កម្ពុជា មិនអាច​សម្រេច​ផែនការ​ទទួល​ភ្ញៀវទេសចរ​ ឱ្យបាន ៧លាននាក់ នៅ​​ឆ្នាំ២០២០នេះ ទេ ដោយសារ​តែ ​វិបត្តិកូវីដ១៩

526

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក ថោង ខុង បានបញ្ជាក់ថា ផែនការទទួលភ្ញៀវទេសចរជាង ៧លាននាក់នៅឆ្នាំ២០២០នេះ មិនអាចសម្រេចបានទេ ដោយត្រូវលើកទៅឆ្នាំ២០២៥វិញ ដោយសារវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩។

លោករដ្ឋមន្រ្តី បានលើកឡើងថា តាមការវាយតម្លៃពីអ្នកជំនាញ សម្រាប់ជំងឺកូវីដ-១៩នេះ នឹងធ្វើឱ្យសេដ្ឋកិច្ចលើពិភពលោកថយ ៧ឆ្នាំ ហើយសម្រាប់ប្រទេសកម្ពុជា នឹងថយ ៥ឆ្នាំផងដែរ។

ទោះយ៉ាងណា លោករដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ក៏បានសង្កេតឃើញនូវសញ្ញាណវិជ្ជមានមួយចំនួន ដែលក្នុងនោះ គិតចាប់ពីដើមខែឧសភាមក គឺមានភ្ញៀវទេសចរជាង ៤៥ម៉ឺននាក់ បានចេញដើរទស្សនានៅទូទាំងប្រទេស ក្នុងកំណើនប្រមាណ ៧.២៤ភាគរយ ធៀបនឹងរយៈពេល០៣សប្តាហ៍នៃខែឧសភា កន្លងមក។ កត្តានេះបញ្ជាក់ថា ភ្ញៀវទេសចរក្នុងស្រុក នៅតែបន្តកើនឡើងជាបន្តបន្ទាប់ គិតចាប់ពីចុងខែមេសាមកម៉្លេះ។

ដោយឡែកសម្រាប់រាជធានីភ្នំពេញ ក្នុងរយៈពេល៤ខែដើមឆ្នាំនេះ ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៧៧៥ ៧៥០នាក់ ថយចុះ ៤៦.២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។

ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរនេះ លោក ថោង ខុន បានទទួលស្គាល់ថា ពិតជាបានបង្កផលប៉ះពាល់ជាច្រើនដល់ប្រតិបត្តិករទេសចរណ៍។ ជាក់ស្តែង គិតត្រឹមខែឧសភា ឆ្នាំ២០២០ មានអាជីវកម្មទេសចរណ៍បិទ និងបិទបណ្ដោះអាសន្នសរុប ២ ៩៥៦ទីតាំង និងមានបុគ្គលិកបម្រើការងារផ្ទាល់សរុប ៤៥ ៤០៥នាក់។ ប៉ុន្តែសម្រាប់គោលដៅរាជធានីភ្នំពេញ មិនទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំងដូចគោលដៅទេសចរណ៍ធំៗផ្សេងទៀតឡើយ។

សូមបញ្ជាក់ថា សម្រាប់នៅរាជធានីភ្នំពេញ មានមូលដ្ឋានអាជីវកម្មទេសចរណ៍ចំនួន ៣៦០ទីតាំង បានបិទដំណើរការអាជីកម្ម និងបិទជាបណ្ដោះអាសន្ន ទៅតាមការណែនាំរបស់ក្រសួង និងស្ថាប័នជំនាញ៕