ក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក បានសម្រេចដាក់ទណ្ឌកម្មហិរញ្ញវត្ថុ និងរឹតត្បិតទិដ្ឋាការលោក ទ្រី ភាព និងអតីតអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ លោក គន់ គីម ព្រមទាំងសមាជិកគ្រួសារលោក ៣ រូប និងក្រុមហ៊ុនរបស់ពួកគេចំនួន ១៦ ទៀត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងរតនាគារសហរដ្ឋអាមេរិក ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ។
ការសម្រេចនេះ ធ្វើឡើងក្រោមការអនុវត្តច្បាប់ Global Magnitsky ដោយអាមេរិក សំអាងថាបានរកឃើញ មនុស្សស្និទ្ធនឹងសម្ដេច ហ៊ុន សែន ទាំងពីររូបនេះ បានរួមចំណែកយ៉ាងច្រើន ក្នុងការប្រព្រឹត្តអំពើពុករលួយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាតិ និងរំលោភសិទ្ធិមនុស្សផងដែរ។
លោក ទ្រី ភាព បច្ចុប្បន្នជាមហាសេដ្ឋី ដែលល្បីល្បាញក្នុងជំនួញរកស៊ីឈើនៅកម្ពុជា ព្រមទាំងមានក្រុមហ៊ុនចំនួន ១១ ត្រូវបានដាក់បញ្ចូលក្នុងទណ្ឌកម្មនេះ។
ចំណែក លោក គន់ គីម បច្ចុប្បន្នជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ហើយលោកក៏ជាអតីតអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ រួមទាំងសមាជិកគ្រួសារលោក៣ រូបទៀត រួមមានឈ្មោះ គីង ចាន់ឌី ឈ្មោះ គីម សុផារី និង គីម ផារ៉ា ព្រមទាំងក្រុមហ៊ុនចំនួន៥ ក៏ត្រូវបានដាក់បញ្ចូលក្នុងទណ្ឌកម្មរបស់អាមេរិកនេះផងដែរ។
សហរដ្ឋអាមេរិក បានរកឃើញថា លោក ទ្រី ភាព មានជាប់ពាក់ព័ន្ធចំពោះសកម្មភាពពុករលួយដែលប្រព្រឹត្តដោយផ្ទាល់ និងដោយមិនផ្ទាល់ ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋមិនត្រឹមត្រូវ រឹបអូសទ្រព្យសម្បត្តិឯកជនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ បន្ថែមពីនេះទៅទៀតនោះ លោក ទ្រី ភាព បានប្រើបណ្តាញធំៗរបស់លោកក្នុងជួររដ្ឋាភិបាល និងយោធា ដើម្បីការពារជំនួញរកស៊ីឈើខុសច្បាប់របស់ខ្លួន ហើយឈើខុសច្បាប់ទាំងនោះ ត្រូវបាននាំចេញទៅលក់នៅប្រទេសវៀតណាម ចិន សហគមន៍អឺរ៉ុប និងរុស្ស៊ី ជាដើម។
សេចក្តីប្រកាសព័ត៌មាន នេះបានបន្តទៀតថា លោក គន់ គីម និងគ្រួសារវិញ សហរដ្ឋអាមេរិក ឱ្យដឹងថា ក្រៅពីកេងប្រវ័ញ្ចទ្រព្យសម្បត្តិជាតិ ប្រព្រឹត្តអំពើពុករលួយ អតីតនាយឧត្តមសេនីយ៍ជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទរូបនេះ ក៏ជាអ្នកជួយជ្រោមជ្រែងក្នុងការអភិវឌ្ឍនៅខេត្តកោះកុង ព្រមទាំងបានទទួលប្រយោជន៍ហិរញ្ញវត្ថុយ៉ាងច្រើនពីទំនាក់ទំនងរបស់លោកជាមួយចិនទៀតផង។
អាមេរិកក៏បានរកឃើញថា លោក គន់ គីម បានប្រើកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ដើម្បីបំភិតបំភ័យ រុះរើ និងរឹបអូសយកដីពីពលរដ្ឋតំបន់នោះ ប្រគល់ទៅឱ្យក្រុមហ៊ុនចិន ប៉ុន្តែ ក្រោយមក លោកក៏ត្រូវបានដកចេញពីតំណែងយោធាជាន់ខ្ពស់មួយនេះ ដោយសារតែមិនបានចែកផលលាភ ទៅមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលផ្សេងទៀត។
សូមបញ្ជាក់ថា ច្បាប់ Global Magnitsky Act ត្រូវបានបង្កើតឡើងក្នុងអាណត្តិរបស់លោកប្រធានធិបតី បារ៉ាក់ អូបាម៉ា។ ការហៅឈ្មោះនេះ យោងតាមឈ្មោះសវនករជនជាតិរុស្ស៊ីម្នាក់ លោក Sergei Magnitsky ដែលបានស្លាប់នៅក្នុងពន្ធនាគារក្នុងទីក្រុងមូស្គូ កាលពីឆ្នាំ២០០៩ បន្ទាប់ពីលោកត្រូវបានអាជ្ញាធររុស្ស៊ីចាប់ដាក់ឃុំ ក្រោយពីលោកបានបើកការស៊ើបអង្កេតទ្រង់ទ្រាយធំទៅលើអំពើពុករលួយកិបកេងពន្ធទំហំទឹកប្រាក់ ២៣០លានដុល្លារពីសំណាក់ក្រុមមន្ត្រីពន្ធដាររុស្ស៊ី៕