ភ្នំពេញ៖ គម្រោងសាងសង់ សួនទឹក Angkor Water Park ដែលបានបោះទុនវិនិយោគប្រមាណ ៥៥លានដុល្លារអាមេរិក ដោយក្រុមហ៊ុន LYP GROUP របស់លោកឧកញ៉ា លី យ៉ុងផាត់ ត្រូវបានគេរំពឹងថា នឹងអាចដាក់ឲ្យដំណើរការនៅចុងឆ្នាំ២០១៩នេះ ខណៈក្រុមហ៊ុន White Water Group ដែលជាអ្នកទទួលធ្វើគម្រោងនេះ កំពុងពន្លឿនដំណើរការសាង សង់សួនទឹក Angkor Water Park លំដាប់អន្តរជាតិមួយនេះ។

យោងតាមព៌តមានរបស់ក្រុមហ៊ុន LYP GROUP បានឲ្យដឹងថា សួនទឹក Angkor Water Park នេះ មានឧបករណ៍កំសាន្តច្រើនជាងសួនទឹកនៅប្រទេសថៃ ៥០ភាគរយ ក្នុងនោះរួមមាន មានរលកសិប្បនិម្មិតកម្ពស់ ៣.៥ ម៉ែត្រ សាងសងនៅលើទំហំដី ៦.៣ហិចតា នៅក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វារ នៅភាគខាងជើងនៃរាជធានីភ្នំពេញ នឹងក្លាយជាសួនទឹកធំលំដាប់ទី២ ប្រចាំតំបន់អាស៊ាន បន្ទាប់ពីសួនទឹក Sunway lagoon ៣២ហិចតា របស់ប្រទេសម៉ាឡេស៊ី ហើយសួនទឹក Angkor Water Park ត្រៀមទម្លាក់តំណែងសួនទឹក Cartoon Network Pattaya របស់ប្រទេសថៃ ដែលមានទំហំតែ ៥.៧ ហិចតា។

ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបថ្មី របស់លោកឧកញ៉ា លី យ៉ុង ផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ដែលមានចម្ងាយប្រមាណ១៨គីឡូម៉ែត្រពីរាជធានីភ្នំពេញ សួនទឹក Angkor Water Park លំដាប់អន្តរជាតិនេះ គឺស្ថិតនៅទល់មុខគ្នានឹងសួនសត្វដ៏ធំជាងគេបំផុតនៅកម្ពុជា ភ្នំពេញ សាហ្វារី (Phnom Penh Safari World) ដែលបានចាប់បើកដំណើរការ ឲ្យចូលទស្សនាកម្សាន្ត កាលពីចុងឆ្នាំ២០១៧ កន្លងទៅនេះ។

ថ្នាក់ដឹកនាំក្រុមហ៊ុន LYP GROUP បានប្រាប់ថា ដោយសារតែ នៅរាជធានីភ្នំពេញ ខ្វះកន្លែងកម្សាន្តកម្រិតស្តង់ដារអន្តរជាតិ ហេតុនេះហើយទើបក្រុមហ៊ុន LYP GROUP សម្រេចចិត្តសាងសង់សួនទឹក Angkor Water Park ដ៏ធំជាងគេមួយនេះឡើង ដើម្បីផ្តល់សេវាកម្មកំសាន្ត ដល់ប្រជាជនកម្ពុជា ឲ្យមានកន្លែងកំសាន្ត ក៏ដូចជាទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិផងដែរ។

គួររំម្លឹកផងដែរថា កាលពីចុងឆ្នាំ២០១៧ ក្រុមហ៊ុន LYP Group បានបើកដំណើរការ ភ្នំពេញ សាហ្វារី (Phnom Penh Safari World) ដែលមានតម្លៃ ១០ លានដុល្លារ ដោយដាក់ឲ្យមាន សត្វចិញ្ចឹមចំនួន ៨០០ ក្បាលរួមមាន ខ្លាឃ្មុំ, អូរទ្រីស, កង់គូរ៉ូ, សត្វកវែង, ខ្លា, ផ្សោត, សត្វក្តាន់, សត្វស្វា, សត្វសេក, សត្វក្រពើ និងសត្វផ្សេងៗជាច្រើនទៀត រួមជាមួយការសម្ដែងផ្សេងៗផងដែរ។ សួនសត្វនេះ ដំបូងគឺស្ថតិនៅក្នុងខេត្ដកោះកុង ហើយត្រូវបានប្ដូរទីតាំងមក រាជធានីភ្នំពេញវិញ៕