អ្នកសេដ្ឋកិច្ច និង​អ្នក​នាំ​អង្ករ​ចេញ ប្រាប់​ពី​ដំណោះស្រាយ​ចំពោះ អឺរ៉ុប​យកពន្ធ​លើ​អង្ករ​កម្ពុជា​

4612

​ភ្នំពេញ​៖ កាលពី​សប្ដាហ៍​មុន សហភាព​អឺរ៉ុប (EU) បានសម្រេច​ជា​ផ្លូវការ ចំពោះ​ការយកពន្ធ​លើ​អង្ករ​កម្ពុជា ដែល​នាំចូល​ទីផ្សារ​អឺរ៉ុប ដោយសារតែ ប្រទេស​អ៊ីតាលី និង​អេស្បាញ បានធ្វើ​ការតវ៉ា ជាច្រើន​ឆ្នាំ​មកហើយ​ថា ការ​នាំចូល​អង្ករ​រួច​ពន្ធ​ពី​ប្រទេស​កម្ពុជា និង​ប្រទេស​ភូមារ​មាន​តំលៃថោក ធ្វើអោយប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​ជីវភាព​របស់​ប្រជាជន និង​អ្នករកស៊ី ដែល​អាស្រ័យ​ផល​ពី​វិស័យនេះ​។​

ការតវ៉ា​របស់​ប្រទេស​ទាំង​២​នេះ ទទួលបាន​ជោគជ័យ​នៅក្នុង​ឆ្នាំនេះ ដោយ​សហភាព​អឺរ៉ុប (EU) ចេញ​លិខិត​ជា​ផ្លូវការ យកពន្ធ​លើ​អង្ករ​កម្ពុជា នាំ​ចូលទៅ​ទីផ្សារ​អឺរ៉ុប ចាប់ពី​ថ្ងៃទី​១៨ ខែមករា​ឆ្នាំ​២០១៩​នេះ​តទៅ​។​

ជុំវិញ​បញ្ហា​នេះ អ្នក​ខាង​សេដ្ឋកិច្ច លោក ចាន់ សុផល ដែល​បច្ចុប្បន្ន​ជា នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ បាន​អះអាងថា “​ខ្ញុំ​យល់ឃើញថា ដូចជា​មិន​ធ្ងន់ធ្ងរ​ពេក​ទេ​។ អឺរ៉ុប​មិនអាច​សម្លាប់​កសិករ​ខ្មែរ​តាមរបៀប​នេះ​ទេ​។ បើ​គេ​ឆ្ងាញ់​នឹង​អង្ករ​ខ្មែរ គេ​ក៏​ទំនងជា​នៅតែ​ទិញ​ដដែល ទោះបីជា​ថ្លៃ​ជាង​មុន​បន្តិច​ក៏ដោយ​។ ប៉ុន្មាន​ខែ​ទៀត នឹង​ដឹង​ច្រើន​ហើយ​។​”

លោក ចាន់ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ

លោក​បានផ្ដល់​យោបល់​ទៅដល់​ភាគី​ពាក់ព័ន្ធ ក៏ដូចជា​រាជរដ្ឋាភិបាល ទាក់ទង​នឹង​បញ្ហា​នេះ​ថា “​កម្ពុជា​អាច​ដោះស្រាយបាន ប្រសិនបើ​រដ្ឋ​ជួយ​បន្ថែម​ដល់​វិស័យ​ស្រូវ​អង្ករ ដូចជា ជួយ​បន្ថយថ្លៃ​អគ្គិសនី​ដល់​រោង​ម៉ាស៊ីន​ស្រូវ បន្ថយថ្លៃ​កំពង់ផែ កសាង​ផ្លូវ​រឹងមាំ​នៅតាម​ជនបទ និង​មិន​យកពន្ធ​កាត់​ទុក​ប្រចាំខែ​។ ការកាត់បន្ថយ​ថ្លៃដើម នឹង​ជំរុញ​ឱ្យ​អង្ករ​កម្ពុជា កាន់តែ​មាន​ភាគ​ប្រជែង​ឈ្នះ​នៅលើ​ទីផ្សារ​ផ្សេងៗ ក្រៅពី​អឺរ៉ុប​ផងដែរ​។​”

ចំណែក​លោក កាន់ គ​ន្ធី អនុប្រធាន និង​នាយក​គ្រប់គ្រង​រោងចក្រ​កែច្នៃ​អង្ករ អេ​ម​រុ រាយ​ស៍ បាន​ពន្យល់​បញ្ជាក់ថា “​ការដាក់​របាំង​ពន្ធ​នេះ គឺមាន​តំលៃ​ប្រហាក់ប្រហែល ២០០​ដុល្លារ បន្ថែម​ក្នុង​១​តោន​សម្រាប់​ឆ្នាំ​ទី​១ ទៅលើ​អង្ក​រស​សម្រេច​កម្ពុជា​នាំចូល​ទីផ្សារ​អឺរ៉ុប​។ មានន័យថា​អង្ក​រស នឹងត្រូវ​ដាក់​តំលៃ ២០០​ដុល្លារ​បន្ថែមទៀត ពីលើ​តំលៃ​ទីផ្សារ​បច្ចុប្បន្ន​។​”

លោក កាន់ គ​ន្ធី អនុប្រធាន និង​នាយក​គ្រប់គ្រង​រោងចក្រ​កែច្នៃ​អង្ករ អេ​ម​រុ រាយ​ស៍

លោក​បាន​បន្តថា ប្រទេស​ដាំ​ដុះ​ស្រូវ​នៅ​សហគមន៍​អឺរ៉ុប អត់​អាច​ដាំ​រឺ​ផលិត​ស្រូវ​ក្រអូប​បានទេ​មានតែ​ស្រូវ​ស (​ស្រូវ​អ៊ី​អែរ​) ដូច្នេះ​មិនគួរ​យក​ហេតុផល​ខាងលើ មក​ដាក់បន្ទុក​ពន្ធ​លើ​អង្ករ​ក្រអូប​កម្ពុជា​ទេ​។ អង្ករ​ក្រអូប​និង​ក្រអូប​ប្រណិត មានតែ​ប្រទេស​កម្ពុជា​និង​ថៃ​ទេ ដែល​ដាំ​ដុះ​បានល្អ​និង​មាន​បរិមាណ​ច្រើន​។​

​លោក កាន់ គ​ន្ធី បានផ្ដល់​យោបល់ នូវ​អ្វីដែល​ប្រទេស​កម្ពុជា​គួរ​ធ្វើ ដើម្បី រក្សា​ភាព​ប្រ​គួ​ត​ប្រជែង​ក្នុងស្ថានភាព​នេះ និង​ត​ទៅមុខទៀត ចំនួន ២​ចំនុច ដូចខាងក្រោម​៖

  1. កំណែរ​ទម្រង់​កាត់បន្ថយ​និតិ​វិធី ឯកសារ និង​ថ្លៃដើម​នៃ​ការដាំដុះ និង​ផលិតកម្ម​
    • ​ពូជ (​ពូជ​ល្អ​ទិន្នផល​ខ្ពស់​និង​មាន​ភាព​សុទ្ធ ដាំ​តាម​ស្តង់ដា​ប្រើ​ពូជ​៨០​គម កសិករ​ជាទូទៅ​ប្រើ​ពូ ១៥០​គម​ទៅ​២០០​គម​)
    • ​ជី (​ប្រើ​អោយ​ត្រូវ​តាម​ស្តង់ដារ​​ និង​ការកំណត់​)
    • ​ថ្នាំ (​ប្រើ​ថ្នាំ​ដែល​ហាមឃាត់ ហើយ​លេង​ម៉ា​អស់ដៃ​)
    • ​អគ្គីសនី (​តើ​អាច​ចុះ​បន្ថែមទៀត​បាន​រឺទេ​?)
    • ​ដឹកជញ្ជូន (​ជា​រឿង​ដែល​ឈឺក្បាល​ជាងគេ ជាពិសេស​ឡើងថ្លៃ​ពេល​រដូវ​រវល់​ខ្លាំង​)
    • ​ឡូ​ជី​ស្ទីក (​អាច​កាត់​ភាពស្មុកស្មាញ​សាំ​ញាំ​បាន​ខ្លះ​អត់​?)
  2. ដាំ​ដុះ​ពូជ​និង​ប្រ​ភ​ទ​តាម​តំរូវការ​ទីផ្សារ ពង្រីក​ទីផ្សារ​និង​ចាប់យក​ស្តង់ដារ​ចិ​រ​ភាព សុ​វត្តិភាព​និង​និរន្ត​ភាព​ដូចជា​ស្តង់ដារ SRP, GAP, SRI, Organic Fair For Life ។​ល​។ កុំ​ដាំ​ដុះ​ប្រមូល​ផល​ហើយ​បាន​រក​ទីផ្សារ ឧ​ទា​ហរ​ណ៏​៖​ពូជស្រូវ​Japonica មាន​ទីផ្សារ​នៅ​ជប៉ុន កូរ៉េ តៃវ៉ាន់ ។​ល​។