អភិបាល​ខេត្តពោធិ៍សាត់ ជំរុញ​កសិករ ឱ្យ​យក​ចិត្តទុកដាក់​បង្កបង្កើន​ផល ដោយ​គិតលើ​គុណភាព ជា​តម្រូវការ​ទីផ្សារ និង​ការនាំចេញ

828

ពោធិ៍សាត៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ បានជំរុញដល់ប្រជាកសិករ ត្រូវផ្តោតការយកចិត្តទុកដាក់បង្កបង្កើនផល ទាំងដំណាំស្រូវ និងដំណាំបន្លែបង្ការគ្រប់ប្រភេទ ដោយគិតទៅលើគុណភាព និងប្រសិទ្ធិភាពផលិតផល ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងទីផ្សារ និងការនាំចេញទៅក្រៅប្រទេស។

ការជំរុញនេះ បានធ្វើឡើងខណៈដែលលោកអភិបាលខេត្ត បានចុះចែកស្រូវពូជសែនក្រអូប ប្រមាណ៤,៥តោន របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត ជូនដល់ប្រជាកសិករ ចំនួន១៥០គ្រួសារ មកពី៨ភូមិ ក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង សម្រាប់បើកធ្វើស្រែដើមរដូវ។

លោក ម៉ៅ ធនិន បានឱ្យដឹងថា ផ្តើមចេញពីការគិតគូដោះស្រាយ និងយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ជួបការលំបាកខ្វះខាត ដោយសារគ្រោះធម្មជាតិរាំងស្ងួត ធ្វើឱ្យដំណាំស្រូវបណ្តាឆ្នាំកន្លងមកទទួលរងការខូចខាតនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចូលរួមជួយដោះស្រាយពូជស្រូវ ជូនដល់ប្រជាកសិករណាដែលខ្វះខាតជាបន្ទាន់។

ជាក់ស្តែង ប្រជាកសិករចំនួន ១៥០គ្រួសារ មកពី៨ភូមិ ក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង ពិតជាមានការខ្វះខាត និងបានទទួលយកស្រូវពូជសែនក្រអូប យកទៅសាបព្រោះ បើកធ្វើស្រែដើមរដូវ ដោយក្នុងមួយគ្រួសារៗ ទទួលបាន៣០គីឡូក្រាម។ លោក បានបន្ថែមថា ការផ្តល់ជូនពូជស្រូវនាពេលនេះ គឺសំដៅធ្វើយ៉ាងណា ឱ្យការងារបង្កបង្កើនផលស្រូវរដូវវស្សាទូទាំងខេត្តឆ្នាំនេះ កាន់តែមានសន្ទុះជាងបណ្តាឆ្នាំកន្លងមក។

បើតាមលោកអភិបាលខេត្ត បានឱ្យដឹងថា ខេត្តពោធិ៍សាត់ ពិតជាមានភ័ព្វសំណាងណាស់ ដែលទទួលបាននូវសមិទ្ធផលជាច្រើនពីសម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា រួមមានទំនប់ស្ទាក់ទឹកទី៣ និងទី៥ នៅក្នុងស្រុកភ្នំក្រវាញ ប្រព័ន្ធស្រោចស្រពធំៗចំនួន២កន្លែង គឺប្រឡាយមេដំណាក់អំពិល និងប្រឡាយមេចារឹក ក្នុងភូមិសាស្ត្រប៉ែកខាងលើ រួមមានស្រុកភ្នំក្រវាញ ស្រុកតាលោសែនជ័យ ស្រុកបាកាន ក្រុងពោធិ៍សាត់ និងប៉ែកខាងក្រោម ក្នុងស្រុកកណ្តៀង។

នៅចំពោះមុខប្រជាពលរដ្ឋ លោកអភិបាលខេត្ត បានស្នើឱ្យមន្ទីរធនធានទឹក និងមន្ទីរកសិកម្មខេត្ត សហការជាមួយរដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់ ដើម្បីជួយសម្រួលដោះស្រាយទឹក ចេញពីប្រឡាយមេ ជូនប្រជាជនប្រើប្រាស់ ឱ្យបានសមស្របទៅតាមរដូវកាល។ លោក ក៏បានផ្ដាំផ្ញើដល់ប្រជាកសិករ ធ្វើការពិភាក្សាជាមួយរោងម៉ាស៊ីនកិនស្រូវ ឬភ្នាក់ងារកសិកម្ម ដែលចុះជាប់ជាប្រចាំ ត្រូវជ្រើសរើសពូជស្រូវណា ដែលជាតម្រូវការទីផ្សារ និងធានាតម្លៃនាំចេញ១០០%៕