ភ្នំពេញ៖ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់បានលើកឡើងថា៖ “បើអត់លុយ កុំទិញផ្ទះ អត់លុយត្រូវតែទិញដី អ្នកចង់មាន មានតែទិញដីទេ” នៅក្នុងពេលដែលលោកអញ្ជើញ ចូលរួមក្នុងពិធីសម្ពោធបញ្ចុះបឋមសិលាសាងសង់លំនៅឋានសមរម្យរបស់ក្រុមហ៊ុន Arakawa របស់ជប៉ុន នៅភ្នំពេញកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលមានប្រជាពលរដ្ឋ ចូលរួមរាប់រយនាក់។

តើលោក ជា សុផារ៉ា គាត់អះអាងបែបនេះ ដោយផ្អែកទៅលើមូលដ្ឋានអ្វី? លោក ជា សុផារ៉ា យល់ឃើញថា សុខចិត្តរស់នៅអន់បន្តិចចុះ យកលុយទិញដី កុំទិញផ្ទះ។ ចងតង់ ប្រកស្បូវ២០ទៅ៣០កណ្តប វាក៏នៅតែគ្រាន់បើ។ ថ្ងៃក្រោយ ដីនេះឡើងថ្លៃ យើងក្លាយជាអ្នកមាន។ បើយើងទិញផ្ទះ អត់ប្រយោជន៍ទេ ព្រោះ ដី មិនងាយកើតទេ តែមនុស្សងាយនឹងកើត។
លោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ច បានប្រាប់ទៅ ខេមបូណូមីស ថា ការលើកឡើងរបស់ លោក ជា សុផារ៉ា គឺមិនខុសនោះទេ ដោយអះអាងថា ក្នុងករណីដែលពលរដ្ឋមិនទាន់មានលុយគ្រប់គ្រាន់នោះ គឺគួរតែទិញដីជាមុនសិន ដើម្បីទុកឲ្យឡើងថ្លៃ។
លោកបញ្ជាក់ប្រាប់ថា ៖ «បើពួកគាត់ខ្វះលុយ គួរយកលុយទៅទិញដីឡូតិ៍តម្លៃ ៥ទៅ៦ពាន់(ដុល្លារ) ទុក ៥ ទៅ ៦ឆ្នាំ ក្រោយមក យើងមានចំណូលបន្ថែមគ្រប់គ្រាន់សឹមទៅទិញផ្ទះ ឬមានលុយសង់ផ្ទះលើដីនោះតែម្តង»។

បើតាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានផ្តល់យោបល់ថា បើទិញខុនដូ ឬបុរី គួរប្រើកម្ចីពីធនាគារ ព្រោះមុននឹងធនាគារឲ្យលុយខ្ចី ធនាគារបានវាយតម្លៃយ៉ាងច្បាស់លាស់ ពីលទ្ធភាពសងរបស់អតិថិជន ហើយធនាគារ អាចត្រួតពិនិត្យប្លង់កម្មសិទ្ធិស្របច្បាប់ របស់ខុនដូ ឬបុរី នោះ ដើម្បីឲ្យអ្នកទិញមានសុវត្ថិភាព និងគ្មានហានិភ័យ។ តែសព្វថ្ងៃនេះ ម្ចាស់បុរីមួយចំនួនបានផ្តល់សេវាបង់រំលស់ ដោយមិនបានវាយតម្លៃពីចំណូលរបស់អ្នកទិញ ព្រោះតែចង់បានប្រាក់ចំណេញ៕