គុយបា សន្យា​នឹង​ជំរុញ​ឱ្យ​មាន​ទេសចរ និង​វិនិយោគិន​មក​កម្ពុជា​បន្ថែម ក្រោយ​វិបត្តិ Covid-19

699

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា បានសន្យាថា នឹងជួយជំរុញឱ្យមានភ្ញៀវទេសចរ និងវិនិយោគិនគុយបាមកកម្ពុជាបន្ថែមទៀត ក្រោយវិបត្តិនៃវិរុសកូវីដ១៩ (Covid-19) ត្រូវបានដោះស្រាយចេញពីពិភពលោក។

ការសន្យានេះ បានធ្វើឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២០នេះ។

ក្នុងឱកាសនោះ លោកស្រី លីយួរកា រ៉ូទ្រីហ្គេស ប៉ារីយ៉ូស ឯកអគ្គរដ្ឋទូតគុយបា បានលើកឡើងថា ដោយសារការរីករាលដាលជំងឺ Covid-19 បានធ្វើឱ្យពិភពលោកជួបនូវវិបត្តិធ្ងន់ធ្ងរ ពិសេសវិស័យទេសចរណ៍ ក៏រងនូវផលប៉ះពាល់យ៉ាងខ្លាំង។ ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគរបស់គុយបា បានចាកចេញពីប្រទេសកម្ពុជា ស្ទើរតែទាំងអស់ ដោយសារតែអ្នកខ្លះ ក៏ត្រូវផុតទិដ្ឋការ អ្នកខ្លះ ក៏ចង់ត្រលប់ទៅមាតុភូមិវិញ ស្របពេលនឹងការភ័យខ្លាចការឆ្លងជំងឺ Covid-19។

ជាមួយគ្នានោះ លោកស្រី លីយួរកា បានសន្យាថា ចាំដល់ពេលវិបត្តិជំងឺ Covid-19 រសាយផុតចេញពីពិភពលោក សាធារណរដ្ឋគុយបា នឹងបន្តជំរុញឱ្យភ្ញៀវទេសចរ និងអ្នកវិនិយោគមកកម្ពុជាបន្ថែមទៀត។

លោកស្រី បានបញ្ជាក់ទៀតថា ភាគីគុយបា នៅតែបន្តគាំទ្រ និងពង្រឹងទំនាក់ទំនងល្អជាមួយកម្ពុជា ខណៈលោករដ្ឋមន្ត្រី ថោង ខុន ក៏បានបង្ហាញការពេញចិត្តចំពោះទំនាកទំនងមិត្តភាព ដែលប្រទេសទាំងពីរសម្រេចបានកន្លងមក។

លោករដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើទៅកាន់លោកស្រី ឯកអគ្គរដ្ឋទូតគុយបា ធ្វើយ៉ាងណាជួយសហការឱ្យមានការបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាអេស្ប៉ាញរបស់កម្ពុជាឱ្យបានច្រើនបន្ថែមទៀត ពីព្រោះប្រជាពលរដ្ឋគុយបា និងប្រជាពលរដ្ឋនៅប្រទេសនានាក្នុងទ្វីបអាមេរិកខាងត្បូង (លើកលែងតែប្រេស៊ីល) ភាគច្រើនគឺនិយាយភាសាអេស្ប៉ាញ។

គួរបញ្ជាក់ថា កម្ពុជា និងគុយបា បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នារយៈពេល ៦០ ឆ្នាំមកហើយ ខណៈប្រទេសមិត្តទាំងពីរ ក៏គ្រោងប្រារព្ធទិវារំឭកខួបអនុស្សាវរីយ៍លើកទី ៦០ នៃទំនាក់ទំនងការទូតរួមគ្នាផងដែរ ប៉ុន្តែត្រូវចាំដល់ស្ថានការណ៍ Covid-19 ធូរស្បើយសិន៕

ដោយ៖ ហៀង រ័ត្ន