កម្ពុជា កំពុង​ចរចា​ខ្ចី​ថវិកាចំនួន ២៥០លាន​ដុល្លារ ពី​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី

712

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាកំពុងចរចារខ្ចីលុយចំនួន ២៥០លានដុល្លារពីធនាគារវិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលហៅកាត់ថា AIIB ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសមព័ន្ធផ្លូវថ្នល់នៅក្នុងប្រទេសឱ្យកាន់តែប្រសើរឡើងថែមទៀត។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យ៉ាងដូច្នេះបានធ្វើឡើងនៅក្នុងពិធីប្រកាសជាផ្លូវការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះក្នុងកំលុងពេលជំងឺកូវីដ១៩ នៅវិមានសន្តិភាព នៅ ថ្ងៃទី២៤ ខែមិថុនាឆ្នាំ ២០២០។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ថវិកាចំនួន ២៥០លានដុល្លារ ដែលកម្ពុជាគ្រោងនឹងខ្ចីពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីនេះ នឹងទុកប្រើសម្រាប់អភិវឌ្ឍន៍ផ្លូវលំក្រាលកៅស៊ូនៅក្នុងប្រទេសក្នុងគោលបំណងធ្វើឱ្យតំបន់ជនបទកាន់តែរីកចម្រើនឡើង។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីដៃគូសហប្រតិបត្តិការសំខាន់ៗរបស់កម្ពុជាដទៃទៀតដែលចូលរួមជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា នាពេលកន្លងមកមានដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី, ធនាគារពិភពលោក, ចិន, ជប៉ុន, សហភាពអឺរ៉ុប, និងសាធារណរដ្ឋកូរ៉េផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហើបពីការផ្តល់ហិរញ្ញប្បទានរបស់សហភាពអឺរ៉ុបចំនួន ៦០លានដុល្លារ សម្រាប់ជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា និងគម្រោងហិរញ្ញប្បទានមួយចំនួនទៀតកំពុងស្ថិតក្នុងការចរចាសម្រាប់ជួយស្តារសេដ្ឋកិច្ចកម្ពុជា ដែលកំពុងរងផលប៉ះពាល់ពីជំងឺកូវីដ១៩។

ធនាគារ AIIB បានផ្តោតជាសំខាន់លើការគាំទ្រ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក។ វាត្រូវបានស្នើឡើងដោយប្រទេសចិន ក្នុងឆ្នាំ ២០១៣ ហើយបានចាប់ផ្តើមក្នុងពិធីមួយនៅ ទីក្រុងប៉េកាំងកាល ពីខែតុលា ឆ្នាំ ២០១៤។

ប្រទេសកម្ពុជា រួមជាមួយនឹងសមាជិកស្ថាបនិកផ្សេងទៀត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង នៅថ្ងៃទី ២៩ខែ មិថុនា ឆ្នាំ ២០១៥ នៅក្នុងទីក្រុង ប៉េកាំង។

ប្រទេសចិនបានផ្តល់ដើមទុនចំនួន ៣០ភាគរយ នៃ ធនាគារថ្មីនេះ ដែលនេះគឺភាគហ៊ុនធំជាងគេបំផុត។ ធនាគារ AIIB គឺជាធនាគារ ដែលមានភាគហ៊ុន ចម្រុះដំបូងបង្អស់ដែលមិនមានវត្តមានរបស់ សហរដ្ឋអាមេរិក និងប្រទេសជប៉ុន ជាដៃគូ។

កាលពីខែ ធ្នូ ឆ្នាំ ២០១៥ រដ្ឋាភិបាលកម្ពុជា បានប្រកាសចំណាយថវិកាប្រមាណ ៦២,៣លានដុល្លារ ដើម្បីទិញ ៦២៣ភាគហ៊ុនពីធនាគារ AIIB ក្នុងការបើកផ្លូវដើម្បីទទួលបានមូលនិធិពីធនាគារសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។

ចំនួនទឹកប្រាក់នេះ ស្មើនឹងដើមទុនតម្កល់នៅធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលនឹងអនុញ្ញាតឱ្យប្រទេសកម្ពុជាមានសំឡេងខ្លាំងនៅក្នុងធនាគារនេះ ដូច្នេះកម្ពុជាអាចទទួលបានប្រយោជន៍ពីវា៕

អត្ថបទ៖ សៀម ប៊ុនធី