សិប្បកម្ម​សូត្រមាស ក្នុង​​ស្រុកបន្ទាយស្រី កំពុង​​ទទួល​​បាន​​ការគាំទ្រ និង​​ចាប់ជា​​ដៃគូ​​គម្រោង

1249

សៀមរាប៖ សិប្បកម្មសូត្រមាស ក្នុងស្រុកបន្ទាយស្រី បានចុះហត្ថលេខាលើអនុស្សរណៈនៃការ យោគយល់គ្នាររវាងគម្រោង (AIMS) និង ក្រុមហ៊ុន GSD Pheach នៅភូមិប្រីយ៍ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។

ក្នុងពិធីចុះហត្ថលេខា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើឱ្យវិស័យសូត្រខ្មែរ មានភាពរស់រវើកឡើងវិញ តាមរយៈយុទ្ធសាស្រ្តសូត្រជាតិ ២០១៦-២០២០ ដែលនឹងធ្វើឱ្យការចិញ្ចឹមកូននាងស្រាវយកសូត្រ មានភាពទំនើបទាន់សម័យ និងប្រកបដោយចីរភាព។

នេះគឺជាដំណឹងដ៏ល្អសម្រាប់អ្នកស្រុកបន្ទាយស្រី ដោយសារតែការចាប់ជាដៃគូជាមួយគម្រោង AIMS នឹងផ្តល់ការគាំទ្រ ក៏ដូចជាដោះស្រាយបញ្ហារាំងស្ទះនានាក្នុងវិស័យ ដូចជា កត្តាគុណភាព ផលិតកម្ម បច្ចេកទេស ប្រព័ន្ធស្រោចស្រព ឥណទាន និងការស្វែងរកទីផ្សារជាដើម។

លោក ឃឹម ហ្វីណង់ អិបាលស្រុកបន្ទាយស្រី បានឱ្យដឹងថា លោកកំពុងសិក្សាជាមួយក្រុមហ៊ុន និងមន្ទីរពាណិជ្ជកម្ម ពិនិត្យមើលលទ្ធភាពជ្រើសរើសយកភូមិណាមួយនៅក្នុងស្រុក ដើម្បីជំរុញការដាំស្លឹកមន និងផ្គត់ផ្គង់សំបុកកូននាង ដែលមានគុណភាពខ្ពស់ផងដែរ។ ប្រសិនបើអាចធានានូវប្រាក់ចំណេញក្នុងកម្រិតណាមួយ តាមរយៈកិច្ចសន្យាទិញក្នុងតម្លៃ និងបរិមាណដែលកសិករអាចទទួលយកបាន នោះរដ្ឋបាលស្រុក នឹងចាប់ផ្តើមជំរុញ និងអនុវត្តគម្រោងនេះ ឱ្យបានឆាប់ ដើម្បីបានជួយផ្គត់ផ្គង់ទៅដល់ការផលិតសូត្រឆៅនៅក្នុងស្រុកផង និងជួយបង្កើតការងារ កាត់បន្ថយការធ្វើចំណាកស្រុក ព្រមទាំងបង្កើនប្រាក់ចំណូលដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកបន្ទាយស្រីផង ជាពិសេសក្នុងចំណោមស្រ្តី។

ក្រៅពីនោះរដ្ឋបាលស្រុកអាចនឹងចាប់ផ្តើមការងារនេះ ដោយសហការប្រមូលផ្តុំក្រុមកសិករផលិតដែលមានស្រាប់ និងចងក្រងបង្កើតក្រុមកសិករផលិតថ្មី មុននឹងឈានដល់ការកំណត់ និងជំរុញយកភូមិណាមួយ ឱ្យផ្តោតតែលើការផលិតសូត្រខ្មែរនេះតែម្តង។ ការធ្វើបានបែបនេះ នឹងផ្តល់សក្តានុពលធំសម្រាប់វិស័យទេសចរណ៍ផងដែរ៕