ភ្នំពេញ៖ បន្ទាប់ពីសមត្ថកិច្ចបើកការស៊ើបអង្កេត អំពីការលួចនាំកាកសំណល់ប្លាស្ទិកចូលទឹកដីកម្ពុជារួចមក ត្រូវបានលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ប្រាប់ឲ្យដឹងថា កាកសំណល់ខុសច្បាប់ទាំងនេះ គឺមានប្រភពមកពីសហរដ្ឋអាមេរិក និងប្រទេសកាណាដា និងមានទម្ងន់ប្រមាណ ១៦០០តោន។
លោក នេត្រ ភក្ត្រា បានបន្ថែមថា៖ “សមត្ថកិច្ចកិច្ចបាននិងកំពុងរៀបចំដំណើរការនីតិវិធីដើម្បីបញ្ជូនទៅប្រភពដើមវិញ និងធ្វើការផាកពិន័យលើក្រុមហ៊ុន ដែលនាំចូលមកនោះតាមច្បាប់ជាធរមាន”។
ការលួចនាំចូលទំនិញហាមឃាត់សំណល់ប្លាស្ទិកមកកម្ពុជា ដោយអ្នកនាំចូលក្លែងឈ្មោះទំនិញ ដោយដាក់ថាជា “ផលិតផលសម្រាប់កែច្នៃឡើងវិញ” ដោយមិនបានបញ្ជាក់ថាជា “សំណល់ប្លាស្ទិក” នោះឡើយ។
គួររំម្លឹកផងដែរថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៩ កន្លងទៅនេះ ក្រសួងបរិស្ថាន និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ បានសម្រេចគាស់ទូរកុងទឺន័រចំនួន ៨៣នោះ ដើម្បីពិនិត្យជាក់ស្ដែង នៅក្នុងកំពង់ផែ ខេត្តព្រះសីហនុ ក្រោយពីមានការសង្ស័យ ចំពោះទំនិញនៅក្នុងទូរកុងទឺន័រនោះ៕