ភ្នំពេញ៖ តារាហ្វេសប៊ុក មិនសំចៃមាត់ លោក ផែង វណ្ណៈ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាប់ខ្លួនបញ្ជូនទៅសាលាសាលាដំបូងរាជធានីភ្នំពេញហើយ នៅព្រឹកថ្ងៃទី០២ មេសា ឆ្នាំ២០១៩នេះ។
ការចាប់ខ្លួន បញ្ជូនទៅសាលាដំបូងនេះ ធ្វើឡើងដោយយោងទៅតាមដីកាបញ្ជា ពីសំណាក់ព្រះរាជអាជ្ញា និងយោងតាមពាក្យបណ្តឹង របស់មេធាវីការពារក្តីរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទប្រកាន់ពីបទប្រើប្រាស់បណ្តាញសង្គមរបស់ខ្លួន ផ្សព្វផ្សាយជាសាធារណៈ ក្នុងបំណងឱ្យសាធារណៈជនយល់ច្រឡំថា សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងឃាតកម្មរបស់លោកបណ្ឌិត កែម ឡី ។
លោក គី តិច មេធាវីរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅក្នុងពាក្យបណ្តឹងថា ឈ្មោះ ផែង វណ្ណៈ បានធ្វើសំណេរផ្សព្វផ្សាយតាមទំព័រហ្វេសប៊ុក របស់ខ្លួនថា “គំនិតគួរពិចារណា !!! ១- លោក ផែង វណ្ណៈ ចាងហ្វាងការផ្សាយ និងជានិពន្ធនាយក គេហទំព័រ Pheng Vannak News តំណាងអោយម្ចាស់រថយន្តលេខ 2AF-7777 យកថវិកាចំនួន ៥០០០ ដុល្លារ ទៅចូលបុណ្យដល់ក្រុមគ្រួសារសពនិស្សិត ឌុំ រីដា ត្រូវលោកទេសរដ្ឋមន្ត្រី ពេជ្រ ស្រស់ ប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ។ បញ្ជាក់៖ ម្ចាស់រថយន្ត 2AF-7777 គឺ ឈ្មោះ យិន វ៉ិច លោក យិន វ៉ិច មិនមែនជាជនបង្ករទេ កូនទេដែលបង្ករត្រូវចែកគ្នាអោយដាច់រវាងម្ចាស់រថយន្ត និងជនបង្ករ។ ២- លោក លឹម ជាយុត្ថា អគ្គនាយក អង្គភាព Fresh News តំណាងអោយថ្នាក់ដឹកនាំ នាំយកថវិកា ចំនួន ៥០០០០ ដុល្លារ ទៅចូលបុណ្យដល់ក្រុមគ្រួសារលោកបណ្ឌិត កែម ឡី ដើម្បីធ្វើចេតិយ ម្តេចលោកទេសរដ្ឋមន្ត្រី ពេជ្រ ស្រស់ មិនប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ? ខុសគ្នាដូចម្តេចខ្លះ បើកាន់លុយជាតំណាងទៅចូលបុណ្យដូចគ្នា?”។
លោក គី តិច បានបញ្ជាក់ថា ឈ្មោះ ផែង វណ្ណៈ ធ្វើការប្រៀបធៀប ក្នុងបំណងចោទប្រកាន់ និងទម្លាក់កំហុសទៅលើសម្តេចតេជោ ហ៊ុន សែន ថា គឺជាឃាតកសម្លាប់លោកបណ្ឌិត កែម ឡី។
លោក គី តិច បានធ្វើសំណូមពរទៅលោកព្រះរាជអាជ្ញា ធ្វើការពិនិត្យសម្រេចឃាត់ខ្លួន ឬចាប់ខ្លួន និងឃុំខ្លួន ឈ្មោះ ផែង វណ្ណៈ ជាបន្ទាន់ ដើម្បីទប់ស្កាត់ការប្រព្រឹត្តអំពើល្មើសជាបន្តបន្ទាប់ ដែលអាចនាំឲ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម៕