សម្តេច​តេ​ជោ ហ៊ុន សែន​៖ ​វា​ជា​រឿង​អកុសល​បំផុត ចំពោះ​ការលើក​ពី​បញ្ហា កែវ សុខ​ផេង មាន​ម្តាយ​ជា​ជនជាតិ​វៀតណាម​ ​នៅពេល​កម្ពុជា​ប្រកួត​ចាញ់​វៀតណាម​

980

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចាត់ទុក​ជា​រឿង​អកុសល​បំផុត ចំពោះ​ការលើក​ពី​បញ្ហា «​កែវ សុខ​ផេង មាន​ម្តាយ​ជា​ជនជាតិ​វៀតណាម នៅពេល​កម្ពុជា ប្រកួត​ចាញ់​វៀតណាម​» ក្នុង​ព្រឹត្តិការណ៍​កីឡា SEA Games 2019 លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន​កាលពី​រាត្រី​ថ្ងៃ​សៅរ៍ ទី​០៧ ខែធ្នូ​នៃ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានស្នើ​សុំ​ដល់​ប្រជាពលរដ្ឋ​មានការ​យោគយល់​ដល់​កីឡាករ កែវ សុខ​ផេង ព្រោះ​ការប្រកួត​តែងមាន​ចាញ់ និង​ឈ្នះ​។​

​ការ​ថ្លែង​បែបនេះ ត្រូវបាន​ធ្វើឡើង​នៅពេល​សម្តេច​អញ្ជើញ​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ CUS ប្រមាណ​ជិត ៧​នាក់​នា​ព្រឹក​ថ្ងៃ​ពុធ ទី​១១ ខែធ្នូ​នេះ ដោយ​សម្តេច​បាន​ថ្លែងថា «​វា​ជា​រឿង​អកុសល​បំផុត ចំពោះ​ការលើក​ពី​បញ្ហា កែវ សុខ​ផេង មាន​ម្តាយ​ជា​ជនជាតិ​វៀតណាម នៅពេល​កម្ពុជា​ប្រកួត​ចាញ់​វៀតណាម​។ ជាតិ​សាសន៍​ណាក៏ដោយ អត់​ត្រូវ​លាប​ពណ៌​ប្រជាពលរដ្ឋ​ខ្លួនឯង​នោះឡើយ​។ ការ​លាប​ពណ៌​នេះ គឺជា​វប្បធម៌​ដ៏​អាក្រក់​របស់​ក្រុមប្រឆាំង​ផ្កាប់មុខ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បន្ថែមថា ជាតិ​សាសន៍​ណាក៏ដោយ​អត់​ត្រូវ​លាប​ពណ៌​ប្រជាពលរដ្ឋ​ខ្លួនឯង​នោះឡើយ ការ​លាប​ពណ៌​នេះ គឺជា​វប្បធម៌​ដ៏​អាក្រក់​របស់​ក្រុមប្រឆាំង​ផ្កាប់មុខ​។ ក្រុមប្រឆាំង​នេះ​នៅពេល​ចង់​ផ្តួល​សម្តេច នរោត្តម សីហនុ ក៏​ចោទ​សម្តេច សីហនុ ប្រគល់​ដី​ឱ្យ​យួន ហើយ​នៅពេល​ចង់​ផ្តួល​សម្តេច ក៏​ចោទ​សម្តេច​ថា​កាត់​ដី​ឱ្យ​យួន​ទៀត​។​

​សម្តេច​តេ​ជោ​បាន​សង្កត់ធ្ងន់ថា ជាតិខ្មែរ​នឹងមិន​បាន​សុខ​នោះឡើយ បើ​ធ្វើ​នយោបាយ​ចោទ​គ្នា «​ជា​អាយ៉ង​ចិន វៀតណាម អាមេរិក ឬ​បារាំង​»​។​

​បន្ថែម​លើ​នេះ សម្តេច​តេ​ជោ​បាន​សរសើរ​ចំពោះ​ទម្រង់​លេង​បាល់ទាត់​របស់​កម្ពុជា ជា​ទម្រង់​ដ៏​ល្អ​។ សមត្ថភាព​កីឡា​របស់​កម្ពុជា​នឹង​កាន់តែ​ប្រសើរ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម​នា​ឆ្នាំ​២០២១ ហើយ​សម្តេច​បាន​សង្ឃឹម​ថា ចលនា​កីឡា​នេះ នឹង​ក្លាយទៅជា​ចលនា​ជាតិ​មួយ​ដ៏​ធំ​ផងដែរ​។​

​សូម​រំលឹក​ផង​ថា កីឡាករ​ខ្សែប្រយុទ្ធ​ជូរ​មុខ កែវ សុខ​ផេង បានទទួល​រង​រលក​រិះគន់​យ៉ាង​សន្ធាប់ នៅពេល​រូបគេ​ភ្នា​ត់​ស្នៀត​ទាត់​បាល់​ប៉េ​ណា​ល់​ទី​អត់​ចូល​នៅ​ចុង​ម៉ោង​នាទី ៩០+២ ក្នុង​ប្រកួត U22 កម្ពុជា​ចាញ់ U22 វៀតណាម ក្នុង​លទ្ធផល ៤-០ កាលពី​រាត្រី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​នៃ​វគ្គ ៤​ក្រុម​ចុងក្រោយ​នៅ SEA Games 2019 ដែលមាន​ហ្វីលីពីន​ធ្វើ​ម្ចាស់ផ្ទះ​៕