សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន បានផ្ទុះឡើងកាលពីដើមឆ្នាំ ២០១៨ ហើយនៅដើមខែនេះ សង្គ្រាមពាណិជ្ជកម្មមួយនេះ កាន់តែក្តៅឡើងៗ បន្ទាប់ពីការការចរចារវាងប្រទេសចិន និងសហរដ្ឋអាមេរិក មិនបានសម្រេចជាលទ្ធផលអ្វីនោះ ពោលគឺភាគីទាំងសងខាង បានតម្លើងពន្ធនាំចូល លើផលិតផលមួយចំនួនរហូតដល់ ២៥%។
អ្វីដែលជាការកត់សម្គាល់ខ្លាំងនោះគឺ សហរដ្ឋអាមេរិក បានប្រកាសដាក់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ប្រទេសចិនឈ្មោះថា Huawei ទៅក្នុងបញ្ជីខ្មៅ ដែលធ្វើឲ្យក្រុមហ៊ុនរបស់ចិនមួយនេះ មិនអាចរកស៊ី និងប្រើប្រាសបច្ចេកវិទ្យា ផ្ដល់ដោយរបស់ក្រុមហ៊ុននៅសហរដ្ឋអាមេរិក ប្រសិនបើគ្មានការអនុញ្ញាត ពីរដ្ឋាភិបាលសហរដ្ឋអាមេរិកនោះ។
ការដាក់សម្ពាធនេះ ត្រូវបានគេលើកឡើងថា ក៏ព្រោះតែសហរដ្ឋអាមេរិក បានមើលឃើញ បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei រីកចម្រើនខ្លាំងក្លាជាងខ្លួនខ្លាំងពេក ដែលនាំឲ្យប្រទេសចិន ក្លាយជាអ្នកនាំមុខខាងផ្នែកបច្ចេកវិទ្យានេះ និងទទួលបានផលចំណេញច្រើន សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសចិន។ ដូចនេះសហរដ្ឋអាមេរិក ត្រូវទប់ទល់ចំពោះការរីកចម្រើនដ៏ខ្លាំងក្លានេះ ដោយយកលេសចោទប្រកាន់ថា បច្ចេកវិទ្យារបស់ក្រុមហ៊ុន Huawei គំរាមកំហែងផ្នែកសន្តិសុខជាតិ ហើយថែមទាំងប្រាប់សម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន កុំប្រើប្រាស់បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei ថែមទៀតផង។ ក្រុមហ៊ុន Huawei បានច្រានចោលការចោទប្រកាន់នេះ ហើយបានសុំឲ្យអាមេរិកបង្ហាញ ភស្តុតាងពីហានិភ័យផ្នែកសុវត្ថិភាព សម្រាប់ការចោទប្រកាន់នេះ។
បន្ទាប់ពីបម្រាម ដែលបានដាក់ចេញដោយលោក ដូណាល់ ត្រាំ ត្រូវបានចូលជាធរមានរួចមក ក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិក មានដូចជា Google, Microsoft ជាដើម ដែលរកស៊ីជាមួយក្រុមហ៊ុន Huawei ចង់មិនចង់ ត្រូវតែគោរពទៅតាមច្បាប់ បើទោះបីជាខ្លួនត្រូវខាតបងប្រាក់ចំណូលដ៏ច្រើនសន្ធឹកសន្ធាប់ យ៉ាងណាក៏ដោយនោះ។ ក្រុមហ៊ុនអាមេរិកទាំងនោះ បានចេញសេចក្ដីប្រកាស ផ្ដាច់ការផ្គត់ផ្គង់សេវាកម្ម, ទំនាក់ទំនង និងផលិតផល ឲ្យទៅក្រុមហ៊ុន Huawei ជាបន្តបន្ទាប់។
ចំពោះក្រុមហ៊ុន Huawei ដំបូងឡើងត្រូវបានមើលឃើញថា ក្រុមហ៊ុននេះនឹងត្រូវរងគ្រោះខ្លាំង ព្រោះក្រុមហ៊ុនផ្គត់ផ្គង់ធំៗ សំខាន់ បានប្រកាសកាត់ផ្តាច់ទំនាក់ទំនងជាបន្តបន្ទាប់។ ក្នុងកែវភ្នែករបស់អាមេរិកមើលឃើញថា ការផលិតឧបករណ៍ ទូរគមនាគមន៍ របស់ក្រុមហ៊ុន Huawei ត្រូវការគ្រឿងបន្លាស់សំខាន់ៗមួយចំនួន ពីក្រុមហ៊ុនអាមេរិក ដូច្នេះហើយក្រុមហ៊ុន Huawei ច្បាស់ណាស់នឹងត្រូវជាប់គាំដំណើរការ ហើយប្រទេសចិន ច្បាស់ជាសុំអង្វរ សម្រាប់ការចរចារ ហើយប្រទេសចិន នឹងធ្វើតាមអ្វី ដែលសហរដ្ឋអាមេរិកចង់បាន។
ការគិតបែបនេះរបស់ សហរដ្ឋអាមេរិក អាចឲ្យអាមេរិក និងគូប្រជែងរបស់ក្រុមហ៊ុន Huawei ទទួលបានអត្ថប្រយោជន៍ ក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ ព្រោះគោលការណ៍គាំពារនិយម របស់សហរដ្ឋអាមេរិ នឹងជំរុញឲ្យក្រុមហ៊ុន Huawei និងក្រុមហ៊ុនចិនដទៃទៀត ខិតខំអភិវឌ្ឍន៍បច្ចេកវិទ្យារបស់ខ្លួនឯងផ្ទាល់ ដោយមិនពឹងផ្អែកទាំងស្រុងពេក ចំពោះក្រុមហ៊ុនបរទេស ដែលនៅថ្ងៃណាមួយ ប្រាកដណាស់ នឺងត្រូវគេខ្ទប់ដង្ហើម តួយ៉ាងដូចក្រុមហ៊ុន Huawei ជាគំរូ។ ម្យ៉ាងវិញទៀតនោះ ដោយយោងលើទៅលើភាពរីកចម្រើនយ៉ាងឆាប់រហ័ស នៃក្រុមហ៊ុនធំៗរបស់ចិន ពួកគេប្រហែលជាអាចឈានមុខ ហើយដណ្តើមឥទ្ធិពលពីក្រុមហ៊ុនអាមេរិក នៅក្នុងទីផ្សារអន្តរជាតិ ផ្នែកបច្ចេកវិទ្យា ថែមទៀតក៏ថាបាននាពេលអនាគត។
បម្រាមពាណិជ្ជកម្មរបស់អាមេរិក បានធ្វើឲ្យក្រុមហ៊ុន Huawei បាត់បង់ភាពជាដៃគូជាមួយក្រុមហ៊ុន Google ពោលគឺក្រុមហ៊ុន Huawei ត្រូវប្រឈមមុខនឹងការបាត់នូវសិទ្ធិប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ Android OS ព្រមទាំងកម្មវិធីផ្សេងៗទៀត ដែលមាននៅក្នុង ប្រព័ន្ធអេកូឡូស៊ីរបស់ Google។ ការបាត់បង់នេះ បានធ្វើឲ្យអតិថិជនមួយចំនួន នៅលើទីផ្សារអន្តរជាតិ នឹងឈប់ប្រើប្រាស់ស្មាតហ្វូនរបស់ Huawei នាំឲ្យក្រុមហ៊ុន Huawei ចុះខ្សោយ។
តែការបាត់បង់នេះ បាននាំឲ្យ Huawei ចាប់ផ្តើមបង្កើនសមត្ថភាពបង្កើតប្រព័ន្ធ OS និងប្រព័ន្ធអេកូឡូស៊ីផ្ទាល់របស់ខ្លួន ឲ្យកាន់តែខ្លាំងថែមទៀត ព្រោះក្រុមហ៊ុន Huawei បានដឺងជាមុនថា ថ្ងៃនេះនឹងមកដល់ ហើយក្រុមហ៊ុន Huawei បានចំណាយពេលសម្ងំបង្កើត ប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនឯង ជាច្រើនឆ្នាំរួចស្រេចមកហើយ ដែលមានឈ្មោះថា Hongmeng (សម្រាប់ទីផ្សារក្នុងស្រុកចិន) និង Ark ឬ Oak (សម្រាប់ទីផ្សារសកល)។
ទោះបីជា ប្រព័ន្ធដំណើការ បង្កើតឡើងដោយក្រុមហ៊ុន Huawei មិនប្រាកដថា នឹងអាចយកឈ្នះ Android របស់ Google ក៏ដោយក្តី តែនឹងបង្កើតឲ្យមាន ប្រព័ន្ធដំណើការទី៣ មួយទៀត នៅក្នុងទីផ្សារពិភពលោក ដែលនឹងកាត់បន្ថយចំណែកទីផ្សាររបស់ Android របស់ Google សម្រាប់ការប្រើប្រាស់នៅក្នុងប្រទេសចិន ដែលនេះ មិនមែនជាអ្វីដែល Google ចង់ឃើញនោះទេ។
ក្រុមហ៊ុន Huawei ធ្លាប់បញ្ជាក់ជាច្រើនដងហើយថា Android និង Windows នៅតែជាប្រព័ន្ធប្រតិបត្តិការចម្បង ដែលខ្លួនចង់បាន តែបើកាលៈទេសៈ បង្ខំ នោះគឺគ្មានជម្រើសទេ ដាច់ខាតត្រូវតែខំប្រឹងបន្ថែមទៀត ក្នុងការបង្កើតប្រព័ន្ធដំណើការ របស់ខ្លួនឲ្យខ្លាំង។
និយាយរួមទៅបម្រាមពាណិជ្ជកម្មនេះ មិនមែនត្រឹមតែជាផ្នែកមួយនៃសង្គ្រាមពាណិជ្ជកម្ម របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប៉ុណ្ណោះទេ តែវាប្រហែលជាអាចផ្លាស់ប្តូរ អនាគតនៃអ្នកដឹកនាំបច្ចេកវិទ្យាស្មាតហ្វូនតែម្តង។ បើគ្មានបម្រាមនេះ ក្រុមហ៊ុន Huawei ប្រហែលជានៅតែប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ី របស់ Google រហូត ព្រោះវាល្អសម្រាប់ខ្លួន។ ប៉ុន្តែឥឡូវនេះ នៅពេល ដែលត្រូវប្រឈមមុខជាមួយបញ្ហាយ៉ាងធំ ក្រុមហ៊ុន Huawei និងបណ្តាក្រុមហ៊ុនចិនដទៃទៀត ត្រូវតែត្រៀមខ្លួនប្រឆាំងឥទ្ធិពលរបស់ Google ប្រសិនបើពួកគេចង់នៅឈរជើងជាប់។
ក្រុមហ៊ុន Google ទំនងជាយល់ពីហានិភ័យ ដែលនឹងកើតមានចំពោះឥទ្ធិពលរបស់ខ្លួន ទើបបានទទូចសុំឲ្យ រដ្ឋាភិបាលអាមេរិក ផ្តល់ការលើកលែងដល់ប្រព័ន្ធប្រតិបត្តិការ Android របស់ខ្លួន មិនឲ្យជាប់បម្រាមពាណិជ្ជកម្ម ពោលគឺដើម្បីឲ្យស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei គ្រប់ជំនាន់ នៅតែអាចប្រើប្រាស់ Android បានតទៀត។ យ៉ាងណាមិញវាក៏អាចហួសពេលទៅហើយដែរ ព្រោះក្រុមហ៊ុន Huawei និងក្រុមហ៊ុនចិនផ្សេងទៀត បានមើលឃើញយ៉ាងច្បាស់ ពីហាន័យ ដែលអាមេរិកអាចបង្កឡើងចំពោះពួកគេ៕