ខ្សែជីវិតអតីតពិធីការិនី ផូ មុន្នីពៅ ក្រោយបានស្វាមីជាមន្រ្តីស្ថានទូតបារាំង

744

(ភ្នំពេញ)៖ ទស្សនិកជនប្រហែលជាចាំមិនភ្លេចទេ ពេលរំឭកដល់ឈ្មោះអតីតពិធីការិនីល្បីមួយដួង បម្រើការងារនៅស្ថានីយទូរទស្សន៍ CTN គឺអ្នកនាង ផូ មុន្នីពៅ ខណៈដែលរហូតមកដល់ពេលនេះ នាងបានចាកចោលឆ្ងាយ ពីទឹកដីមាតុភូមិកំណើត ទៅរស់នៅតាមស្វាមីឯប្រទេសបារាំង អស់រយៈពេលជិត១០ឆ្នាំមកហើយ ក្រោយពីរៀបការួច។ តើខ្សែជីវិតអតីតពិធីការិនី ផូ មុន្នីពៅ ទៅជាយ៉ាងណាហើយ ក្រោយបានស្វាមីជាជនជាតិបារាំង?

ប្រភពព័ត៌មានពីអ្នកដែលធ្លាប់ធ្វើការជាមួយនាង នៅ CTN បានបង្ហើបឲ្យដឹងថា អតីតពិធីការិនី CTN អ្នកនាង ផូ មុន្នីពៅ រាល់ថ្ងៃនេះ នាងបានព្យាយាមនិយាយភាសាបារាំង ជាប្រចាំថ្ងៃ ហើយស្វាមីរបស់នាង ​ជាមន្រ្ដីស្ថានទូត ដែលរដ្ឋាភិបាលបារាំង បានបញ្ជូនទៅបម្រើការ នៅតាមបណ្ដាប្រទេសផ្សេង។ ហេតុនេះហើយបានជា មុន្នីពៅ បានធ្វើដំណើរពាសពេញពិភពលោក តាមស្វាមីតែម្ដង។ ជារឿយៗ នាងបានតុបតែងខ្លួន​ឡូយឆាយ ដែលគ្រងសុទ្ធតែគ្រឿងពេជ្រទាំងឈុតៗ និងមានការផ្លាស់ប្ដូរ ការ​រស់នៅតាមបែបអឺរ៉ុប សម្របតាមក្រុមគ្រួសារឪពុកម្ដាយក្មេករបស់នាង ដែលជាត្រកូលអភិជន តាំងពីនាងមានស្វាមី ជិត១០ឆ្នាំមកនេះ។

ជាញឹកញាប់ គេសង្កេតឃើញអតីតតារាសម្ដែង និងជាពិធីការិនីធ្មេញជំពើស ផូ មុន្នីពៅ បង្ហាញនូវសេចក្ដីសុខ ​និងមានសុភមង្គលណាស់ តាមរយៈការបណ្ដើរស្វាមី និងកូនប្រុសដែលមានអាយុជាង៥ឆ្នាំ ដើរលេងកម្សាន្ដតាមតំបន់រមណីយដ្ឋាន និងទេសចរណ៍នានា ពាសពេញពិភពលោក ប៉ុន្ដែនាងខកខានធ្វើដំណើរមកលេងស្រុកកំណើត ជាច្រើនឆ្នាំមកហើយ ព្រោះថា ស្វាមីរបស់នាងជាប់បម្រើការនៅស្ថានកុងស៊ុល នៅបណ្ដាប្រទេសប៉ែកអឺរ៉ុប។

ប្រភពដដែលបាននិយាយបន្តថា មុន្នីពៅ ខានមកស្រុកខ្មែរ​ជាច្រើនឆ្នាំមែន ​ព្រោះតែប្ដីនាងជាប់ធ្វើការ នៅស្ថានកុងស៊ុលប្រទេសក្រៅ ជាបន្ដបន្ទាប់ ដូច្នេះហើយបានជាប្ដីនាងទៅដល់ទីណា នាង​ទៅដល់ទីនោះដូចគ្នាដែរ។

​សូមបញ្ជាក់ថា អតីតពិធីការិនី ផូ មុន្នីពៅ បានរៀបការជាមួយលោក អេរិក ជាបុរសជនជាតិបារាំង​ និងមានមុខងារ ជាមន្រ្ដីបម្រើការនៅស្ថានទូតបារាំង ប្រចាំប្រទេសបារាំង កាលពីថ្ងៃទី១៩​ ខែកុម្ភៈ ឆ្នាំ២០១​១ ដោយគិតរហូតមកពេលនេះ គឺមានរយៈពេលជិត១០ឆ្នាំមកហើយ ក្នុងនោះពួកគេទាំងពីរ ក៏ទទួលបាននូវកូនប្រុសម្នាក់ ជាចំណងដៃផងដែរ៕