ភ្នំពេញ ៖ ដោយសារគម្រោងពង្រីកផ្លូវជាតិលេខ ៥ ពី២គន្លងទៅ ៤កន្លង ដើម្បីដើម្បីតភ្ជាប់ផ្លូវអាស៊ាន-ហាយវេ បានធ្វើឲ្យតម្លៃដី នៅតាមបណ្ដោយផ្លូវជាតិលេខ ៥ ពីព្រែកក្តាមដល់ប៉ោយប៉ែត ចាប់ផ្ដើមស្ទុះឡើងថ្លៃ ជាបន្តបន្ទាប់ និងមានសកម្មភាពទិញលក់ យ៉ាងផុសផុលផងដែរ។
កំណាត់ផ្លូវនេះនឹងពង្រីក៤គន្លង (២គន្លងទៅ ២គន្លងមក) ទទឹង២៣ម ចាក់បេតុងកៅស៊ូ ប្រភេទACនិងបំពាក់ដោយរនាំងដែកសុវត្ថិភាពចំកណ្តាលសួន។ ផ្លូវនេះនឹងឆ្លងកាត់ខេត្តចំនួន០៣ រួមមានខេត្តកណ្តាល ប្រវែង ៤,២៥គីឡូម៉ែត្រ ខេត្តកំពង់ឆ្នាំងប្រវែង ៩៣,៥៤គីឡូម៉ែត្រ និងខេត្តពោធិ៍សាត់ប្រវែង ៣៧,៤៥គីឡូម៉ែត្រ។
គម្រោងពង្រីកផ្លូវមួយខ្សែរនេះនឹងចំណាយថវិកាសរុបប្រមាណ ២៦១លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលជប៉ុន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករ ហើយនិងត្រូវប្រើរយៈពេលសាងសង់ចំនួន៤៨ខែ គិតចាប់ពីខែមេសា ឆ្នាំ២០១៨ រហូតដល់ខែមីនា ឆ្នាំ២០២២។
គម្រោងនេះជាដំណាក់កាលទី២ នៃគម្រោងធ្វើអោយប្រសើរឡើង នូវផ្លូវជាតិលេខ៥ទាំងមូល។ ដំណាក់កាលទី ១ គឺកំណាត់ពីបាត់ដំបង-សិរីសោភ័ណ ដែលបានបើការដ្ឋានសាងសង់រួចមកហើយ កាលពីខែមីនា ឆ្នាំ២០១៨កន្លងមកនេះ ក្រោមគម្រោងឥណទានជំនួយឥតសំណង របស់រាជរដ្ឋាភិបាលជប៉ុនចំនួន ១៨៥ លានដុល្លារអាមេរិក។ រីឯដំណាក់កាលបន្ទាប់គឺពីខេត្តពោធិ៍សាត់ ទៅបាត់ដំបង និងចុងក្រោយពីខេត្តបន្ទាយមានជ័យ ទៅប៉ោយប៉ែត។
គម្រោងធ្វើឲ្យប្រសើរឡើងនូវផ្លូវជាតិលេខ៥នេះ គឺកើតឡើងក្នុងទំនាក់ទំនងរវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក Shinzō Abe នាយករដ្ឋមន្ត្រីជប៉ុន ក្នុងពេលដែលសម្តេចតេជោ បានអញ្ជើញទស្សនកិច្ចនៅប្រទេសជប៉ុនកន្លងមកនេះ។
លោក Horinouchi Hidehisa ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ក៏បានសំណូមពរដល់ប្រជាពលរដ្ឋខ្មែរ ដែលធ្វើដំណើរនៅលើផ្លូវជាតិលេខ៥ មេត្តាយោគយល់បង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ជាមួយស្លាកសញ្ញាចរាចរណ៍ ដើម្បីការធ្វើដំណើរដោយសុវត្ថិភាពទាំងអស់គ្នា ៕