កណ្តាល៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប៉ាន់ប្រមាណថា បច្ចុប្បន្នការចិញ្ចឹមសត្វកន្ធាយអាចរកចំណូលបានយ៉ាងច្រើនក្រាសក្រែលរហូតដល់ ១០០លានដុល្លារ ក្នុងមួយឆ្នាំ ពីការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ក្នុងដំណើរចុះពិនិត្យមើលវិស័យវារីវប្បកម្មរបស់ប្រជាកសិករនៅខេត្តកំពង់ចាម, កណ្តាល និងខេត្តព្រៃវែងកាលពីចុងសប្តាហ៍កន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន រួមជាមួយគណប្រតិភូក្រសួង បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមសត្វកន្ធាយរបស់លោក ហេង ម៉ាទីណេ នៅភូមិស្វាយមាស ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
លោក ហេង ម៉ារីណេ បាននិយាយថា អាជីពចិញ្ចឹមកន្ធាយតាំងពីឆ្នាំ ២០០៣ បច្ចុប្បន្នក្នុងកសិដ្ឋានរបស់លោកមានកន្ធាយ ៥ម៉ឺនក្បាល ដោយមិនរាប់បញ្ចូលជាមួយដៃគូចិញ្ចឹមនៅខេត្តស្ទឹងត្រែង និងខេត្តតាកែវ និងកសិករក្នុងតំបន់នេះ។លោកបានឱ្យដឹងថា ជាមធ្យមកន្ធាយចិញ្ចឹមរយ: ពេល ១ឆ្នាំមានទម្ងង់ ១kg មានតម្លៃ ១០ដុល្លារ ហើយលោក និងក្រុមផលិតអាចផ្គត់ផ្គង់ទីផ្សារបាន ៥តោនក្នុងមួយថ្ងៃ ត្រូវការកូន ១០លានក្បាល ហើយបើ ១ក្បាល តម្លៃ ១០ដុល្លារ នោះយើងអាចរកចំណូលបាន ១០០លានដុល្លារ ក្នុងមួយឆ្នាំ។ ក្នុងឆ្នាំ២០២០ កន្ធាយមានតម្លៃផ្លាក់ចុះមកនៅត្រឹម ៧-៨ដុល្លារ/kg ដោយសារមានការនាំចូលពីវៀតណាម ធ្វើឱ្យប៉ះពាល់ដល់ផលិតកម្មក្នុងស្រុក ត្រង់ចំណុចនេះ លោក ម៉ារីណេ សំណូមពរឱ្យរាជរដ្ឋាភិបាលជួយទប់ស្កាត់ ឬកាត់បន្ថយបរិមាណនាំចូលកន្ធាយ ដើម្បីអ្នកចិញ្ចឹមក្នុងស្រុកបង្កើនសមត្ថភាពចិញ្ចឹម ឆ្លើយតបតាមតម្រូវការទីផ្សារ និងជួយឧបត្ថម្ភទុនវិនិយោគបន្ថែម ដែលទីផ្សារសត្វកន្ធាយកំពុងពេញនិយម ជាពិសេសអតិថិជនជនជាតិចិន។ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ការចូលរួមពីវិស័យឯកជនក្នុងការវិនិយោគលើវិស័យកសិកម្មជារួម និងដោយឡែកវិស័យវារី វប្បកម្មនេះ ពិតជាបានចូលរួមចំណែកបង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន បង្កើនចំណូលក្នុងគ្រួសារ និងកាត់បន្ថយភាពក្រីក្រ ជាពិសេសចូលរួមអនុវត្តគោនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ស្របតាមអភិក្រម “រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍កសិកម្ម”។
ជាមួយគ្នានេះ លោកក៏បានសម្តែងនូវការគាំទ្រចំពោះឆន្ទ:ពង្រីកផ្ទៃដីចិញ្ចឹមកន្ធាយនាពេលអនាគត ដែលវានឹងចូលរួមចំណែកបង្កើនផលិតផលកន្ធាយសម្រាប់ទីផ្សារក្នុងស្រុក និងទិសដៅនាំចេញនាពេលអនាគត៕