កម្ពុជា​-​ហុង​គ្រី បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង និង​អនុស្សារណៈ​សំខាន់ៗ​ចំនួន​៣

1283

ហុង​គ្រី​៖ រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា និង​រដ្ឋាភិបាល​ប្រទេស​ហុង​គ្រី ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង និង​អនុស្សារណៈ​សំខាន់ៗ​ចំនួន​៣ បន្ទាប់ពី​បញ្ចប់​ជំនួប​កំពូល​រវាង សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​នាយករដ្ឋមន្ត្រី​ហុង​គ្រី លោក វី​ទ័​រ អូ​បេន (Viktor Orban) នៅ​វិមាន​កា​ម៉េ​លី​តា ដែលជា​វិមាន​រដ្ឋាភិបាល ក្នុង​ទីក្រុង​ប៊ុ​យ​ដា​ប៉េ​ស កាលពី​រសៀល​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ (​ម៉ោង​នៅ​ប្រទេស​ហុង​គ្រី​)​។​

កិច្ចព្រមព្រៀង និង​អនុស្សារណៈ​សំខាន់ៗ​ចំនួន​៣ ដែល​បាន​ចុះហត្ថលេខា រួមមាន​៖

​ទី​១៖ កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ហុង​គ្រី ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​។​

​ទី​២៖ កម្មវិធី​ផ្លាស់ប្តូរ​វិស័យ​អប់រំ រវាង​ក្រសួង​អប់រំ​យុវជន និង​កីឡា ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​ធនធានមនុស្ស​ហុង​គ្រី សម្រាប់​ឆ្នាំ​២០២០-២០២១ និង​ឆ្នាំ​២០២២​។

​ទី​៣៖ អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍​ធនធានមនុស្ស ទេសចរណ៍ រវាង​វិទ្យាស្ថាន​ជាតិ​ទេសចរណ៍​កម្ពុជា ជាមួយ​សាកលវិទ្យាល័យ Milton Friedman University នៃ​ប្រទេស​ហុង​គ្រី ក៏បាន​ចុះហត្ថលេខា​ផងដែរ​។​

​សូមបញ្ជាក់ថា ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​ហុង​គ្រី បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយគ្នា នៅ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​១៩៥៦​។ ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​ទាំងពីរ ត្រូវបាន​កាត់ផ្តាច់​ក្នុង​របប​ខ្មែរក្រហម​នា​ឆ្នាំ​១៩៧៥​។​

​នៅ​ឆ្នាំ​១៩៧៩ សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​ប្រទេស​ហុង​គ្រី បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាថ្មី​ឡើងវិញ ក្នុង​រយៈពេល​នោះ​គឺ​ពី​ឆ្នាំ​១៩៧៩ រហូតដល់​ឆ្នាំ​១៩៩៣ ប្រទេស​ហុង​គ្រី​បានផ្តល់​ការឧបត្ថម្ភ គាំទ្រ​ដល់​អតីត​រដ្ឋ​កម្ពុជា និង​បានរួម​ចំណែក​ដល់​ប្រតិបត្តិការ​របស់​អ៊ុនតាក់ ក្នុង​ប្រតិបត្តិការ​សន្តិភាព​នៅ​កម្ពុជា​។​

​នៅក្នុង​ទំនាក់ទំនង​ទ្វេភាគី​នោះដែរ ហុង​គ្រី​បានផ្តល់​ថវិកា​ចំនួន​១០០​លាន​ហ្វ័​រ​រី​ន​ហុង​គ្រី ដល់​រដ្ឋាភិបាល​នៃ​អតីត​រដ្ឋ​កម្ពុជា ក្នុងការ​សាងសង់​មជ្ឈមណ្ឌល​កុមារកំព្រា​ក​ម្ពុ​ជា បារាំង ហុង​គ្រី កំពង់​ក​ន្តួ​ត ខេត្តកណ្តាល និង​នៅ​ឆ្នាំ​១៩៩៧ កាកបាទក្រហម​ហុង​គ្រី បានផ្តល់​ជំនួយ​ថ្នាំពេទ្យ គិត​ជា​ទឹកប្រាក់​ជាង​១​ម៉ឺន​ដុល្លា​អាមេរិក ដល់​ជនរងគ្រោះ​ដោយ​ទឹកជំនន់​នៅ​កម្ពុជា​។​

​លើ​ការរួមចំណែក​ដល់​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​នៅ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៨០ រហូតដល់​ឆ្នាំ ១៩៩១​ហុង​គ្រី បានរួម​ចំណែក​បណ្តុះបណ្តាល​និស្សិត​កម្ពុជា​សរុប​ចំនួន​១៩៥​នាក់​។ ចាប់ពី​ឆ្នាំ ២០១៤ ដល់​ឆ្នាំ​២០១៨ និស្សិត​កម្ពុជា​ចំនួន​៥០​នាក់ បានទទួល​អាហារូបករណ៍​ក្រោម​កម្មវិធី Sripendium Hungarian Program ដើម្បី​សិក្សា​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ លើ​មុខវិជ្ជា​កសិកម្ម មនុស្សសាស្ត្រ វិស្វកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ ធម្មជាតិ​។​ល​។ ដោយឡែក​ក្នុង ឆ្នាំ​២០១៩​នេះ មាន​និស្សិត​កម្ពុជា​ចំនួន​២៩​នាក់ កំពុង​បន្ត​ការសិក្សា​នៅ​ប្រទេស​ហុង​គ្រី​។​

​សូម​បញ្ជាក់ដែរថា លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​នេះដែរ ឥស្សរជន​ជាន់ខ្ពស់​កម្ពុជា​ចំនួន​៣​រូប​ធ្លាប់ បាន​សិក្សា​នៅ​ប្រទេស​ហុង​គ្រី ក្រោយ​ថ្ងៃ​រំដោះ​៧​មករា​ឆ្នាំ​១៩៧៩ ក្នុងនោះ​រួមមាន​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​, លោក ឡុង វីសាលោ និង​លោក ស សុវណ្ណ រដ្ឋលេខាធិការ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​៕ ប្រ​ភព​៖ FN​