដាក់ទណ្ឌកម្មនេះ គ្មាននណាក្រៅតែពីប្រជាជនក្រីក្រនោះទេ ដែលនឹងត្រូវរងផលប៉ះពាល់ពីការដាក់ទណ្ឌកម្មនេះ ហើយវាផ្ទុយទៅនឹងអ្វីដែលពួកគេរំពឹងទុក។
របាយការណ៍នៃការសិក្សាស្រាវជ្រាវនេះ បានធ្វើឡើងដោយអ្នកស្រី Cindy Cao សម្រាប់ថ្នាក់បណ្ឌិត ផ្នែកនយោបាយសកលនៅសាកលវិទ្យាល័យ Leicester ដែលត្រូវបានបោះពុម្ពកាលពីខែតុលា ឆ្នាំ២០១៨ ដោយដាក់ចំណងជើងថា «ទណ្ឌកម្មពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបលើកម្ពុជា៖ ការពិភាក្សាលើក្រមសីលធម៌»។
របាយការណ៍នេះ ត្រូវបានកាសែតភ្នំពេញប៉ុស្ដិ៍ ដកស្រងថា ការដក EBA ពីកម្ពុជាប្រៀបបាននឹងអាវុធមុខ ២ ដោយវានឹងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនង ទ្វេភាគីអឺរ៉ុបនិងកម្ពុជា, ធ្វើឲ្យរោងចក្រប្រមាណ ៥០ ភាគរយ ដកខ្លួនចេញពីកម្ពុជាក្នុងរយៈពេល ១៨ ខែនៃនីតិវិធីដក, ធ្វើឲ្យមានគម្លាតភាពក្រីក្រកាន់តែធំ, ធ្វើឲ្យស្ត្រីសហគមន៍ជនជាតិភាគតិច និងជនដែលងាយរងគ្រោះ ទទួលរងខ្លាំងជាងគេ។

របាយការណ៍បានសរសេរទៀតថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ត្រូវបានគេរកឃើញថា ទទួលបានជោគជ័យតែចន្លោះពី ៥ ទៅ ៣០%ប៉ុណ្ណោះ ក្នុងការសម្រេចអ្វីដែលពួកគេចង់បាន ប៉ុន្តែពី ៦៥ ទៅ ៩៥% គឺទទួលបរាជ័យ។ វិធានការបែបបង្ខំ របស់សហភាពអឺរ៉ុបមកលើកម្ពុជា អាចធ្វើឲ្យទទួលផលផ្ទុយ ដោយរដ្ឋាភិបាលអាចនឹងឆ្លើយតប ក្នុងរូបភាពការពារអធិបតេយ្យភាពជាតិ។
អ្នកសរសេររបាយការណ៍បានផ្ដល់យោបល់ថា សហភាពអឺរ៉ុបគួរតែជ្រើសរើសយក ការដាក់ទណ្ឌកម្មដោយផ្នែកណាមួយ និងដោយការប្រុងប្រយ័ត្ន និងចៀសវាងការប៉ះពាល់ដល់ឧស្សាហកម្មសំខាន់ៗ មានដូចជា ឧស្សាហកម្មកាត់ដេរ និងស្បែកជើង ដែលមានប្រមាណ ៧៥% នៃការនាំចេញរបស់កម្ពុជាទៅសហភាពអឺរ៉ុប។ ការដាក់ទណ្ឌកម្មនេះគួរធ្វើឡើងក្នុងរយៈពេលខ្លី បន្តិចម្ដងៗ និងដោយផ្នែក និងត្រូវមានការរំពឹងទុកជាក់លាក់។

ជាមួយគ្នានេះដែរ បើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានអាល្លឺម៉ង់ ឌីដាប់បលយូ (DW) ចេញផ្សាយនៅថ្ងៃទី៤ខែមីនាឆ្នាំ២០១០កន្លងមក បានឱ្យដឹងថា អ្នកជំនាញការនានាបាននិយាយថា ការដាក់ទណ្ឌកម្មទៅលើប្រទេសភូមា ដោយសហភាពអឺរ៉ុប ចាប់តាំងពីឆ្នាំ១៩៩៦មកនោះ គឺជាវិធានការខុសឆ្គង និងផ្តល់ផលអវិជ្ជមានទៅវិញ។
សារព័ត៌មានអាល្លឺម៉ង់មួយនេះ បានពន្យល់ថាគោលបំណងនៃការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប សំដៅធ្វើឱ្យរបបយោធាភូមាចុះខ្សោយ បន្ទាប់ពីពួកគេបានគ្រប់គ្រងប្រទេសចាប់តាំងពីឆ្នាំ១៩៦២មក។ ទោះបីជាយ៉ាងណា អ្នកជំនាញការនានាបាននិយាយនៅឆ្នាំ២០១០នោះថា បន្ទាប់ពីដាក់ទណ្ឌកម្មអស់រយៈពេល១៤ឆ្នាំ វាដល់ពេលដែលគេត្រូវទទួលស្គាល់ថា វាមិនមានប្រសិទ្ធភាពនោះទេ។
«ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងនឹងមីយ៉ាន់ម៉ា វាបរាជ័យយូរណាស់មកហើយ ដូចជាការដាក់ទណ្ឌកម្មភាគច្រើន (ទៅលើប្រទេសផ្សេងទៀត)នោះ។» លោក នីក្លាស ស្វាន់ស្ត្រូម (Niklas Swanström) អ្នកជំនាញការលើបញ្ហាភូមា និងជានាយកវិទ្យាស្ថានសម្រាប់គោលនយោបាយសន្តិសុខ និងការអភិវឌ្ឍ ដែលមានមូលដ្ឋាននៅទីក្រុងស្តុកខូម ប្រទេសស៊ុយអែត បាននិយាយនៅក្នុងរបាយកាណ៍របស់លោក។
ទន្ទឹមនឹងនេះ លោក ម៉ៃខឹល វ៉ុន ហូហ្វ (Michael von Hauff) សេដ្ឋកិច្ចវិទូ និងជាអ្នកជំនាញការលើបញ្ហាភូមានៅសាកលវិទ្យាល័យ ខេសឺរស្លូថឺន (University of Kaiserslautern) នៅប្រទេសអាល្លឺម៉ង់ បាននិយាយថា ការដាក់ទណ្ឌកម្មលើភូមាមិនគ្រាន់តែគ្មានប្រសិទ្ធភាពនោះទេ ប៉ុន្តែជាក់ស្តែងវាផ្តល់ផលអវិជ្ជមានទៅវិញ ហើយធ្វើឱ្យប៉ះពាល់ប្រជាជនភូមាក្រីក្រ ពោលគឺមិនមែនមន្ត្រីរដ្ឋាភិបាលនោះឡើយ។
«ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានធ្លាក់ចុះ ហើយនារីជាច្រើននាក់នៅក្នុងវិស័យវាយនភណ្ឌ (រោងចក្រកាត់ដេរ) បានបាត់បង់ការងារធ្វើ។» លោក ម៉ៃខឹល វ៉ុន ហូហ្វ បាននិយាយប្រាប់សារព័ត៌មាន DW ។
គួររំម្លឹកផងដែរថា សហភាពអឺរ៉ុប បានចាប់ផ្ដើមដំណើរនីតិវិធីរបស់ខ្លួន ក្នុងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ក្រោមហេតុផលនៃការធ្លាក់ចុះ លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា ពាក់ព័ន្ធនឹងការរំលាយបក្សប្រឆាំង, ការចាប់លោក កឹម សុខា, មន្ត្រីក្រុមប្រឹក្សាឃុំសង្កាត់ មកពីបក្សប្រឆាំង ត្រូវអស់តំណែង និងមន្ត្រី CNRP ១១៨ នាក់ ត្រូវអស់សិទ្ធិធ្វើនយោបាយ៕