ពិព័រណ៍​សៀវភៅ​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក (Big Bad Wolf Book) នឹងត្រូវ​រៀបចំ​ធ្វើឡើង​ ​ជា​លើកដំបូង នៅ​រា​ជ​ធានី​ភ្នំពេញ​

980

សៀវភៅ​ជា​ភាសា​អង់គ្លេស​ចំនួន 1 លាន​ក្បាល នឹងដាក់​លក់ ដោយ​បញ្ចុះតម្លៃ​ចាប់ពី 50% ទៅ 90% នៅ​ពិព័រណ៍​សៀវភៅ Big Bad Wolf Book Sale នៅ ភ្នំពេញ ចាប់ពី​ថ្ងៃទី 9 ខែ មករា ដល់​ថ្ងៃទី 20 ខែ មករា ឆ្នាំ 2020

​ភ្នំពេញ ៖ ពិព័រណ៍​សៀវភៅ Big Bad Wolf Books ដែលមាន​កំណើត នៅ​ប្រទេស​ម៉ាឡេស៊ី​បានប្រកាស កាលពី​ថ្ងៃទី 19 ខែ ធ្នូ ឆ្នាំ 2019 ថា ខ្លួន​នឹង​រៀបចំ​ពិព័រណ៍​សៀវភៅ​ធំ​បំផុត​នៅលើ​ពិភពលោក នៅក្នុង​ប្រទេស​កម្ពុជា​ជា​លើកដំបូង​របស់ខ្លួន​។ ក្នុង​រយៈពេល​មួយ ទសវត្សរ៍​កន្លង មកនេះ Big Bad Wolf Books បានរៀបចំ​ពិព័រណ៍​សៀវភៅ​ធំ​បែបនេះ នៅក្នុង​តំបន់​មួយ ចំនួន​នៅលើ​ពិភពលោក​ដូចជា នៅ​តំបន់​អាស៊ីអាគ្នេយ៍​,​អាស៊ី​ខាងត្បូង​និង​ម​ជ្ឈឹ​ម​បូព៌ា​។

​អ្នក​ចូល​ចិ​ត្ដ​អាន​សៀវភៅ​នៅ​ទីក្រុង​ភ្នំពេញ អាចនឹងទទួល​បាន​សៀវភៅ​ដែលមាន​តំលៃ​សមរម្យ​ជាមួយនឹង​ការបញ្ចុះ​តំលៃ​ចាប់ពី 50% ទៅ 90% នៅក្នុង​ពិព័រណ៍​សៀវភៅ Big Bad Wolf Book Sale នៅ​ភ្នំពេញ ឆ្នាំ 2020​នេះ​។ ពិ​ព័​ណ៍​សៀវភៅ​នេះ នឹង​បើក​ឲ្យ​សាធារណៈជន​ចូលរួម​ដោយ​សេរី ក្នុង​រយៈពេល ១២ ថ្ងៃ​ជាប់ៗ​គ្នា ចាប់ពី​ថ្ងៃទី 9 ខែ មករា ឆ្នាំ 2020 រហូតដល់​ថ្ងៃទី 20 ខែ មករា ឆ្នាំ 2020 ចាប់ពី​ម៉ោង 9 ព្រឹក ដល់​ម៉ោង 12 អធ្រាត្រ​នៅ ផ្សារ រុង រឿង ស្ថិតនៅក្នុង សង្កាត់​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

​ជាមួយនឹង​ការដាក់​តាំង​លក់​សៀវភៅ​ភាសា​អង់គ្លេស​ថ្មីៗ​ចំនួន 1 លាន​ក្បាល Big Bad Wolf ចង់​កសាង វប្បធម៌​នៃ​ការអាន​នៅ​កម្ពុជា​ដោយ​នាំមក​នូវ​សៀវភៅ​ភាសា​អង់គ្លេស​ដែលមាន​តម្លៃ​សមរម្យ​សម្រាប់​មនុស្ស​គ្រប់រូប​។ សៀវភៅ​ជាច្រើន​ប្រភេទ​នឹងត្រូវ​យកមក​ដាក់តាំង មានដូចជា​៖ សៀវភៅ​សម្រាប់​កុមារ​, រឿងប្រឌិត​, រឿង​ពិត​, ដែល​អនុញ្ញាតឱ្យ​មនុស្ស​ស្ថិតនៅ ក្នុង​ជំនាន់​ផ្សេងៗ​គ្នា អាច​ស្វែងរក​នូវ​សៀវភៅ ដែល​លក់ដាច់​បំផុត​, សៀវភៅ​ល្បីៗ​, ប្រលោមលោក​, រឿងប្រឌិត​បែប​វិទ្យាសាស្ត្រ​, មនោសញ្ចេតនា​, សៀវភៅ​អភិវឌ្ឍ​ខ្លួន​, អក្សរសាស្ត្រ​, ប្រលោមលោក​ក្រាហ្វិក​, អាជីវកម្ម​, ស្ថាបត្យកម្ម និង រចនា​, សៀវភៅ​ធ្វើ​ម្ហូប និង​សៀវភៅ​ជាច្រើន​ប្រភេទ​ទៀត នៅក្នុង​កម្មវិធី​ពិព័រណ៍​សៀវភៅ​ដ៏​ធំ​នេះ​។

​លោកស្រី Jacqueline Ng ដែលជា​សហ​ស្ថាបនិក Big Bad Wolf បាន​ប្រសាសន៍ថា​៖ “​នៅពេលដែល​យើង​ចាប់ផ្តើម Big Bad Wolf នៅ​ប្រទេស​ម៉ាឡេស៊ី ក្នុង​ឆ្នាំ 2009 បេសកកម្ម​របស់​យើង គឺ​ផ្តោតលើ​ការយកចិត្តទុកដាក់ ក្នុងការ​បង្កើត​ទម្លាប់​អាន​ដោយ​ផ្តល់​ឲ្យ​អ្នកអាន​នូវ​សៀវភៅ​អង់គ្លេស​ដែលមាន​តំលៃ​សមរម្យ​និង​មានគុណ​ភាព​។​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ការលក់​សៀវភៅ​មានការ​រីកចម្រើន​យ៉ាងខ្លាំង​ហើយ​យើង​ដឹងថា​ដើម្បី​បណ្ដុះ​ទម្លាប់​អាន​នៅ​ជុំវិញ​ពិភពលោក​និង​បង្កើត​អ្នកអាន​ជំនាន់​ថ្មី​យើង​ត្រូវ​រៀបចំ​ការលក់​សៀវភៅ​មួយ​ដែលមាន​លក្ខណៈ​អន្តរជាតិ​។ ក្នុង​ឆ្នាំ 2016 យើង​បាន​ចាប់យក ឱកាស ក្នុងការ​ផ្លាស់ប្តូរ​ពិភពលោក​តាមរយៈ​សៀវភៅ​មួយ​ក្បាល នៅក្នុង​កម្មវិធី​មួយ​លើកៗ​។

​សៀវភៅ​មាន​ឥទ្ធិពល​ជម្រុញ​ទឹក​ចិ​ត្ដ​និង​ផ្តល់​អំណាច​ដល់​មនុស្ស​ជាមួយនឹង​ចំណេះដឹង​ហើយ​យើង​កំពុងផ្តល់​ឱ្យ​ពួកគេ​នូវ​របស់​ទាំងអស់នេះ​តាម តាមរយៈ​ពិព័រណ៍​សៀវភៅ Big Bad Wolf​។ នៅ​ឆ្នាំ 2019 ពិព័រណ៍​សៀវភៅ​ដ៏​ធំ​នេះ ត្រូវ​បានរៀបចំ​ធ្វើឡើង​នៅក្នុង​ប្រទេស​ចំនួន 10 និង ទីក្រុង​ចំនួន 32 ហើយ​ក្នុងនាម​ជា​អង្គ​ការតស៊ូ​មតិ​លើ​ផ្នែក​លើក​កំពស់​ការអាន យើង​មាន​មោទនភាព​ក្រៃលែង ក្នុង​ការរៀបចំ​ពិព័រណ៍​សៀវភៅ​នេះ រួមជាមួយ​សៀវភៅ 1 លាន​ក្បាល​នៅក្នុង​ប្រទេស​កម្ពុជា​ជា​លើកដំបូង​។​”

“​សៀវភៅ​វេទមន្ដ​” ដែលជា​សៀវភៅ​សម្រាប់​កុមារ​អាច​នឹង​ក្លាយទៅជា​សៀវភៅ ដែល​លក់ដាច់​បំផុត​នៅ ក្នុង​ពិព័រណ៍​សៀវភៅ Big Bad Wolf Book Sale ។ សៀវភៅ​ទាំងនេះ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ដើម្បី​ធ្វើ​បដិវត្ត​ការអាន​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ដែល​អនុញ្ញាតឱ្យ​កុមារ​រៀន និង អាន​ទាំងអស់គ្នា​ក្នុងពេល​តែមួយ​ជាមួយគ្នា​។ មាតាបិតា និង អាណាព្យាបាល អាច​ស្វែងរក​សៀវភៅ​បែបនេះ ដែលមាន​ចំនួន 14 ចំណងជើង​ដូចជា​៖ Little Red Riding Hood, The Three Little Pigs, Let’s Learn Alphabet ABC, Disney Frozen: A Sleepover Party, Disney Winnie The Pooh: Fun With First Words និង សៀវភៅ​អប់រំ 2 ប្រភេទ ដែលមាន​ចំណងជើង​ថា ABC Fun With Mickey និង 123 Fun with Mickey និង​សៀវភៅ​ជាច្រើន​ទៀត​។

“​សៀវភៅ​វេទមន្ដ​” ទាក់ទាញ​កុមារ​ឱ្យចូល​ចិ​ត្ដ​អាន​សៀវភៅ និង លើកទឹកចិត្ត​ឱ្យ​ចាប់ផ្តើម​ទម្លាប់​នៃ​ការអាន​។ ហេតុ​ដូច្នេះហើយ សៀវភៅ​ទាំងនេះ សាក​សម​បំផុត​សម្រាប់​កុមារ​ចាប់ពី​អាយុ 1​ឆ្នាំ ដល់ 5 ឆ្នាំ​។

​លោក អ៊ុក ចាន់​ដា​រ៉ា អ្នកនាំពាក្យ​របស់ Big Bad Wolf Sale នាទី​ក្រុងភ្នំពេញ​ឆ្នាំ​2020 បាន​មាន ប្រសាសន៍ថា​៖ “​យើងខ្ញុំ មាន​សេចក្តីសោមនស្ស​រីករាយ ក្នុង​ការរៀបចំ​ពិព័រណ៍​សៀវភៅ Big Bad Wolf Book Sale ភ្នំពេញ ឆ្នាំ 2020 និង​ការនាំមក​នូវ​ព្រឹត្តិការណ៍​ពិព័រណ៍ សៀវភៅ​ទ្រង់ទ្រាយ​ធំ​បំផុត មក​ប្រទេស​កម្ពុជា​។

​ពិព័រណ៍​នេះ​នឹង​ផ្តល់ឱកាស​ដល់​ប្រជាជន​កម្ពុជា​ដើម្បី​ទទួលបាន​នូវ​បទពិសោធ​ន៏​ក្នុង​ការទិញ​សៀវភៅ​ភាសា​អង់គ្លេស​ដែលមាន​គុណភាព​ល្អ និង ថ្មីៗ ក្នុងតម្លៃ​មួយ​ដ៏​សមរម្យ​។ វា​មាន​សារៈសំខាន់​ណាស់ ក្នុង​ការរៀន​ភាសា​ថ្មី​មួយ និង បង្រៀន​ឱ្យ​មនុស្ស​មាន​ទម្លាប់​អាន​តាំងពីក្មេង នោះ​ហើយ​ទើប​ធ្វើអោយ ក្មេងៗ​ជំនាន់​ក្រោយ​ធំ​ដឹងក្តី​ពោរពេញ​ដោយ​ចំណេះដឹង​។ និយាយ​ទៅ Big Bad Wolf Book Sale គឺជា​ពិព័រណ៍​សៀវភៅ​ដ៏​ធំ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា ដែល​នឹង​កើតឡើង​ក្នុងពេល​ឆាប់ៗ​នេះ​។​”

Big Bad Wolf Book Sale ជឿជាក់​លើ​ការ​តបស្នង​ទៅកាន់​សង្គម​វិញ ហើយ​ជឿជាក់ថា បុគ្គល​គ្រប់រូប​មាន​សិទ្ធិ​ក្នុង​ការអាន​និង​រៀន ទោះ​ពួកគាត់​មាន​ឋាន​:​អ្វី​ក៏ដោយ​។ តាមរយ​:​សកម្មភាព​សង្គម​ឈ្មោះ Red Readerhood របស់ Big Bad Wolf Book Sale ពិព័រណ៍​សៀវភៅ​ឆ្នាំ 2020 នេះ នឹង​សហការ​ជាមួយ​អង្គការ​មួយ​នៅ​កម្ពុជា ហើយ​អំពាវនាវ អោយ​អ្នកចូលរួម ជួយឧបត្ថម្ភ​ជា​សៀវភៅ​នៅ​កន្លែង “Red Readershood” ដែលមាន​ទីតាំង​នៅក្បែរ​បញ្ជរ​គិត​ប្រាក់ នៃ​ពិព័រណ៍​សៀវភៅ​នោះ​។ ពិព័រណ៍​សៀវភៅ Big Bad Wolf Book Sale នឹងចូលរួម​គាំទ្រ គំនិត​ផ្ដួចផ្ដើម​នេះ​តាមរយៈ​ការបរិច្ចាគ​សៀវភៅ​ចំនួន 500 ក្បាល ទៅ​អង្គការ​នេះ​។

​អ្នកចូលរួម អាច​ទទួលបាន​ព័ត៌មាន​លំអិត និង​ទទួលបាន​អត្ថ​ប្រ​យោ​ជ​ន៏​បន្ថែមទៀត នៅ​ពិព័រណ៍​សៀវភៅ ដោយ​គ្រាន់តែ​ចុះឈ្មោះ​ដើម្បី​ក្លាយជា​សមាជិក​របស់ Big Bad Wolf នៅទីនេះ​៖ https://bigbadwolfbooks.com/ ៕