ប៉េកាំង (Bloomberg)៖ លោក រិន ចេងហ្វី (Ren Zhengfei) ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា Huawei Technologies របស់ចិន បានលើកឡើងថា ប្រទេសចិន ទំនងនឹងមិនចាត់វិធានការ ទៅលើក្រុមហ៊ុនបច្ចេកវិទ្យា Apple Inc របស់សហរដ្ឋអាមេរិក ដើម្បីជាការសងសឹកចំពោះអ្វីដែលសហរដ្ឋអាមេរិក បានធ្វើមកលើក្រុមហ៊ុន Huawei កន្លងមកនោះឡើយ ហើយបើទោះជាប្រទេសចិន ចេញចំណាត់ការបែបនេះក្តី ក៏លោក រិន ចេងហ្វី (Ren Zhengfei) នឹងមិនគាំទ្រចំពោះការធ្វើបែបនេះដែរ។
ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយ Bloomberg ចំពោះសំនួរដែល បានចោទសួរទៅលោក រិន ចេងហ្វី (Ren Zhengfei) ថា តើរដ្ឋាភិបាលចិន គួរតែធ្វើតាមប្រជាជន ដែលបានប្រកូកប្រកាស ឲ្យមានវិធានការប្រឆាំងនឹងក្រុមហ៊ុន Apple ដែលជាអ្នកផលិតស្មាតហ្វូន iPhone ដ៏ល្បីនៅលើពិភពលោក ដែរឬទេ។
លោក រិន ចេងហ្វី (Ren Zhengfei) បាននិយាយថា៖ “ការសងសឹកពីរដ្ឋាភិបាលចិន ទៅលើក្រុមហ៊ុន Apple ប្រហែលជានឹងមិនអាចកើតឡើងឡើយ ប្រសិនបើវាកើតឡើងមែននោះ ខ្ញុំនឹងចេញមុខប្រឆាំងមុនគេ។ Apple គឺប្រៀបដូចជាគ្រូរបស់ខ្ញុំ ដូច្នេះហើយក្នុងនាមជាកូនសិស្ស តើហេតុអ្វីបានជាខ្ញុំ ត្រូវទៅប្រឆាំងនឹងគ្រូរបស់ខ្ញុំ គឺខ្ញុំនឹងគ្មានថ្ងៃធ្វើយ៉ាងដូច្នោះឡើយ”។
សម្រាប់សំណួរដែលបានលើកឡើងថា ក្រុមហ៊ុន Huawei អាចរីកចម្រើនបានដូចសព្វថ្ងៃនេះ គឺដោយសារតែការលួចបច្ចេកវិទ្យាពីសហរដ្ឋអាមេរិក ត្រូវបានលោក រិន ចេងហ្វី (Ren Zhengfei) បកស្រាយបែបចាក់ដោតវិញថា “បើមើលទៅលើបច្ចេកវិទ្យា 5G គឺសហរដ្ឋអាមេរិក មិនទាន់អភិវឌ្ឍន៍បាននោះទេ តើឲ្យក្រុមហ៊ុនខ្ញុំ ទៅលួចបច្ចេកវិទ្យានោះមកពីណា ខណៈដែលក្រុមហ៊ុន Huawei បាននឹងកំពុងតែនាំមុខគេទៅហើយនោះ និយាយរួមទៅ បើយើងដើរក្រោយសហរដ្ឋអាមេរិកវិញនោះ លោក ដូណាល់ ត្រាំ ប្រហែលជាមិនមករវល់ខំប្រឹង តាមរុកគួនពួកយើងបែបនេះឡើយ”។
ពាក់ព័ន្ធនឹងការថយចុះនៃចំនួនក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់ និង Software ពីអាមេរិក លោក រិន ចេងហ្វី (Ren Zhengfei) បានបញ្ជាក់ថា៖ “សហរដ្ឋអាមេរិក អាចគ្រប់គ្រង និងហាមប្រាមក្រុមហ៊ុនរបស់គេ ប៉ុន្តែសហរដ្ឋអាមេរិក គឺមិនមែនជា គោលការណ៍អន្តរជាតិ ឡើយ គឺសហរដ្ឋអាមេរិក មិនអាចគ្រប់គ្រងពិភពលោក ទាំងមូលបាននោះទេ។ ហេតុនេះ ប្រទេសដទៃទៀតនៅជុំវិញពិភពលោក អាចសម្រេចថាគួរឬមិនគួររកស៊ីជាមួយយើង (ក្រុមហ៊ុន Huawei) ដោយ អាស្រ័យលើផលប្រយោជន៍ពាណិជ្ជកម្ម និងគោលជំហររបស់ពួកគេ”។
លោក រិន ចេងហ្វី (Ren Zhengfei) បានបន្ថែមថា៖ “បើអាមេរិកនៅតែបន្តដាក់កំហិតលើយើង (ក្រុមហ៊ុន Huawei) យើងនឹងបន្ថយការទិញផលិតផលពីសហរដ្ឋអាមេរិក ហើយប្រើប្រាស់របស់ខ្លួនឯងតែកាន់តែច្រើន”។
លោក រិន ចេងហ្វី (Ren Zhengfei) បាននិយាយថា មិនចាំបាច់មានកិច្ចចរចាជុំវិញបញ្ហារបស់ក្រុមហ៊ុន Huawei ព្រោះសហរដ្ឋអាមេរិកមិនដែលទិញផលិតផលពី ក្រុមហ៊ុន Huawei នោះទេ ហើយប្រសិនបើនៅពេលអនាគតសហរដ្ឋអាមេរិកចង់ទិញក៏ដោយ ក៏លោកប្រហែលជាអាចមិនលក់ឲ្យឡើយ។
សូមបញ្ជាក់ថា លោក ដូណាល់ ត្រាំ ចង់បញ្ចូលបញ្ហារបស់ក្រុមហ៊ុន Huawei ទៅក្នុងកិច្ចចរចានៃ សង្គ្រាមពាណិជ្ជកម្ម រវាងចិននិងអាមេរិក ដែលកំពុងជាប់គាំង៕