ភ្នំពេញ៖ បន្ទាប់ពីសហភាពអឺរ៉ុប (EU) បានសម្រេចយកពន្ធលើអង្ករ នាំចូលពីប្រទេសកម្ពុជា អ្នកជំនាញក្នុងឧស្សាហកម្មស្រូវ-អង្ករ ១ រូប បានប្រាប់ទៅកាសែតភ្នំពេញប៉ុស្តិ៍ថា កម្ពុជានៅតែអាចបន្តការនាំចេញអង្ករ ទៅទីផ្សារអឺរ៉ុបដោយរួចពន្ធ តាមរយៈការលក់អង្ករពាក់កណ្តាលសម្រេច ទៅឲ្យក្រុមហ៊ុនរោងម៉ាស៊ីននៅអឺរ៉ុបជំនួសវិញ។
អ្នកជំនាញក្នុងឧស្សាហកម្មស្រូវ-អង្កររូបនោះ គឺលោក សុង សារ៉ន ស្ថាបនិក និងជាប្រធានក្រុមហ៊ុននាំចេញអង្ករ អេមរូ រ៉ាយស៍។ លោកបានលើកឡើងថា វិធានរបស់សហភាពអឺរ៉ុប ទាក់ទងនឹងការដាក់ពន្ធអង្កររបស់កម្ពុជា និងមីយ៉ាន់ម៉ា គឺនៅតែទុកអត្រាពន្ធសូន្យដដែល ប្រសិនបើកម្ពុជាលក់អង្ករពាក់កណ្តាលសម្រេច ទៅឲ្យក្រុមហ៊ុនរោងម៉ាស៊ីន ឬ រោងចក្រកែច្នៃនៅអឺរ៉ុប។ គោលដៅរបស់សហភាពអឺរ៉ុប គឺដើម្បីទប់ស្កាត់ ការដួលរលំនៃក្រុមហ៊ុនកែច្នៃអង្ករ នៅប្រទេសផលិតស្រូវនៅអឺរ៉ុប ដែលមានដូចជា អ៊ីតាលី និង អេស្ប៉ាញជាដើម។
របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា កម្ពុជា បាននាំចេញអង្ករសរុប ៦២៦ ២២៥ តោនកាលពីឆ្នាំ ២០១៨ ក្នុងចំណោមនោះនាំទៅសហភាពអឺរ៉ុបមាន ៤៣% នៃការនាំចេញសរុប ដែលមានចំនួន ២៦៩ ១២៧ តោន។
ការសម្រេចរបស់សហភាពអឺរ៉ុប (EU) យកពន្ធលើអង្ករស(ស្រូវអ៊ីអែរ) របស់កម្ពុជាតែប៉ុណ្ណោះ មិនប៉ះពាល់ដល់អង្ករក្រអូបរបស់កម្ពុជាឡើយ។ អង្ករក្រអូបនិងក្រអូបប្រណិត មានតែប្រទេសកម្ពុជានិងថៃទេ ដែលដាំដុះបានល្អនិងមានបរិមាណច្រើន។
អ្នកសេដ្ឋកិច្ច និងអ្នករកស៊ីក្នុងវិស័យស្រូវអង្ករ យល់ថា កម្ពុជាអាចដោះស្រាយចំពោះបញ្ហានេះ ប្រសិនបើរាជរដ្ឋាភិបាលជួយបន្ថែមដល់វិស័យស្រូវអង្ករ ដូចជា ជួយបន្ថយថ្លៃអគ្គិសនីដល់រោងម៉ាស៊ីនស្រូវ បន្ថយថ្លៃកំពង់ផែ កសាងផ្លូវរឹងមាំនៅតាមជនបទ និងមិនយកពន្ធកាត់ទុកប្រចាំខែ។ ការកាត់បន្ថយថ្លៃដើម នឹងជំរុញឱ្យអង្ករកម្ពុជា កាន់តែមានភាគប្រជែងឈ្នះនៅលើទីផ្សារផ្សេងៗ ក្រៅពីអឺរ៉ុបផងដែរ៕