ភ្នំពេញ៖ ផលិតផលកង់របស់ប្រទេសកម្ពុជា ដែលបាននាំចេញទៅកាន់ទីផ្សារបរទេស ដូចជា សហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងជប៉ុន មានតម្លៃ ១៩៧ លានដុល្លារ។ នេះបើយោងតាមស្ថិតិពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។
បើតាមរបាយការណ៍ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២០ ពោលគឺក្នុងរយៈពេលប្រាំខែដើមឆ្នាំ២០២០ មានកង់ចំនួន ៨៧៦.៦១២គ្រឿង ត្រូវបាននាំចេញទៅកាន់ទីផ្សារបរទេស កើនឡើងប្រមាណ ១៩ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក៏បានឱ្យដឹងថា ចំនួននេះ បានកើនឡើង ២៦ភាគរយ ស្មើនឹងកង់ចំនួន ៤៩៥.៣៤១គ្រឿង ក្នុងនោះ ត្រូវបាននាំចេញទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប និងចំនួន ២២៣.៩១២គ្រឿង បាននាំទៅកាន់សហរដ្ឋអាមេរិកក្នុងតម្លៃសរុប ៤៤លានដុល្លារ និងចក្រភពអង់គ្លេសមានចំនួន ១២៥.៦០២គ្រឿង ស្មើនឹង ២៥លានដុល្លារ ខណៈដែលប្រទេសជប៉ុនមានចំនួន ៣៣៨គ្រឿង ស្មើនឹង ៩៤.១៣៧ដុល្លារ ហើយកង់ចំនួន ៣១.៤១៩គ្រឿងផ្សេងទៀត ស្មើនឹងជាង ៨លានដុល្លារ ត្រូវបាននាំចេញទៅទីផ្សារប្រទេសផ្សេងៗផងដែរ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា ជាប្រទេសដែលនាំចេញកង់ធំជាងគេមួយនៅលើពិភពលោក។ វិស័យតម្លើងកង់នៅកម្ពុជា បាននិងកំពុងទាក់ទាញទាំងក្រុមហ៊ុនផលិតកង់ និងរោងចក្រផលិតគ្រឿងបន្លាស់ធំៗ ឱ្យមកវិនិយោគនៅកម្ពុជា ជាពិសេសនៅតំបន់សេដ្ឋកិច្ចពិសេស នៅក្រុងបាវិត ខេត្តស្វាយរៀង។ កាលពីឆ្នាំ២០១៩ ប្រទេសកម្ពុជាបាននាំចេញកង់ ដែលមានតម្លៃសរុប ៤១៨ លានដុល្លារ ទៅកាន់ទីផ្សារបរទេស កើនលើសតួលេខឆ្នាំ២០១៨ ដែលមានតម្លៃត្រឹមតែ ៣៣១ លានដុល្លារប៉ុណ្ណោះ៕
ដោយ៖ គង់ ប៊ុនណា