សូមបញ្ជាក់ថា ទាំងប្រទេសកម្ពុជា និងប្រទេសចិន បានប្រកាសរួចហើយថា ពុំមានកិច្ចព្រមព្រៀងជាសម្ងាត់ ឬចំហរណាមួយជាមួយភាគីចិន ឱ្យមានមូលដ្ឋានកងទ័ពចិន នៅលើទឹកដីកម្ពុជានោះទេ។
យោងតាមទីតាំងភូមិសាស្ដ្រ វត្តមានយោធាចិន នៅមូលដ្ឋានកងទ័ពជើងទឹករាម នៃខេត្តព្រះសីហនុ គឺជាការគំរាមកំហែងមួយដ៏ខ្លាំងចំពោះអាមេរិក ប្រសិនបើអាមេរិក និងចិន មានជម្លោះជាមួយគ្នា ពាក់ព័ន្ធទៅនឹងរឿងជម្លោះ “សមុទ្រចិនខាងត្បូង”។
ការដែលអាមេរិក ខិតខំប្រឌិនរឿងក្លែងក្លាយអំពី “វត្តមានយោធាចិន នៅមូលដ្ឋានកងទ័ពជើងទឹករាម” ឲ្យល្បីរន្ទឺពេញពិភពលោក ក៏ដោយសារតែនៅក្នុងកាលៈទេសៈនេះ បើមានវត្តមានកងទ័ពចិន នៅកម្ពុជាមែននោះ អាមេរិក គឺចាញ់ប្រៀបចិន នៅពេលដែលមានសង្គ្រាមកើតមានឡើង។
រដ្ឋបាលអាមេរិក ដឹកនាំដោយលោក ដូណាល់ ត្រាំ នឹងមិនខ្វាយខ្វល់អ្វីឡើយ អំពីវត្តមានកងទ័ពចិននៅកម្ពុជា ប្រសិនបើអាមេរិក បានពង្រឹងទំនាក់ទំនងរបស់ខ្លួនល្អរួចជាស្រេចហើយនោះ ជាមួយប្រទេសថៃ, ប្រទេសវៀតណាម និងប្រទេសហ្វីលីពីន។

កំពង់ផែទឹកជ្រៅនៅរាម ក្នុងខេត្តព្រះសីហនុ អាចឲ្យកងនាវាចម្បាំងចិន វាយប្រហាកងទ័ពអាមេរិក នៅភាគខាងត្បូង ក្នុងករណីមានជម្លោះកើតមានឡើង ហើយវាក៏អាចឲ្យប្រទេសចិនគំរាមកំហែង ដល់លំហូរពាណិជ្ជកម្មពិភពលោកដ៏សំខាន់ តាមរយៈប្រទេសសិង្ហបុរី តាមច្រកម៉ាឡាកាផងដែរ។
វាជាការគំរាមកំហែងយ៉ាងពិតប្រាកដមួយ សម្រាប់អាមេរិក ដែលអាចពន្យល់តាមរយៈទីតាំងភូមិសាស្ដ្រដូចខាងក្រោមនេះ៖
រូបភាពផែនទីដែលភ្ជាប់ជូននេះ បានបង្ហាញពីទីបញ្ជាការសំខាន់ៗនាពេលបច្ចុប្បន្ន របស់កងទ័ពជើងទឹកចិន ដែលត្រូវបានកំណត់ដោយរូបផ្កាយពណ៌ក្រហម។ គឹវាចាប់ផ្តើមពីខាងលើ គឺនៅភាគខាងជើង មូលដ្ឋានកងទ័ពជើងទឹកចិន មានទីតាំងនៅ Qingdao, ភាគខាងកើត មូលដ្ឋានកងទ័ពជើងទឹកចិន មានទីតាំងនៅ Ningbo, បន្ទាប់មកនៅខាងត្បូង មូលដ្ឋានកងទ័ពជើងទឹកចិន មានទីតាំងនៅ Zhanjiang និងចុងក្រោយ ផ្កាយពណ៌ក្រហម គឺទីតាំងកងទ័ពជើងទឹកកម្ពុជានៅរាម ក្នុងខេត្តព្រះសីហនុ។

ប្រសិនបើមានជម្លោះ ចិននឹងបង្កើនកម្លាំងទ័ព ពីទីបញ្ជាការដ្ឋានធំទាំង៣របស់ខ្លួន ក្នុងគោលបំណងដើម្បីរារាំង កងយោធាអាមេរិក មិនឱ្យចូលទៅសមុទ្រចិនខាងត្បូង។
ជាមួយនាវាផ្ទុកយន្តហោះចម្បាំង នៅលើផ្ទៃសមុទ្ររាប់សិបគ្រឿង និងនាវាចម្បាំងមុជទឹកចំនួន ៣៦ គ្រឿង ដាក់ពង្រាយពីមូលដ្ឋានកងទ័ពជើងទឹក Ningbo ដល់ Zhanjiang របស់ចិន គឺមិនមែនជារឿងតូចតាច សម្រាប់អាមេរិកនោះទេ។ ដើម្បីប្រជែងជាមួយយុទ្ធសាស្ត្រគ្រប់គ្រងរបស់ចិន អាមេរិក ត្រូវដាក់ពង្រាយនាវាមុជទឹក ដែលអាចចូលទៅសមុទ្រចិនខាងត្បូង តាមរយៈចន្លោះរវាងប្រទេសតៃវ៉ាន់ និងប្រទេសហ្វីលីពីន (សូមមើលព្រួញ២ នៅខាងស្ដាំ)។ ម្យ៉ាងទៀត អាមេរិក ក៏នឹងត្រូវពឹងផ្អែកលើគ្រាប់បែករយៈចម្ងាយឆ្ងាយ, មីស៊ីល និងការវាយប្រហារដោយកាំភ្លើងធំ ផងដែរ។
សូមបញ្ជាក់ថា ប្រទេសតៃវ៉ាន់ និងអាមេរិកមានទំនាក់ទំនងគ្នាល្អ ដែលអាចផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកបាន ចំណែកឯនៅប្រទេសហ្វីលីពិនវិញ មានមូលដ្ឋានកងទ័ពរបស់អាមេរិកប្រចាំនៅទីនោះ តែអាមេរិក និងមេដឹកនាំហ្វីលីពិន ដូចមិនទាន់ផ្អែមល្ហែមជាមួយគ្នានៅឡើយ ហើយប្រទេសចិន ក៏បានទៅចែចូវ ផ្ដល់ផលប្រយោជន៍ឲ្យប្រទេសហ្វីលីពិនដែរហើយ។ ប្រទេសទាំង ២ នេះ អាចបើកផ្លូវឲ្យអាមេរិកឆ្លងគាត់ ចូលទៅកាន់សមុទ្រចិនខាងត្បូងបាន។
ប្រសិនបើប្រទេសចិន អាចបង្កើនកងកម្លាំងរបស់ខ្លួន ពីមូលដ្ឋានកងទ័ពនៅរាម នោះចិនអាចប្រកួតប្រជែង ជាមួយនឹងទីតាំងវាយប្រហារ ដ៏រឹងមាំរបស់អាមេរិក (រង្វង់ពណ៌ខៀវ) ពីខាងត្បូងនិងខាងជើង។ តំបន់ការពារទាំង២នេះ គឺជាទីតាំងដែលក្រុមយន្តហោះវាយប្រហារ ដឹកតាមនាវាផ្ទុកយន្តហោះរបស់អាមេរិក អាចបើកប្រតិបត្តិការ ធ្វើការវាយប្រហាពីចំហៀងខាងត្បូង ទៅលើកងទ័ពរបស់ចិន។

បើមូលដ្ឋានកងទ័ពនៅរាម ត្រូវចិនកាន់កាប់នោះ អាចឲ្យប្រទេសចិន ប្រើប្រាស់មីស៊ីលផ្លោងរបស់ពួកគេ វាយប្រហារទៅលើនាវាផ្ទុកយន្តហោះ និងនាវាមុជទឹករបស់អាមេរិក ដែលអាមេរិក ត្រូវតែស្វែងរកវិធីដកបន្លានេះចេញ ដើម្បីយកឈ្នះសង្គ្រាមជាមួយចិន។
យើងត្រលប់មកមើលអំពីសម្ព័ន្ធមិត្តវិញម្ដង។ ប្រសិនបើអាមេរិក អាចទទួលបានជំនួយវាយប្រហារខ្លាំងក្លាពីសម្ព័ន្ធមិត្តរបស់ខ្លួនរួមាមាន ហ្វីលីពីន និងវៀតណាមនោះ គឺអាចឡោមព័ទ្ធធ្វើការវាយប្រហារ ទៅលើកងទ័ពចិន នៅក្នុងសមុទ្រចិនខាងត្បូង។ ការចង្អុលបង្ហាញ បានបញ្ជាក់ថា ប្រទេសទាំងពីរ ហ្វីលីពីន និងវៀតណាម នឹងអាចទទួលយកកិច្ចសហការណ៍នេះ ព្រោះដូចក្រុមសម្ព័ន្ធមិត្តអាមេរិកដទៃទៀតដែរ ប្រទេសទាំង២នេះ បានទទួលស្គាល់ការឈ្លានពានរបស់ចិន កាន់តែខ្លាំងឡើងនៅសមុទ្រចិនខាងត្បូង ហើយមើលឃើញថា មានតែយកអាមេរិកជាមិត្តទេ ទើបអាចទទួលយកបានមកវិញនូវទឹកដី ដែលប្រទេសចិនកំពុងឈ្លានពានយក។
ចំណែកប្រទេសថៃវិញយ៉ាងមិចដែរ? ស្ថិតនៅភាគពាយព្យនៃ មូលដ្ឋានកងទ័ពរាម គឺជាអាកាសយានដ្ឋាននៃមូលដ្ឋានកងនាវាចរ របស់ប្រទេសថៃ U-Tapao ។ U-Tapao គឺជាមូលដ្ឋានដ៏សំខាន់មួយ សម្រាប់យោធាអាមេរិក នៅក្នុងកំឡុងសង្គ្រាមវៀតណាម។ មូលដ្ឋាន នេះនឹងមានភាពពាក់ព័ន្ធ ជាថ្មីម្ដងទៀត ប្រសិនបើមានវត្តមានកងទ័ពចិន ស្ថិតនៅមូលដ្ឋានកងទ័ពរាម កម្ពុជាមែននោះ។ បើនិយាយឲ្យស្រួលស្ដាប់ អាកាសយានដ្ឋាន U-Tapao នឹងអនុញ្ញាតឱ្យកងកម្លាំង ទ័ពអាកាសរបស់អាមេរិក វាយកំទេច មូលដ្ឋានទ័ពចិននៅរាម ក្នុងករណីមានជម្លោះកើតឡើង។
ក៏ប៉ុន្តែ អាមេរិក អាចប្រើប្រាស់ អាកាសយានដ្ឋាន U-Tapao បាន លុះត្រាតែមានការអនុញ្ញាតពីប្រទេសថៃជាមុនសិន។ ដូច្នោះ អាមេរិកត្រូវ បង្កើតទំនាក់ទំនងណាមួយ ជាមួយប្រទេសថៃ ជាការដោះដូរដើម្បីប្រើប្រាស់ អាកាសយានដ្ឋាន U-Tapao។

អាមេរិក ពិតជាមានសំណាងណាស់ ដែលប្រទេសថៃ និងយោធានៃប្រទេសនេះ មានការគាំទ្រអាមេរិករួចជាស្រេច។ ប្រទេសថៃ បាននិងកំពុងប្រែក្លាយទៅរដ្ឋាភិបាលស៊ីវិលវិញ ក្រោយពីការបោះឆ្នោតជាសកល កាលពីខែមីនា ឆ្នាំ២០១៩ ដែលអាចអនុញ្ញាតឱ្យអាមេរិក បន្ថែមការគាំទ្រដោយបើកចំហរ នូវការវិនិយោគថ្មីៗ និងទំនាក់ទំនងការទូតកាន់តែជិតស្និទ្ធថែមទៀតជាមួយទីក្រុងបាងកក។
ដូច្នេះ អាមេរិក ដែលដឹកនាំដោយលោក ដូណាល់ ត្រាំ នៅពេលនេះ មានការងារជាអាទិភាពមួយ នៅតំបន់អាស៊ីអាគ្នេយ៍ គឹត្រូវបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាពិសេសណាមួយជាមួយប្រទេសថៃ ដើម្បីទទួលមកវិញនូវប្រយោជន៍ ក្នុងការដែលអាចឲ្យយោធាអាមេរិក ប្រើប្រាស់អាកាសយានដ្ឋាន U-Tapao ។
ប្រសិនបើអាមេរិក ទទួលបានជោគជ័យ ជាមួយប្រទេសថៃនោះ មូលដ្ឋានទ័ពរបស់ចិននៅរាម នឹងមិនប៉ះពាល់ខ្លាំងដល់យុទ្ធសាស្ត្រសង្គ្រាមរបស់អាមេរិក ដើម្បីយកឈ្នះលើចិននោះទេ។ មូលដ្ឋានទ័ពរបស់ចិននៅរាម នឹងនៅតែជាការគំរាមកំហែងដ៏ខ្លាំងក្លាដដែល ប៉ុន្តែកម្លាំងទ័ពវាយប្រហារវិញ វាមិនខ្លាំងក្លានោះទេ។ ប្រសិនជាមានសង្គ្រាមជាមួយប្រទេសចិន នៅថ្ងៃណាមួយមែននោះ កម្លាំងទ័ពរបស់អាមេរិច នឹងមានឱកាសច្រើន ដើម្បីទទួលបាននូវជ័យជម្នះ៕ ប្រែសម្រួលពី Washington Examiner