រាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើម​បើក​ប្រាក់ឧបត្ថម្ភដល់​កម្មករ​ ជាង​៣ម៉ឺននាក់

641

ភ្នំពេញ៖ រាជរដ្ឋាភិបាល ចាប់ផ្តើមបើកប្រាក់ឧបត្ថម្ភ ដល់កម្មករក្នុងវិស័យកាត់ដេរ និងទេស​ចរណ៍ ជាង៣ម៉ឺននាក់ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ។ នេះបើយោងតាមសេចក្តីជូនដំណឹងពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ ប្រាប់ដល់កម្មករនិយោជិតចំនួន ៣៣,២៣១នាក់ ដែលបម្រើការងារនៅរោងចក្រ សហគ្រាសចំនួន១១១ នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារ។

យោងតាមសេចក្តីជូនដំណឹង ក្រសួងការងារ បានបញ្ជាក់ថា ការចាប់ផ្តើមបើកផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករនេះ ធ្វើឡើងស្របតាមស្មារតី នៃសេចក្តីណែនាំលេខ០៤៥/២០ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ របស់ក្រសួង និងស្របតាមស្មារតីជុំទី៣ នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល ឱ្យត្រៀមទៅបើកប្រាក់ឧបត្ថម្ភតាមសាខាណាមួយរបស់ភ្នាក់ងារវីង (Wing) ដែលនៅជិតបំផុត ទូទាំងប្រទេស ដោយមិនតម្រូវឱ្យបង់សេវាបន្ថែមណាមួយ ទៅភ្នាក់ងារវីងនោះឡើយ។

ក្រសួងការងារ ក៏បានបញ្ជាក់ផងដែរថា ធនាគារឯកទេសវីង នឹងផ្ញើសារទៅលេខទូរស័ព្ទ ដែលកម្មករធ្លាប់បានផ្តល់មកឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ សហគ្រាសនាពេលកន្លងមកជាបន្ថែមទៀត។

បើតាមលោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកឱ្យដឹងបន្ថែមថា ទឹកប្រាក់ដែលរាជរដ្ឋាភិបាល នឹងបើកជូនកម្មករក្នុងជុំទី១នេះ មានប្រមាណ ៦៨៤,២៩៥ដុល្លារ ហើយកម្មករដែលត្រូវបើកប្រាក់ឧបត្ថម្ភជូននេះ មកពីរោងចក្រកាត់ដេរចំនួន ៨៣រោងចក្រ និងមកពីសណ្ឋាគារ ភោជនីយដ្ឋានចំនួន ២៨៕