ទីក្រុងប៉េកាំង៖ ប្រទេសចិន ដែលមានលោក ស៊ី ជីនពីង ជាប្រធានាធិបតីចិន បានសម្រេចផ្តល់ជំនួយដក់ប្រទេសកម្ពុជា ក្នុងចំនួនទឹកប្រាក់ប្រមាណ ៤ពាន់លានយ័ន គឺស្មើនឹងជិត ៦០០លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។
ការសម្រេចនេះ គឺធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយលោកប្រធានាធិបតីចិន ស៊ី ជីនពីង ។
សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចផ្លូវការនោះ ប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរកម្ពុជា-ចិន បានចេញសេចក្តីប្រកាសរួម និងបានចុះហត្ថលេខាលើឯកសារចំនួន១៩ លើវិស័យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ថាមពល និងសុខាភិបាល។
ចំពោះទំហំពាណិជ្ជកម្មនៃប្រទេសកម្ពុជា និងចិនវិញ មេដឹកនាំនៃប្រទេសទាំងពីរ មានបំណងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបាន ១០ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០២៣ ខណៈបច្ចុប្បន្នទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ មានជាង ៥ពាន់ ៥៧៧លានដុល្លាអាមេរិក។ ក្នុងនោះនៅឆ្នាំ២០២០ខាងមុខ ភាគីទាំងពីរ មានបំណងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យដល់ ៦ប៊ីលានដុល្លាអាមេរិក។
លើវិស័យវិនិយោគទុន ក្នុងឆ្នាំ២០១៨កន្លងទៅ វិនិយោគទុនចិន នៅកម្ពុជាមានទឹកប្រាក់ ២ពាន់ ៨២២លានដុល្លា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមវិនិយោគទុនបរទេស។ ក្នុងនោះរួមមានវិស័យឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរ វារីអគ្គិសនី រោងចក្រកិនស្រូវ កសិឧស្សាហកម្មកភស៊ូ និងជី វិស័យសំណង់ និងរោងចក្រធ្យូថ្ម៕