សហគមន៍នេសាទខេត្តកែប ចងក្រងគ្នាចិញ្ចឹមត្រីឆ្ពង់ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ជំនួសឱ្យការនាំចូលពីវៀតណាម

563

កែប៖ គម្រោងចិញ្ចឹមត្រីឆ្ពង់របស់សហគមន៍នេសាទអង្កោល ខេត្តកែប កំពុងចាប់ផ្តើមដំណើរការក្រោមក្តីសង្ឃឹមថា វានឹងអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានបរិបូណ៌ ជំនួសឱ្យការនាំចូលពីប្រទេសវៀតណាម។

លោក មាស វ៉ា គណៈកម្មការសហគមន៍នេសាទអង្កោល ដែលមានទីតាំងស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប បានលើកឡើងថា សហគមន៍របស់លោកកំពុងរៀបចំចងក្រងសមាជិកចំនួន ៥០គ្រួសារជាដំបូង ដើម្បីនាំគ្នាចិញ្ចឹមត្រីឆ្ពង់ សម្រាប់ផ្គង់ផ្គង់ទីផ្សារក្នុងខេត្តនិងសម្រាប់នាំចេញ ហើយវានឹងអាចជំនួសការនាំចូលប្រភេទត្រីនេះ ពីប្រទេសវៀតណាមផងដែរ។

លោកបន្តថា ជាជំហ៊ានតំបូងសហគមន៍នឹងផ្តល់កូនត្រីចំនួន ២០០ក្បាលក្នុងមួយបែសម្រាប់មួយគ្រួសារ ហើយក្នុងចំនួន ៥០គ្រួសារ យ៉ាងហោចក៏មានកូនត្រីឆ្ពង់នេះចំនួន ១ម៉ឺនក្បាលដែរ ដែលនេះជាជំនួយរបស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយវិស័យកសិកម្ម និងជលផល។

លោកសង្កត់ធ្ងន់ថា តាំងពីដើមកសហគមន៍របស់លោករំពឹងទាំងស្រុងទៅលើផលនេសាទ ដូចជា ក្តាម បង្គា មឹក និងត្រីជាដើម ដើម្បីទ្រទ្រង់ជីវភាព តែរយៈពេលប៉ុន្មានឆ្នាំនេះ ធនធានជលផលក្នុងសមុទ្រកាន់តែថយចុះពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឱ្យប្រជានេសាទមួយចំនួនបោះបង់របរនេសាទចោល ហើយធ្វើចំណាកស្រុកដើម្បីរកប្រាក់ដោះស្រាយជីវភាពគ្រួសារ។

លោកក៏រំពឹងខ្ពស់ដែរថា សម្រាប់គម្រោងចិញ្ចឹមត្រីឆ្ពង់នេះ និងជួយបន្ថែមចំណូលឱ្យពលរដ្ឋក្នុងសហគមន៍ ហើយក៏បន្ថែមមុខរបរមួយទៀត ក្រោយពេលផលនេសាទថយចុះ ពេលនោះក៏នឹងមិនមានការចំណាកស្រុកទៀតដែរ។

ទោះលោកយល់ថា គម្រោងនេះល្អប៉ុណ្ណាក៏ដោយ តែបញ្ហាប្រឈមរបស់លោកនោះ គឺពិបាកក្នុងការកៀគរសមាជិកឱ្យចូលរួមណាស់ ដោយសារពលរដ្ឋមួយចំនួនគិតថា ការចិញ្ចឹមត្រីឆ្ពង់នៅតំបន់នេះ មិនអាចទៅរួច ឬក៏ពិបាកក្នុងការមើលថែជាដើម។

លោកបន្ថែមថា ពេលនេះពលរដ្ឋក្នុងសហគមន៍ទើបតែ ៣០នាក់ប៉ុណ្ណោះ ដែលមកប្រជុំហើយនៅមិនទាន់ហ៊ានសម្រេចចិត្តយ៉ាងណានោះទេ តែទោះយ៉ាងណាលោក និងព្យាយាមជំរុញឱ្យគម្រោងនេះចាប់ផ្ដើមដើរយ៉ាងយូរចុងឆ្នាំ ២០២០នេះ។

ក្នុងមួយថ្ងៃៗ ត្រីឆ្ពង់ដែលនាំចូលពីប្រទេសវៀតណាម មានរាប់តោន ដើម្បីយកមកចែកចាយលក់នៅតាមផ្សារនានាក្នុងស្រុក ពិសេសកំណើនការនាំចូលត្រីឆ្ពង់កាន់តែហក់ឡើងខ្លាំង នៅរដូវដែលសម្បូរពិធីបុណ្យទាន ឬ មង្គលការ ដោយសារតែការនិយមទទួលទានប្រភេទត្រីនេះរបស់ប្រជាពលរដ្ឋ៕

អត្ថបទ៖ ង៉ុង សាន់