ក្រុមហ៊ុន​ចិន ប្រកាស​ពី​គម្រោង សាងសង់ ឡស​ម្ងួ​ត​ស្រូវ បាន ១៣​ពាន់​តោន និង​ឃ្លាំង​ស្តុក​អង្ករ បាន​១​លាន​តោន​

1913

ភ្នំពេញ​៖ ក្រុមហ៊ុន​វិនិយោគ​របស់​ប្រទេស​ចិន មកពី​ខេត្ត​ហឺ​ណាន់ បានបង្ហាញ​ពី​គម្រោង​វិនិយោគ លើ​ការសាងសង់​ប្រព័ន្ធ​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​ស្រូវ​-​អង្ករ​នៅក្នុង​ប្រ​ទស​កម្ពុជា ដែលមាន​សមត្ថភាព​ខ្ពស់ ដើម្បី​ចូលរួម​ពង្រឹង​ខ្សែចង្វាក់​ផ្គត់ផ្គង់​ស្រូវ​អង្ករ​ជាតិ ជាពិសេស​ថែរក្សា​ស្ថិរភាព​តម្លៃ និង​កាត់បន្ថយ​ការហូរ​ចេញ​ស្រូវ ទៅកាន់​ប្រទេសជិតខាង ព្រមទាំង​បង្កើន​ប្រាក់ចំណូល​ជូន​ប្រជាកសិករ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។

ស្រូវ​កម្ពុជា ​អង្ករកម្ពុជា

​នៅក្នុង​ជំនួប​ជាមួយ​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម កាលពី​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៩​កន្លងទៅនេះ លោក ប៊ី គង់​មីន (BI Guangmin) ប្រធាន​ក្រុមប្រឹក្សា​នៃ​ក្រុមហ៊ុន Henan Yuguang International Economic & Technical Cooperation បានបង្ហាញ​ពី​គម្រោង​សាងសង់​ឃ្លាំង​ស្តុក​ស្រូវ ឃ្លាំង​ស្តុក​អង្ករ និង​ឡស​ម្ងួ​ត​ស្រូវ ដែលមាន​សមត្ថភាព​ស​ម្ងួ​ត​ស្រូវ​សើម ដល់​ទៅ ១៣​ពាន់​តោន ក្នុង​មួយថ្ងៃ ហើយ​អាច​ស្តុក​ស្រូវ​-​អង្ករ​ស្ងួត​បាន​ដល់​ទៅ ១​លាន​តោន​។

​លោក ប៊ី គង់​មីន បាន​បន្ថែមទៀតថា ក្រុមហ៊ុន​របស់លោក​ច​ង់​សាងសង់​ប្រព័ន្ធ ឃ្លាំង​ស្តុក​អង្ករ ឃ្លាំង​ស្ដុក​ស្រូវ និង​ឡស​ម្ងួ​ត​ស្រូវ នៅក្នុង​ខេត្ត​ដែលមាន​សក្តានុពល​ផលិត​ស្រូវ​-​អង្ករ ហើយ​នៅពេល​ការសាងសង់​បញ្ចប់ នឹង​ជួយ​បង្កើន​ការនាំចេញ​អង្ករ​កម្ពុជា ទៅក្នុង​ទីផ្សារ​អន្តរជាតិ​ក្នុង​មួយឆ្នាំ ៥០​ម៉ឺន​តោន​។ លោក ក៏បាន​ស្នើសុំ​ការគាំទ្រ និង​អនុសាសន៍​បន្ថែម ដើម្បី​ជំរុញ​គម្រោង​សាងសង់ ឃ្លាំង​ស្តុក​ស្រូវ ឃ្លាង​ស្តុក​អង្ករ និង​ឡស​ម្ងួ​ត​ស្រូវ នេះ អាច​អនុវត្តន៍ បាន​ក្នុងពេល​ឆាប់ៗ​។​

​លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បានផ្តល់​ការគាំទ្រ​ពេញទំហឹង ចំពោះ​គម្រោង​ខាងលើ និង​បាន​ជម្រាបជូន​ទៅខាង​ភាគី​ចិន អំពី​គោលនយោបាយ​ស្រូវ​អង្ករ​ជាតិ​, យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា (CTIS) និង​កិច្ចប្រឹងប្រែង​របស់​ក្រសួងពាណិជ្ជកម្ម ក្នុង​ការជំរុញ​ផលិតកម្ម​ស្រូវ​-​អង្ករ ដើម្បី​ធ្វើ​ពិពិធ​កម្ម​ការនាំចេញ​ទៅកាន់​ទី​ផ្សារ​អន្តរជាតិ ឱ្យបាន​អតិបរមា​។​

ស្រូវ​កម្ពុជា ​អង្ករកម្ពុជា

​លោក​រដ្ឋមន្ត្រី ក៏បាន​ស្នើ​លោក ប៊ី គង់​មីន សហការ​ជាមួយ​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ ដើម្បី​រៀបចំ​កិច្ចសន្យា​ស្តីពី​វិស្វកម្ម និង​សាងសង់​, កិច្ចព្រមព្រៀង​ស្តីពី​ការបង្កើត​ក្រុមហ៊ុនចម្រុះ​កម្ពុជា​-​ចិន ព្រមទាំង​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ និង​ការគ្រប់គ្រង រវាង​រដ្ឋាភិបាល​កម្ពុ​ជា និង​ក្រុមហ៊ុន​វិនិយោគ​ជា​ដៃគូ សម្រាប់ធ្វើ​ប្រតិបត្តិការ និង​ថែទាំ​គម្រោង ដើម្បី​ជំរុញ​កិច្ចការ​ទៅមុខ​ដោយ​រលូន និង​ទទួលបាន​ជោគជ័យ​។​

វាលស្រែនៅកម្ពុជា

គួរ​រម្លឹក​ដែរ​ថា កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៧ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​គម្រោង​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ​ជាមួយ​ប្រទេស​ចិន ដែល​ក្នុងនោះ​ភាគី​កម្ពុជា តំណាង​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងពាណិជ្ជកម្ម ខណៈ​ភាគី​ចិន​តំណាង​ដោយ​ក្រុមហ៊ុន Henan Yuguang International Economic & Technical Cooperation, ធនាគារ​នីហរ័ណ​-​អាហរ័ណ​ចិន និង​ក្រុមហ៊ុន​ស៊ី​ទីក​ហ្គ្រុ​ប​។ នៅក្នុង​អនុស្សរណៈ ក្រុមហ៊ុន Henan Yuguang International Economic & Technical Cooperation នឹង​ទទួល​ការងារ​សាងសង់ ឡស​ម្ងួ​ត និង​ឃ្លាំង​ស្តុក ស្រូវ​-​អង្ករ នៅក្នុង​ប្រទេស​កម្ពុជា​៕​