ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា លោកស្រី Angela Corcoran និង ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ លោក Christan Berger បានអញ្ចើញទៅជួបលោក កឹម សុខា នៅឯគេហដ្ឋានរបស់លោក កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ។
លោក មុត ចន្ថា នាយកខុទ្ទកាល័យរបស់ លោក កឹម សុខា បានអះអាងថាជំនួបទាំង២នេះ ដូចទៅនឹងជំនួបមុនៗដែរ ដោយផ្តោតសំខាន់លើការសួរសុខទុក្ខ និងបញ្ហាសុខភាពរបស់ លោក កឹម សុខា។
លោក មុត ចន្ថា បានប្រាប់ថា៖ “ជំនួបនេះមិនខុសអ្វីពីជំនួបមុនៗទេ ឯកឧត្តមអគ្គរដ្ឋទូត គាត់បានមកសម្តែងការសួរសុខទុក្ខ ក៏ដូចជាពិភាក្សាអំពីបញ្ហាសុខភាព ព្រោះបង ប្អូនឃើញហើយនៅក្នុងសេចក្តីសម្រេចរបស់តុលាការ ការបន្ធូរបន្ថយលក្ខខណ្ឌចំពោះការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការហ្នឹង គឺផ្អែកលើបញ្ហាសុខភាព”។
លោកបានបន្តថា៖ “ហើយក៏បានជជែកគ្នាអំពីបញ្ហាប្រជាធិបតេយ្យ នៅប្រទេសកម្ពុជា រួមគ្នាកសាងប្រជាធិបតេយ្យទៅមុខទៀត និងផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅ”។
លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដដែល ប៉ុន្តែទទួលបានការបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យមួយចំនួន។ លក្ខខណ្ឌថ្មីនេះ រួមមាន៖ ១៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា។ ២៖ មិនត្រូវធ្វើសកម្មភាពនយោបាយ និង៣៖ ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច។
ក្នុងជំនួបជាមួយអគ្គរដ្ឋទូតបារាំង អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក កន្លងទៅនេះ ភាគីទាំងអស់បានចែករំលែកបទពិសោធន៍ និងសួរសុខទុក្ខគ្នាទៅវិញទៅមក ដោយមិនបានពិភាក្សាអំពីបញ្ហានយោបាយ នោះឡើយ៕