ភ្នំពេញ៖ ម្ទេសហាវៃ ពណ៌លឿង, ម្ទេសម៉ាឡេ ពណ៌ខៀវ, ផ្កាខ្ទឹម ត្រូវបានរកឃើញថា មានផ្ទុកនូវសារធាតុគីមី សំណល់ថ្នាំសម្លាប់សត្វល្អិត មានដាក់លក់នៅផ្សារអូឬស្សី និង ផ្សារដើមគ បន្ទាប់ពីមន្ត្រីនាយកដ្ឋានមន្ទីរពិសោធន៍ បាននាំយកផលិតផលចំនួន ៤០គំរូ ទៅធ្វើការត្រួតពិនិត្យ នៅថ្ងៃទី២ សីហានេះ។
លោក គង់ វុទ្ធី អនុប្រធានកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានបញ្ជាក់ថា ក្រុមការងារបានរកឃើញ សំណល់ថ្នាំសម្លាប់សត្វល្អិត នៅក្នុងបន្លែដូចជា ម្ទេសហាវៃ ពណ៌លឿង, ម្ទេសម៉ាឡេ ពណ៌ខៀវ, ផ្កាខ្ទឹម ដែលនាំចូលមកពីប្រទេសវៀតណាម។

លោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រាប់ទៅសារព័ត៌មានវីអូឌីថា បានណែនាំឲ្យមន្ត្រីនៅតាមច្រកព្រំដែនជាមួយវៀតណាម មានជ្រៃធំ បាវិត និងខេត្តមួយចំនួននៅម្តុំខេត្តព្រៃវែង ឲ្យត្រួតពិនិត្យទៅលើការនាំចូលបន្លែប្រភេទនេះ។

សូមជម្រាបថា ប្រទេសម៉ាឡេស៊ី បានសម្រេចផ្អាកការនាំចូលម្ទេស ពីប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ ក្រោយពីរកឃើញថាបន្លែប្រភេទនេះ មានផ្ទុកទៅដោយថ្នាំពុលសម្លាប់សត្វល្អិត ដែលត្រូវបានហាមឃាត់។

កម្ពុជា នាំចូលបន្លែប្រមាណ ៣០ភាគរយ ស្មើនឹង ២០០លានដុល្លារអាមេរិកក្នុង ១ឆ្នាំៗ ដើម្បីផ្គត់ផ្គង់តម្រូវការបន្លែប្រមាណពី ៥០០ ទៅ ៦០០តោនក្នុងមួយថ្ងៃៗ ដែលភាគច្រើននាំចូលពីប្រទេសវៀតណាម និងប្រទេសចិន៕