ភ្នំពេញ៖ សហរដ្ឋអាមេរិក បានទាមទារឱ្យប្រទេសកម្ពុជា ពន្យល់ពីមូលហេតុ ដែលប្រទេសកម្ពុជា បានបដិសេធចំពោះសំណើរសុំ របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការជួយជួសជុលមូលដ្ឋានកងទ័ពជើងទឹក ដែលមានទីតាំងស្ថិតនៅសមុទ្ររាម។
សេតវិមាន កាន់តែសង្ស័យខ្លាំងថែមទៀត នៅពេលដែលរដ្ឋាភិបាលកម្ពុជា បានបដិសេធទៅនឹងសំណើរ មិនទទួលយកការជួយជួសជុលកន្លែងហ្វឹកហ្វឺន នៅមូលដ្ឋានកងទ័ពជើងទឹករាម ពីសហរដ្ឋអាមេរិក ក្រោយតែរយៈពេលប៉ុន្មានខែ បន្ទាប់ពីមន្ត្រីការពារជាតិរបស់អាមេរិក បានទៅទស្សនានៅក្នុងតំបន់នោះ។
មូលដ្ឋាននេះ គឺគ្រប់គ្រងដោយកងទ័ពជើងទឹកកម្ពុជា ហើយក៏ជាមូលដ្ឋាននៃការហ្វឹកហ្វឺនប្រចាំឆ្នាំ រវាងសហរដ្ឋអាមេរិកនិងកម្ពុជា ចាប់តាំងពីឆ្នាំ ២០១០មក។ មន្ត្រីមន្ទីរបញ្ចកោណអាមេរិកជឿថា ការផ្លាស់ប្តូរឥរិយាបថភ្លាមៗរបស់កម្ពុជា អាចជាសញ្ញាមួយដែលកម្ពុជា មានគម្រោងទុកឲ្យប្រទេសចិនវិញ ខណៈទីក្រុងប៉េកាំង កាន់តែពង្រីកខ្លួនធំឡើង ពាក់ព័ន្ធទៅនឹងជម្លោះនៅសមុទ្រចិនខាងត្បូង។
មន្ដ្រីយោធាអាម៉េរិកលោក Joseph Felter បានផ្ញើលិខិតមួយច្បាប់ ទៅរដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក ទៀ បាញ់ ទាមទារចម្លើយចំពោះការផ្លាស់ប្តូរឥរិយាបថមួយនេះ។

សារលិខិតនោះបានសរសេរថា៖ “លិខិតជូនដំណឹងចុះនៅថ្ងៃទី ៦ ខែមិថុនាឆ្នាំ ២០១៩ បានទទួលដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ហើយវាបានជំរុញឱ្យមានកាប៉ាន់ស្មានថា ការផ្លាស់ប្តូរគោលនយោបាយនេះ អាចបង្ហាញពីផែនការធំៗ សម្រាប់ការផ្លាស់ប្តូរនៅមូលដ្ឋានកងទ័ពជើងទឹករាម ជាពិសេសពាក់ព័ន្ធទៅនឹង មូលដ្ឋានយោធារបស់ប្រទេសចិន”។
ខ្លឹមសារនៃលិខិតនោះបានបន្តថា៖ “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការពន្យល់លម្អិតបន្ថែមទៀតថា ហេតុអ្វីបានជាសំណើរនៃការជួយជួសជុល ដែលបុគ្គលិករបស់អ្នកបានស្នើសុំ ប្រែក្លាយទៅជាមិនចាំបាច់ ក៏ដូចជាផែនការអនាគតរបស់អ្នក សម្រាប់មូលដ្ឋាននេះ ដែលធ្លាប់ទទួលបានមូលនិធិពីសហរដ្ឋអាមេរិក”។
សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាលោក បានប្រាប់ទៅកាសែតភ្នំពេញប៉ុស្ដិ៍ថា លោកមិនយល់ពីគម្រោងរបស់សហរដ្ឋអាមេរិក ហើយតើអាមេរិកមានបំណងអ្វី ដែលចង់មកជួយជួសជុល អគារបញ្ជាការសន្តិសុខលំហសមុទ្រនៅទីតាំងចាស់ ហើយកម្ពុជាស្វាគមន៍ បើអាមេរិក ចង់ជួយកសាងអគារបញ្ជាការសន្តិសុខលំហសមុទ្ររាមថ្មី។

សម្តេចពិជ័យសេនា ទៀ បាញ់ បានប្រាប់ទៀតថា លោកបានជូនដំណឹង និងពន្យល់យ៉ាងច្បាស់លាស់ជាច្រើនដងហើយទៅភាគីអាមេរិក តែអាមេរិកនៅតែមិនពេញចិត្ត ហើយនៅតែចោទថា កម្ពុជា មានផែនការឲ្យប្រទេសចិន សាងសង់មូលដ្ឋានកងទ័ពទៅវិញ។
មូលហេតុដែល កម្ពុជា មិនទទួលយកសំណើររបស់ភាគីអាមេរិក ក្នុងការជួសជុលមូលដ្ឋានកងទ័ពជើងទឹក ព្រោះ ទីតាំងចាស់ វាមិនចាំបាច់ ហើយមូលដ្ឋានចាស់នេះ កំពុងតែត្រៀមរើទៅកន្លែងផ្សេង។
សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា៖ “គេ (អាមេរិក) ថា យើងរើទៅហ្នឹងដើម្បីទទួលទ័ពចិនអីណា យើង (កម្ពុជា) បានឆ្លើយជាបន្តបន្ទាប់ហើយ តែគេ (អាមេរិក) នៅតែមិនអស់ចិត្តទេ គេ (អាមេរិក) នៅតែចិញ្ចឹមមហិច្ឆតារបស់គេ (អាមេរិក)”។
លោករដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានប្រកាសស្វាគមន៍ ឲ្យភាគីអាមេរិកឬអ្នកណាក៏ដោយ ចុះមកពិនិត្យមើលបើមិនអស់ចិត្ត ក៏ដូចជាការចោទប្រកាន់របស់អាមេរិក ចំពោះការធ្វើព្រលានយន្តហោះ និងធ្វើកំពង់ផែ នៅក្នុងខេត្តកោះកុង របស់ក្រុមហ៊ុន ញូញៀន ថាជាមូលដ្ឋានទ័ពចិនផងដែរ ដោយបិទបាំងមិនឲ្យអាមេរិកចុះទៅមើល។
សម្តេចពិជ័យសេនា ទៀ បាញ់ បានអះអាងថា៖ “សូមអញ្ជើញអស់លោកទាំងឡាយណាចង់ទៅមើល ទៅចុះ”។
ការមើលឃើញរបស់អាមេរិក បានកើតឡើង ដោយសារតែប្រទេសកម្ពុជា ជាសម្ព័ន្ធមិត្តជិតស្និទ្ធិបំផុតមួយរបស់ទីក្រុងប៉េកាំង។ ប្រទេសកម្ពុជា ទទួលបានជំនួយពីប្រទេសចិនរាប់ពាន់លានដុល្លារ សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធរួមមាន ផ្លូវ ស្ពាន ជាដើម ហើយសំខាន់ជាងនេះទៀតនោះ គឺការគាំទ្ររបស់ទីក្រុងប៉េងកាំង ចំពោះនយោបាយដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
មូលដ្ឋានទ័ពនៅសមុទ្ររាម គឺជាមូលដ្ឋានយោធាធំមួយនៅកម្ពុជា ស្ថិតនៅជិតកំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាខេត្តដែលទទួលបានការវិនិយោគយ៉ាងខ្លាំងបំផុតមកពីប្រទេសចិននាពេលបច្ចុប្បន្ន៕