ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឲ្យសមត្ថកិច្ច មិនត្រូវរាថយចំពោះការប្រយុទ្ធប្រឆាំង នឹងសកម្មភាពលាងលុយ និងការសម្អាតលុយ តាមច្រកទ្វារអន្តរជាតិចេញចូលទូទាំងប្រទេស។
ការលើកឡើងរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារ ដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកាន់កាប់ប្រើប្រាស់ និងការទទួលពាក្យសុំប្រកាសទទួលស្គាល់ ជាជនបរទេសអន្តោប្រវេសន្ត និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ កាលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ។
សម្តេចក្រឡាហោម ស ខេង បានថ្លែងថា៖ “បើនិយាយពីគោលការណ៍របស់យើង ច្បាប់ក៏មានគោលការណ៍ គោលនយោបាយ ទិសដៅរបស់រាជរដ្ឋាភិបាលក៏មាន ដែលយើងអត់ត្រូវរាថយទេ។ អត់ត្រូវរាថយទេបញ្ហានេះ ពីព្រោះវាពាក់ព័ន្ធដល់កិត្តិយសមុខមាត់ ពាក់ព័ន្ធនឹងច្បាប់អន្តរជាតិទៀត។ ដូចខ្ញុំធ្លាប់បានលើកឡើងថា បើសិនជាគេចាត់ទុកកម្ពុជា ជាប្រទេសដែលលាងលុយ ជាប្រទេសដែលខ្មៅ នោះយើងនឹងប៉ះពាល់ដល់ប្រព័ន្ធធនាគាររបស់យើង រាប់ទាំងធនាគារជាតិផង មិនថាតែធនាគារឯកជនទេ។ ជាឧបសគ្គមួយធំណាស់”។
សម្តេចក្រឡាហោម ស ខេង បានប្រាប់ទៅសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឲ្យគិតពីផលប្រយោជន៍ជាតិជាធំ ដោយសង្កត់ធ្ងន់ថា ៖ “យកចិត្តទុកដាក់អនុវត្តន៍ឱ្យបាន។ មិនត្រូវស៊ុគ្រលុំ វាបានផលប្រយោជន៍ទៅបុគ្គល បុគ្គលនេះ បុគ្គលនោះអ៊ីចឹងមែន ប៉ុន្តែយើងត្រូវគិតដល់ផលប្រយោជន៍ជាតិជាធំ ផលប្រយោជន៍ប្រជាពលរដ្ឋជាធំ។ អ៊ីចឹងហើយត្រូវប្តេជ្ញាធ្វើបញ្ហានេះឱ្យបាន”។
គួររំម្លឹកផងដែរថា គិតរហូតដល់ពេលនេះ សមត្ថកិច្ចបង្ក្រាបលុយខុសច្បាប់ ដែលនាំចូលមកប្រទេសកម្ពុជា នៅតាមច្រកអន្តរជាតិ មានចំនួនសរុប ៧.៤លានដុល្លារអាមេរិកហើយ។ លុយទាំងនោះ ត្រូវបានយកទៅតម្កល់ទុកនៅធនាគារជាតិ ដើម្បីស្រាវជ្រាវរកប្រភពដើម ចំណែកឯជនល្មើសនាំលុយខុសច្បាប់ ក៏ត្រូវបានឃុំខ្លួនផងដែរ៕