ភ្នំពេញ៖ ដើម្បីកម្ចាត់អំពើពុករលួយចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រាប់អាវុធ គ្រប់លំដាប់ថ្នាក់, ការកឹបកេងទ្រព្យសម្បត្តិរដ្ឋ, កាប់បំផ្លាញព្រៃឈើ, ការរំលោភយកដីរដ្ឋ ធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងប្រើប្រាស់ អភិក្រមទី៥ គឺអភិក្រម «វះកាត់» ដោយត្រូវដកហូតបុណ្យស័ក្តិ ទ្រព្យសម្បត្តិ និងទទួលទោសតាមច្បាប់។
សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញគោលជំហរម៉ឹងម៉ាត់ ដើម្បីកម្ចាត់អំពើពុករលួយ ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រាប់អាវុធ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ។
ការដាស់តឿន រំលឹក របស់សម្តេចតេជោ ហ៊ុន សែន ជាលើកទី២ នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីសម្ដេចបានប្រកាសលើកទី១ ក្នុងពេលចុះពិនិត្យការដ្ឋានសំណង់ ពហុកីឡដ្ឋានជាតិមរតកតេជោ ដោយបានប្រកាសឲ្យមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ចុះធ្វើសកម្មភាពដោយផ្ទាល់តែម្តង ចំពោះមន្ត្រីប្រព្រឹត្តអំពើពុករលួយ ដោយគ្មានការយោគយល់ អនុគ្រោះ ឬទទួលការអន្តរាគមន៍អ្វីឡើយ។
គួររំម្លឹកផងដែរថា មន្ត្រីជាច្រើនរូប ត្រូវបានដកហូតតំណែង និងចាប់ខ្លួន ព្រោះតែបានប្រព្រឹត្តអំពើពុករលួយ តួយ៉ាងនាពេលថ្មីៗនេះ ប្រធាន អនុប្រធាន និងមន្ត្រីនៅមន្ទីរសុរិយោដីខេត្តពោធិ៍សាត់សរុប ៣រូប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួន បន្ទាប់ពីពួកគេបានឃុបឃិតគ្នា ជម្រិតទារលុយពីអ្នកវិនិយោគប្រមាណ ១០ម៉ឺនដុល្លារ ជាថ្នូរអនុញ្ញាតឱ្យសាងសង់រោងចក្រ។ រហូតមកដល់ពេលនេះ មន្ត្រីទាំង៣រូបនេះ ត្រូវបានតុលាការចោទប្រកាន់ និងចេញដីកាឃុំខ្លួនពួកគេ នៅពន្ធនាគារ ដើម្បីរងចាំនិតិវិធីបន្តផងដែរ៕