ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានចេញសេចក្ដីប្រកាសនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះថា អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលជាភ្នាក់ងារអនុវត្តច្បាប់ នឹងចាត់វិធានការតាមគ្រប់រូបភាព និងគ្រប់មធ្យោបាយស្របតាមច្បាប់ ក្នុងការស្វែងរក និងចាប់ខ្លួនទណ្ឌិត សម រង្ស៊ី និងបក្ខពួក យកមកផ្តន្ទាទោស តាមច្បាប់ជាធរមាន តាមដីការបស់តុលាការ។
សេចក្ដីប្រកាសព័ត៌មាន បានសរសេរថា ៖
“អ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ សូមជម្រាបជូនសាធារណៈជនជាតិ និងអន្តរជាតិឲ្យបានជ្រាបថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលដីកាបង្គាប់ឲ្យចាប់ខ្លួន ទណ្ឌិត សម រង្សី និងបក្ខពួក ដែលត្រូវតុលាការសម្រេចផ្តន្ទាទោស ហើយបច្ចុប្បន្នកំពុងគេចខ្លួន។
ក្នុងតួនាទីជាភ្នាក់ងារអនុវត្តច្បាប់ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការតាមគ្រប់រូបភាព និងគ្រប់មធ្យោបាយស្របតាមច្បាប់ ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពតាមដីការបស់តុលាការ ក្នុងការស្វែងរក និងចាប់ខ្លួនទណ្ឌិត សម រង្ស៊ី និងបក្សពួក យកមកផ្តន្ទាទោស តាមច្បាប់ជាធរមាន។”
បន្ថែមពីលើនេះទៀត អគ្គស្នងការដ្ឋាននគរបាលជាតិ បានសូមអំពាវនាវដល់សាធារណៈជនជាតិ និងអន្តរជាតិ ចូលរួមគាំទ្រដល់ការអនុវត្តភារកិច្ចរបស់កងកម្លាំងអនុវត្តច្បាប់ និងកុំធ្លាក់ទៅក្នុងឧបាយកល ញុះញង់របស់ជនអគតិមួយក្តាប់តូច ដែលកំពុងបំផុសឲ្យប្រជាពលរដ្ឋ បះបោរប្រឆាំងអាជ្ញាធរមានសមត្ថកិច្ច ដែលសកម្មភាពនេះ គឺជាទង្វើខុសច្បាប់ ហើយក៏ជាទង្វើដែលបង្កឲ្យមានអសន្តិសុខដល់សង្គម។
ម្យ៉ាងវិញទៀត អគ្គស្នងការដ្ឋាននគរបាលជាតិ សុំឲ្យបញ្ឈប់ជាបន្ទាន់ នូវរាល់ចេតនារារាំងការអនុវត្តដីការបស់តុលាការ ព្រោះសកម្មភាពរារាំងការអនុវត្តដីការបស់តុលាការ គឺជាអំពើដែលត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។
គួររំម្លឹកផងដែរថា លោក សម រង្ស៊ី អតីតមេដឹកនាំអតីតគណបក្សប្រឆាំង ដែលកំពុងនិរទេស រហូតមកដល់ពេលនេះ បានរងនូវពាក្យបណ្តឹងចំនួន ១០ ក្នុងនោះបណ្តឹងចំនួន ៨ ត្រូវបានជំនុំជម្រះរួចរាល់ជាស្ថាបពរ ខណៈបណ្តឹង ២ទៀត កំពុងស្ថិតនៅក្រោមនីតិវិធីច្បាប់របស់តុលាការ ៕