ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា សហភាពអឺរ៉ុបបានសាងនូវកំហុសចំនួន ២ដង រួមមកហើយចំពោះប្រទេសកម្ពុជា នៅដែលសម្ដេច អញ្ជើញបើកការដ្ឋានផ្លូវក្រវាត់ក្រុងទី៣ កាលពីព្រឹកនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ កន្លងទៅនេះ។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា កំហុសទី១ គឺសហភាពអឺរ៉ុប ជាប្រទេសប្រជាធិបតេយ្យ បែរជាគាំទ្ររដ្ឋប្រហារទម្លាក់ សម្ដេចព្រះនរោត្តម សីហនុ។ គួរណាស់ប្រទេសប្រជាធិបតេយ្យទាំងឡាយ នាំគ្នាថ្កោលទោសពួកធ្វើរដ្ឋប្រហារទម្លាក់ សម្ដេចព្រះនរោត្តម សីហនុ តែមិននឹកស្មានថាពួកគេគាំទ្រ លន់ ណល់ ប្រឆាំងនឹងសម្ដេចព្រះនរោត្តម សីហនុ ដែលជាព្រះប្រមុខរដ្ឋស្របច្បាប់។
ចំណែកកំហុសទី២ គឺសហភាពអឺរ៉ុបបានគាំទ្ររបប ប៉ុល ពត ដែលជារបបប្រល័យពូជសាសន៍យង់ឃ្នង ឱ្យអង្គុយលើអាសនៈនៅអង្គការសហប្រជាជាតិចំនួន ១២ឆ្នាំ បន្ទាប់ពីរបបនេះបានសម្លាប់មនុស្សជាង ៣លាននាក់។
សម្ដេចតេជោ បានបញ្ជក់ថា បច្ចុប្បន្នកម្ពុជា បានអនុវត្តតាមលទ្ធិប្រជាធិបតេយ្យ និងកំពុងវិវត្តរីកចម្រើនទៅមុខ ក្នុងនោះមានការចូលរួមចំណែក របស់សហភាពអឺរ៉ុបផងដែរ ប៉ុន្តែសហភាពអឺរ៉ុបខ្លួនឯងក៏ត្រូវគិតថា តើគួររក្សាសមិទ្ធផលដែលខ្លួនបានជួយកសាង ហើយបន្តជំរុញដំណើរការកែលម្អសភាពការណ៍ ដើម្បីឱ្យសេដ្ឋកិច្ចកាន់តែល្អ លំហប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកាន់តែល្អប្រសើរ ឬក៏ត្រូវតែបង្អាក់ត្រឹមនេះ?