ក្នុង១ថ្ងៃ ត្រូវ​ចំណាយ​ជាង១លានដុល្លារ សម្រាប់​ការ​សាងសង់​ព្រលាន​យន្តហោះ​ថ្មី ដែល​នឹង​ចាប់ផ្តើម​នៅខែកក្កដា

674

ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ខ្នាតធំ លំដាប់អន្តរជាតិដែលលាតសន្ធឹងលើផ្ទៃដីជាង ២៥០០ហិកតា ស្ថិតនៅប៉ែកខាងត្បូងរាជធានីភ្នំពេញ គឺត្រូវចំណាយក្នុង ១ថ្ងៃ ទឹកប្រាក់ ១,១៥លានដុល្លារ សម្រាប់ការសាងសង់ចាប់ពីខែកក្កដាតទៅ។ នេះបើតាមការឱ្យដឹងពីឧកញ៉ា ពង់ ឃាវសែ តំណាងភាគីសាងសង់កម្ពុជា។

ការអះអាងរបស់លោកឧកញ៉ា ពង់ ឃាវសែ បានធ្វើឡើងក្នុងពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចុះត្រួតពិនិត្យការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។

ព្រលានយន្តហោះខ្នាតយក្សនេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ដោយត្រូវប្រើកម្មករជាង ២ម៉ឺននាក់ សម្រាប់ការសាងសង់ ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៣។

ទាក់ទិននឹងអាកាសយានដ្ឋាននេះដែរ បើតាមការបញ្ជាក់របស់សម្តេចតេជោ ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន នឹងប្រើប្រាស់ជាមូលដ្ឋានទ័ពអាកាស និងជាព្រលានសម្រាប់ការដឹកឥវ៉ាន់ពីក្រៅប្រទេស និងជាទីកន្លែងបដិសណ្ឋារកិច្ចរបស់អង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំកម្ពុជា ថ្នាក់ដឹកនាំបរទេស និងជាទីកន្លែងសម្រាប់បម្រើដល់យន្តហោះវិស័យឯកជន(Private Jet) និងក៏ជាកន្លែងសម្រាប់ទទួលការផ្ញើរយន្តហោះពីបណ្តាប្រទេសផ្សេងៗផងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជា កំពុងសាងសង់ព្រលាន្តហោះខ្នាតអន្តរជាតិចំនួន៣គឺ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅឆ្នាំ ២០២៣ ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបដែលកំពុងសាងសង់ និងព្រលាន្តហោះអន្តរជាតិកងកេង ខេត្តព្រះសីហនុដែលកំពុងសាងសង់។ ក្រៅពីនោះ កម្ពុជា ក៏គ្រោងស្ថាបនាព្រលានយន្តហោះក្នុងស្រុក ដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ និងរតនគិរី ជាដើម៕

ដោយ៖ គង់ ប៊ុនណា