ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការផ្ដាំផ្ញើទៅកាន់មន្ត្រីទាំងអស់ ឲ្យប្រយ័ត្នប្រយ៉ែងចំពោះការងាររបស់ខ្លួន ព្រោះសម្ដេចលែងមានការសួរនាំទៀតហើយ គឺត្រឹមតែ ១៥នាទីប៉ុណ្ណោះ អាចត្រូវដកតំណែងបានហើយ។
សម្ដេចតេជោ ហ៊ុន សែន បានធ្វើការផ្ដាំផ្ញើនេះ ក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋាន សាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “សុំផ្ញើសារឲ្យមន្ត្រីនានាប្រយ័ត្នប្រយ៉ែង ខ្ញុំគ្មានការចាំបាច់ ដើម្បីនិយាយជាមួយរដ្ឋមន្ត្រីការពារជាតិ រដ្ឋមន្ត្រីមហាផ្ទៃ ក្នុងការដកចៅហ្វាយស្រុក ដកចៅហ្វាយខេត្ត ដកមេទាហាន មេប៉ូលីស ក្នុងដែនសមត្ថកិច្ចខ្ញុំទេ ព្រោះសួរអស់លោក ៥ខែក្រោយមក មិនទាន់ឆ្លើយតប។ អញ្ចឹងទេ ខ្ញុំប្រើប្រាស់ត្រឹមតែ១៥នាទី គឺគ្រប់គ្រាន់ហើយ គ្រាន់តែវាយត្រានិងបោះត្រា ហើយស៉ីញ៉ែភ្លាម ហ្វេសប៊ុកខ្ញុំនៅក្នុងដៃបង្ហោះភ្លាម”។
សម្ដេច បានរំលឹកឲ្យមន្ត្រីគ្រប់រូប ត្រូវអនុវត្តន៍ការងាររបស់ខ្លួន ទៅតាមបាវចនាចំនួន២ និងអភិក្រមទាំង៥ ដោយសម្ដេចបញ្ជាក់ថា៖ “ខ្ញុំបាននិយាយហើយថា បាវចនា២ អភិក្រម៥។ បាវចនា២ គឺកែទម្រង់ខាងក្នុង និងពង្រីកមិត្តខាងក្រៅ លើមូលដ្ឋាននៃឯករាជ្យ និងអធិបតេយ្យភាពជាតិ។ អភិក្រមទាំង៥ រួមមាន៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”។
សូមរំលឹកថា កាលពីពេលថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន បានសម្រេចអនុវត្តប្រើប្រាស់ អភិក្រម “វះកាត់” ដោយដកតំណែងអភិបាលរងខេត្តព្រះសីហនុ២រូប, លុបឈ្មោះ ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី ចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ បន្ទាប់ពីធ្លាយវីដេអូមួយ ចែកប្រាក់ដល់កូនៗចំនួន៥នាក់រូប ដោយម្នាក់ៗទទួលបាន១០ម៉ឺនដុល្លារ ជាដើម។
ដោយសម្ដេចដោយចាត់ទុកថា ការវះកាត់សាច់ស្អុយ នេះចេញ គឺដូចជាការយកគ្រាប់គ្រូស ឬខ្សាច់ចេញពីស្បែកជើង ទើបអាចដើរទៅមុខទៀតបាន ដោយមិនពងជើង ឬឈឺជើង៕