សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ថា គ្មានការប្រយុទ្ធគ្នា នៅថ្ងៃ ៩ វិច្ឆិកា ទេ

990

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា មិនបាច់មានការព្រួយបារម្ភអ្វីនោះទេ ទោះបីជាយ៉ាងណាក៏ដោយគឺ គ្មានការប្រយុទ្ធគ្នាកើតឡើង​នោះទេ ព្រោះមុខសញ្ញាដែលត្រូវចាប់ខ្លួន មានតែ៩នាក់ប៉ុណ្ណោះ គឺមេឧទ្ទាមក្រៅស្រុក សម រង្ស៊ី និងគូកន៨នាក់ផ្សេងទៀត។

សម្តេចតេជោ បានថ្លែងប្រាប់បែបនេះ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយ ឲ្យប្រើប្រាស់ជាផ្លូវការ នូវផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៩-២០២៣ នៅព្រឹកថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

សម្ដេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា៖ “គ្មានអ្នកណាគេវៃគ្នា នៅកណ្ដាលទីក្រុងភ្នំពេញទេ ព្រោះថា គេធ្វើសកម្មភាពតែមុខសញ្ញា៩នាក់តែប៉ុណ្ណោះយ៉ាងច្រើន (៩នាក់ ក្រុម សម រង្ស៊ី) ។ ប៉ុន្ដែអា៩នាក់នេះ វាមិនមកទេកុំទៅឆ្ងល់ពេក ឥឡូវវាទៅពន្យារសំបុត្រយន្ដហោះហើយ” ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា៖ “ខ្លះថាជិះកាប៉ាហោះ ខ្លះថាជិះកាប៉ាទឹក ខ្លះថាជិះដំរី ទីចុងបំផុតអាហ្នឹងជិះឆ្កែ ប៉ុន្ដែឆ្កែវាមិនបានជិះទៅទៀត។ បងប្អូនគិតមើលថា មកថ្ងៃ៧ ដើម្បីដល់ថៃថ្ងៃ៨ ថ្ងៃ៩ចូលមកស្រុកខ្មែរ ។ ឥឡូវដូរសំបុត្រយន្ដហោះ ចេញមកថ្ងៃ៩ ពីសាដីហ្គោ មកសុវណ្ណភូមិ បាងកក ចឹងតើវាយ៉ាងម៉េចឥឡូវនេះ? គិតទៅអ្នកគាំទ្រទាំងឡាយជឿជាក់បានឬអត់? បន្ដិចទៀតនឹងប្រកាសថា នឹងមិនមកទេ ដោយសារថៃមិនឲ្យចូល ។ បើគេមិនឲ្យចូល ក៏មិនជិះយន្ដហោះចុះមកសៀមរាប ចុះនៅភ្នំពេញទៅ”។

ជាងនេះទៅទៀត សម្ដេចតេជោ រំលឹកថា កម្ពុជាមានសន្ដិភាពដូចសព្វថ្ងៃ គឺបានចំណាយសាច់ស្រស់ឈាមស្រស់ៗ ដើម្បីធានាឲ្យកម្ពុជាមានការឯកភាពទឹកដី។ ដូច្នេះទោះក្នុងតម្លៃណាក៏ដោយមិនឲ្យមានអ្នកបង្កអសន្ដិសុខឡើយ។ បើមាន គឺមិនអត់ឱនឲ្យទេត្រូវតែបង្ក្រាបភ្លាមៗ មិនទុកឲ្យប្រជាជនកម្ពុជា ស្លាប់ និងរបួសដូចអតីតកាល៕