ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំ ត្រួតពិនិត្យឡើងវិញជាសកលលើកទី៧ ស្តីពីជំនួយសម្រាប់ពាណិជ្ជកម្ម នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យរដ្ឋជាសមាជិក និងអង្គការដៃគូអភិវឌ្ឍន៍របស់អង្គការពាណិជ្ជកម្មពិភពលោក ពិចារណាឱ្យបានដិតដល់មុននឹងព្យួរ ឬ ដកចេញនូវភាពអនុគ្រោះ ពីប្រទេសអភិវឌ្ឍន៍តិចតួច។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ “សូមធ្វើការពិចារណាឱ្យបានដិតដល់មុននឹងដាក់វិធានការព្យួរ ឬ ដកចេញនូវភាពអនុគ្រោះពីប្រទេស អភិវឌ្ឍន៍តិចតួច ព្រោះការព្យួរ ឬ ដកចេញនេះ នឹងធ្វើឱ្យប្រទេសទាំងនោះ មិនអាចជួយពិភពលោកឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងមិនអាចជួយពួកគេឱ្យចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចបានឡើយ ដែលចលនានេះគឺជាដំណើរផ្ទុយទាំងស្រុងទៅនឹងគោលការណ៍ របស់អង្គការសហប្រជាជាតិ និង អង្គការពាណិជ្ជកម្មពិភពលោក”។

យោងតាមគោលការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក ប្រទេសអភិវឌ្ឍន៍ ជាសមាជិកត្រូវមានកាតព្វកិច្ចក្នុងការផ្តល់ភាពអនុគ្រោះពន្ធ ដល់ប្រទេសជាសមាជិកទាំងឡាយ ដែលមានការអភិវឌ្ឍន៍តិចតួច ក្នុងនោះប្រទេសកម្ពុជា ដែលជាប្រទេសសមាជិកមួយ ក្នុងចំណោមប្រទេសអភិវឌ្ឍន៍តិចតួចទាំង៣៦ ដែលទទួលបានភាពអនុគ្រោះពន្ធ លើទំនិញរបស់ខ្លួនសម្រាប់នាំចេញ ទៅកាន់បណ្តាប្រទេសអភិវឌ្ឍន៍នានា។
ការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន នៅក្នុងពេលនេះ ស្របពេលដែលកម្ពុជាកំពុងរងនូវសម្ពាធ ពីសហភាពអឺរ៉ុប សម្រាប់ ប្រព័ន្ធអនុគ្រោះពន្ធ អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) និងប្រព័ន្ធអនុគ្រោះពន្ធ GSP របស់អាមេរិក ក្រោមការចោទប្រកាន់ថា រដ្ឋាភិបាលកម្ពុជាបានរំលោភសិទ្ធិមនុស្ស និងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យធ្លាក់ចុះធ្ងន់ធ្ងរ។
សហភាពអឺរ៉ុប បានចាប់ផ្ដើមដំណើរការនីតិវិធីព្យួរជាបណ្ដោះអាសន្ន នូវប្រព័ន្ធអនុគ្រោះពន្ធ អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) របស់ខ្លួនពីកម្ពុជា កាលពីថ្ងៃទី ១១ កុម្ភៈ ឆ្នាំ២០១៩ ហើយនីតិវិធីនេះ នឹងបញ្ចប់នៅពាក់កណ្ដាលខែសីហាខាងមុខនេះ។ រដ្ឋាភិបាលកម្ពុជា មានរយៈពេល ១ខែ ការក្នុងឆ្លើយតបចំពោះរបាយការណ៍ ដែលសហភាពអឺរ៉ុបបានរកឃើញ ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា មុនពេលសម្រេចជាផ្លូវការ អំពីជោគវាសនានៃ ប្រព័ន្ធអនុគ្រោះពន្ធ អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) របស់កម្ពុជា។

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលកម្ពុជា បានអះអាងថា បានត្រៀមរៀបចំខ្លួន ទទួលយកនូវលទ្ធផល ដែលសហភាពអឺរ៉ុប សម្រេចចំពោះ ប្រព័ន្ធអនុគ្រោះពន្ធ អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) របស់កម្ពុជា។
ប្រសិនបើ សហភាពអឺរ៉ុប បន្តផ្ដល់ ប្រព័ន្ធអនុគ្រោះពន្ធ អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ដល់កម្ពុជាទៀតនោះ វាគឺជាការប្រសើរសម្រាប់កម្ពុជា ហើយកម្ពុជាចំណេញបានច្រើន ក្នុងការអភិវឌ្ឍន៍ប្រទេសរបស់ខ្លួនឲ្យបានឆាប់រហ័ស។ ក្នុងករណីដែល សហភាពអឺរ៉ុប មិនបន្តផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ដល់កម្ពុជា នោះកម្ពុជា ក៏មិនស្លាប់ដែរ ព្រោះមុននិងក្រោយប្រព័ន្ធអនុគ្រោះពន្ធ អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) នឹងត្រូវបាត់បង់ដោយស្វ័យប្រវត្តិ នៅពេលដែលសេដ្ឋកិច្ចកម្ពុជាដល់ដំណាក់ណាកាលមួយ នាពេលអនាគត។ វាគ្រាន់តែជាការបាត់បង់មុនបន្តិចតែប៉ុណ្ណោះ ដែលកម្ពុជា ត្រូវប្រឹង ត្រូវទ្រាំ រស់ដោយខ្លួនឯង និងប្រកួតប្រជែងជាមួយប្រទេសផ្សេងទៀតនៅក្នុងតំបន់ ពីមុនធ្លាប់ចំណេញច្រើន ឥឡូវចំណេញតិចតែប៉ុណ្ណោះ៕